ព័ត៌មានទាន់ហេតុការណ៍៖

ដោយសារភ្លើងប្រច័ណ្ឌ ប្តីវាយប្រពន្ធមិនឈប់ ត្រូវនគរបាលចាប់វាយខ្នោះ

ចែករំលែក៖

ខេត្តកណ្តាល៖ ប្តីកំណាចវាយប្រពន្ធមិនចេះឈប់ ដោយសារភ្លើងប្រច័ណ្ឌ ត្រូវបាននគរបាលស្រុកខ្សាច់កណ្តាលឃាត់ខ្លួនតែម្តង ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃពុធ ២កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១៧និង៣០នាទី ចំណុចភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ផល សុខេង ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ចុងភៅភោជនីយដ្ឋាន មានទីលំនៅភូមិ ឃុំកើតហេតុ (របួសពកក្បាល ជាំថ្ពាល់ខាងស្តាំ និងជាំភ្នែកខាងស្តាំ) ជាប្រពន្ធ ។ រីឯជនសង្ស័យជាប្តី ឈ្មោះ ជៀម គឹមជា អាយុ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិ ឃុំ កើតហេតុ (ឃាត់ខ្លួន) ។

នគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា កន្លងមកជនសង្ស័យធ្លាប់ប្រព្រឹត្តអំពើហិង្សាលើប្រពន្ធជាច្រើនលើកមកហើយ និងធ្លាប់ធ្វើកិច្ចសន្យាអប់រំនៅប៉ុស្តិ៍ចំនួន១លើក ។ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១៧និង៣០ នាទី ជនរងគ្រោះជាប្រពន្ធត្រឡប់មកពីធ្វើការនៅភោជនីយដ្ឋានចំការស្នេហ៍ មកដល់ផ្ទះវិញ ពេលនោះជនសង្ស័យជាប្តីបានស្តីបន្ទោសថា ង៉ែងទៅធ្វើការនៅចំការស្នេហ៍សំខាន់ជាងកូនឬ? ជនរងគ្រោះឆ្លើយថា គ្មានអ្វីពាក់ពន្ធ័ជាមួយអ្នកឯងទេ ភ្លាមនោះ ជនសង្ស័យបានស្ទុះទៅវាយជនរងគ្រោះចំនួន ០២ ដៃ ត្រូវចំមុខបណ្តាលឲ្យមានរបួសហើមជាំ រួចជនសង្ស័យបានធាក់ជនរងគ្រោះចំនួន ០២ ជើង ត្រូវចំពោះ បន្ទាប់មកជនសង្ស័យបានស្ទុះទៅយកកាំបិតខ្វែវវាយក្បាលជនរងគ្រោះចំនួន ០១ ខ្នងកាំបិតខ្វែវ បណ្តាលឲ្យមានរបួសហើមពក ០១ កន្លែង ភ្លាមនោះជនរងគ្រោះបានរត់ឡើងជិះម៉ូតូគេច មកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះឧកញ៉ាតី កម្លាំងនគរបាលប៉ុស្តិ៍ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនមក អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី ៕ ឆ ដា


ចែករំលែក៖