ព័ត៌មានទាន់ហេតុការណ៍៖

ដំរីព្រៃឆ្លងដែនពីប្រទេសថៃចូលមកទឹកដីកម្ពុជា ក្នុងស្រុកម៉ាឡៃ ជាដំរីកាច ជាន់មនុស្សស្លាប់៤នាក់នៅក្នុងប្រទេសថៃ បានបង្កឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ដំរីព្រៃមួយក្បាលដ៏ធំមួយដែលឆ្លងដែនពីប្រទេសថៃចូលមកទឹកដីកម្ពុជា ហើយកំពុងលាក់ខ្លួនក្នុងព្រៃក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បើតាមសមត្ថកិច្ចថៃប្រាប់សមត្ថកិច្ចកម្ពុជាឲ្យដឹងថា ជាដំរីកាច ជាន់មនុស្ស៤នាក់ស្លាប់នៅក្នុងប្រទេសថៃ ហើយដំរី ព្រៃនេះ បាន និងកំពុងបង្កឲ្យប្រជាពលរដ្ឋនៅស្រុកម៉ាឡៃ មានការភ័យខ្លាច គ្រាដែលមានសេចក្តី រាយការណ៍ឲ្យដឹងថាដំរីព្រៃនោះបានជាន់របងផ្ទះប្រជាពលរដ្ឋធ្វើអំពីដែករងការខូចខាតរាបដល់ដីប្រវែង៤ទៅ៥ម៉ែត្រ  និងជាន់ចំការចេករបស់អ្នកភូមិអស់ចំនួនជាង៤០ម៉ែត្រនោះហើយ ។
ប៉ុន្តែដំរីនោះរហូតមកដល់ ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨​  សេចក្តីរាយការណ៍ឲ្យដឹងថាមិនទាន់បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនៅឡើយនោះទេ  ។
ដំរីព្រៃមួយក្បាលនោះអាច និងកំពុសម្ងំនៅក្នុងព្រៃចំការនៅក្នុងភូមិសាស្រ្តឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោក ឃុន សារ៉ុម នាយករងតំបន់ការពារជម្រកសត្វព្រៃរនាមដូនសំ ស្រុកម៉ាឡៃប្រាប់ឲ្យដឹងថា ដំរីព្រៃនោះបានធ្វើដំណើរចេញពីភ្នំយាយសំប្រហែល២០គីឡូម៉ែត្រ  និងបានបាត់ដាននោះហើយ ប៉ុន្តែលោកសន្និដ្ឋានថាដំរីនេះបាន និងលាក់ខ្លួនក្នុងព្រៃចំការនៅក្នុងភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ នៅឡើយនោះទេ ។
លោកប្រាប់ឲ្យដឹងទៀតថា ដំរីនោះជាដំរីកាច គ្មានប្រជាជនហ៊ានទៅក្បែរនោះទេ ក្រុមការងាររបស់លោក ក៏ដូចជាអាជ្ញាធរមូលដ្ឋានបានធ្វើការផ្សព្វផ្សាយប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នកុំនៅក្បែរដំរីមួយក្បាលនោះ ។  បញ្ហានេះ លោកបានរាយការណ៍ទៅថ្នាក់លើរួចហើយ ប៉ុន្តែមិនទាន់ដឹងថាតើថ្នាក់លើមានវិធានការរឺវិធីសាស្រ្តបែបណាដើម្បីគ្រប់គងរដំរីនោះបាន ។
លោកបញ្ជាក់ឲ្យដឹងទៀតថា កាលពីថ្ងៃម្សិលមិញក្រោយដឹងថាដំរីព្រៃមួយក្បាលនោះបានឆ្លងដែនចូលទឹកដីកម្ពុជាមន្រ្តីជំនាញ  និងសមត្ថកិច្ចថៃ បានចូលមកទឹកដីកម្ពុជា ហើយប្រាប់សមត្ថកិច្ច និងអាជ្ញាធរកម្ពុជា ថាសូមអប់រំប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នពីព្រោះដំរីព្រៃនោះ ជាដំរីព្រៃកាច បានជាន់មនុស្សស្លាប់នៅក្នុងដីថៃ ។
សូមរំលឹកថាថាកាលពីវេលាម៉ោង ៩ យប់ថ្ងៃទី ១០ខែមករាឆ្នាំ២០១៨ត្រង់ចំណុចភូមិអូរល្វា ឃុំជ្រៃសីមាស្រុកសំពៅលូនខេត្តបាត់ដំបងមានប្រជាពលរដ្ឋមួយចំនួនបានឃើញសត្វដំរីព្រៃដ៏ធំមួយក្បាលនេះបានធ្វើដំណើរឆ្លងអូរព្រំដែនចូលមកក្នុងទឹកដីកម្ពុជា ។
យោងតាមប្រភពព័ត៌មានពីប្រទេសថៃឲ្យដឹងថាសត្វដំរីមួយក្បាលនេះគឺបានដើរចេញពីតំបន់អភិរក្សសត្វព្រៃក្នុងខេត្តឆាក់់ឈើងសៅប្រទេសថៃដោយបានធ្វើដំណើរមកដល់នៅក្នុងភូមិសាស្ត្រស្រុកអារញ្ញខេត្តស្រះកែវដែលមានចំងាយពីខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ ប្រមាណ១គីឡូម៉ែត្រប៉ុណ្ណោះ ។
នៅពេលនោះដែរក្រុមអភិរក្សសត្វព្រៃ និងសមត្ថកិច្ចថៃបានធ្វើការទប់ស្កាត់ដំរីនោះមិនឲ្យចូលទឹកដីកម្ពុជានោះដែរ ប៉ុន្តែមិនងាចទប់ស្កាត់បាននោះទេ គ្មានអ្នកណាហ៊ានចូលក្បែរសត្វដំរីនោះឡើយ ដំរីនោះក៏បានឆ្លងដែនចូលទឹកដីកម្ពុជា ក្នុងភូមិសាស្រ្តស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយសត្វដំរីនោះបានធ្វើដំណើរ មកដល់ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យនោះហើយ៕ សំ វិច្ឆិកា

ចែករំលែក៖