ព័ត៌មានទាន់ហេតុការណ៍៖

ឋានសួគ៌បូកគោវិលត្រឡប់មករកភាពដើមវិញដោយគ្មានអ្នកទទួលខុស

ចែករំលែក៖

ភ្នំពេញ៖ បញ្ហាបាតុភាពការប្តូរស្លាកពី«រមណីដ្ឋានឋានសួគ៌បូកគោ» មកជា «រមណីយដ្ឋាន សុខា ឋានសួគ៌» នោះដោយខុសច្បាប់គ្មានការដោះស្រាយបានបង្ហាញពីភាពយឺតយ៉ាវរបស់ថ្នាក់ដឹកនាំខេត្ត ពោល គឺអភិបាលខេត្តកំពតតែម្តងរហូតដល់ សម្តេចតេជោ ហ៊ុន សែន ចេញមុខបញ្ជា ឲ្យដោះស្រាយ ។

បើទោះជារឿងនេះធ្វើឲ្យមានការចាប់អារម្មណ៍ពីបណ្តាប្រជាពលរដ្ឋ ពិសេសមតិប្រជាពលរដ្ឋតាមបណ្តាញសង្គមហ្វេសប៊ុកក្នុងរយៈពេល២-៣ថ្ងៃមកនេះតែការដោះស្រាយពីខេត្តសាមីទុករហូតមកដល់សម្តេចតេជោ ហ៊ុន សែន ជាអ្នកមានវិធានការដោះ ស្រាយទៅវិញ ខណៈខេត្តសាមីមិនបានយកចិត្តទុកដាក់ ពិសេសអភិបាលខេត្ត កំពតលោក ចាន់ ចេស្តា ដែលមិនបាន យកចិត្តទុកដាក់ តើជាភាពយឺតយ៉ាវរបស់ ខេត្ត ឬមានអ្វីជាអាថ៌កំបាំងលើសពីនេះ?

ប្រជាពលរដ្ឋបានបញ្ចេញមតិថា ការ ផ្លាស់ប្តូរស្លាកសញ្ញានិងឈ្មោះ«រមណីយដ្ឋានឋានសួគ៌បូកគោ»នេះមិនអាចធ្វើឡើងដោយភាគីម្នាក់បានឡើង ក្នុងនោះមានភាគីពាក់ព័ន្ធមួយចំនួនដូចជា ក្រសួងទេស ចរណ៍ជាចំណែកមួយ មន្រ្តីគ្រប់គ្រង និង មើលការខុសត្រូវលើរមណីយដ្ឋានឋាន សួគ៌បូកគោក៏ជាចំណែកមួយ។ រីឯអភិបាល ខេត្តកំពតលោក ចាន់ ចេស្តា ជាអ្នកត្រូវ ទទួលបន្ទុកធ្ងន់ជាងគេលើករណីនេះដែល បណ្តែតបណ្តោយឲ្យមានការផ្លាស់ប្តូរឈ្មោះ និង ស្លាកសញ្ញា «រមណីយដ្ឋាន ឋានសួគ៌ បូកគោ» ដោយខុសច្បាប់យ៉ាងយូរតែមិនព្រមអើពើនិងមានវិធានការតាមផ្លូវច្បាប់សោះ ។

ប្រជាពលរដ្ឋបានលើកឡើងថា ករណី នេះត្រូវស្វែងរកមុខជនល្មើសឲ្យមកទទួលសុខត្រូវចំពោះមុនច្បាប់ឲ្យបានជាដាច់ខាត ព្រោះវាពាក់ព័ន្ធនឹងចេតនារំលាយវប្ប ធម៌របស់ខ្មែរមួយផ្នែកចោលទាំងស្រុងពី សំណាក់មន្រ្តីពុករលួយជាមួយនឹងឈ្មួញ ទុច្ចរិតទាំងនោះ ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ឬរមណីយ ដ្ឋានឋានសួត៌បូកគោជាទីតាំងប្រវត្តិសាស្រ្ត វប្បធម៌ខ្មែរសម័យអង្គព្រះមហាក្សត្រ ព្រះ បាទ ស៊ីសុវត្ថិ មុនីវង្ស និងក៏ជាកន្លែងដែល ព្រះអង្គប្រឈួនរហូតសោយទិវង្គតនាព្រះរាជដំណាក់នៅទីនោះដែរ។ ដូច្នេះទាំង ឧទ្យានជាតិ ទាំងរមណីយដ្ឋានបូកគោនេះ មានភាពល្បីល្បាញយូរណាស់មកហើយ គឺតាំងពីសម័យសង្គមរាស្រ្តនិយមវាមិនមែនទើបតែល្បី និងការវិនិយោគរបស់ក្រុមហ៊ុនបច្ចុប្បន្នមួយនេះទេ ។

ប្រជាពលរដ្ឋបានបន្តថា តើឧទ្យានជាតិ ជាអ្វី? តើខាងខេត្តបានដឹងពីការផ្លាស់ប្តូរឈ្មោះសញ្ញានេះដែរឬទេ? តើក្រសួងទេស ចរណ៍បានទទួលដំណឹងពីការប្ដូរឈ្មោះ រមណីយដ្ឋានមួយដែលស្ថិតក្នុងដែនឧទ្យានជាតិព្រះមុនីវង្សបូកគោឬទេ?

លោក ចាន់ ចេស្តា អភិបាលខេត្តកំពតមិនអាចសុំការបកស្រាយបានទេ ព្រោះទូរ ស័ព្ទគ្មានអ្នកទទួល។ យ៉ាងណាក្រោយ បញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ពេលនេះអាជ្ញាធរខេត្តបាននិងកំពុងចុះរុះដល់ ទីតាំងនៃការប្តូរឈ្មោះ «រមណីយដ្ឋានឋាន សួគ៌បូកគោ» ខាងលើនេះ។ ប្រជាពលរដ្ឋ ជាច្រើនបានគាំទ្រទៅនឹងបញ្ជាដាច់ខាត របស់សម្តេចតេជោដែលបានដាក់កំហិតទៅអាជ្ញាធរខេត្តកំពត ពិសេសអភិបាលខេត្ត ឲ្យដកឈ្មោះ «សុខា ឋានសួគ៌» ឲ្យបានមុន ម៉ោង១១ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ។

ជាមួយនឹងបញ្ជានេះប្រជាពលរដ្ឋខ្មែរជាច្រើន ជាពិសេសតាមបណ្តាញសង្គម ហ្វេសប៊ុកបានគាំទ្រជាមួយនឹងពាក្យថា «ខ្ញុំបានបញ្ជាឲ្យអភិបាលខេត្តកំពតទៅ ដកហូតចេញនូវស្លាកសញ្ញាអត់ច្បាប់ចេញឲ្យបានមុនម៉ោង១១ថ្ងៃនេះ(ថ្ងៃទី២៣ ខែ កញ្ញា» ។

ប្រជាពលរដ្ឋបានថ្លែងអំណរគុណ ចំពោះសម្ដេចតេជោដែលបានឲ្យរក្សាឈ្មោះ រមណីយដ្ឋានភ្នំបូកគោនៅដដែលនិងជូនពរសម្ដេចតេជោមានសុខភាពល្អ បរិបូរណ៌ អាយុយឺនយូរដើម្បីបន្តដឹកនាំនាវាកម្ពុជា រក្សាបានសុខសន្តិភាព និងការអភិវឌ្ឍ ។

ជាមួយនឹងសកម្មភាពនេះប្រជាពលរដ្ឋម្នាក់បានស្នើដូច្នេះថា «សម្តេចតេជោ! អភិ បាលខេត្តបិទភ្នែកធ្វើការគួរដកចោលចេញទេ? ជូនពរសម្តេចសុខភាពបរិបូណ៌ កម្លាំង មាំមួន ត្រជាក់ត្រជំកូនចៅ» ។

តំបន់រមណីយដ្ឋានភ្នំបូកគោត្រូវបានក្រុមហ៊ុនសុខាសម្រេចផ្លាស់ប្តូរឈ្មោះពី «រមណីយដ្ឋានឋានសួគ៌បូកគោ» ទៅជា «រមណីយដ្ឋានសុខាឋានសួគ៌»ចាប់តាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧មកម្លេ៉ះ។ នេះបើតាមការជូនដំណឹងរបស់ក្រុមហ៊ុន ហើយ អាជ្ញាធរខេត្តកំពតហាក់ដូចជាមិនដឹង។ ប៉ុន្តែក្នុងសេចក្តីជូនដំណឹងនោះក្រុមហ៊ុន មិនបានបង្ហាញពីមូលហេតុនៃការផ្លាស់ប្តូរឈ្មោះនេះឡើយ ។

បន្ទាប់ពីបានដូរឈ្មោះរមណីយដ្ឋាន ប្រវត្តិសាស្រ្តនេះអ្នកលេងហ្វេសបុ៊កចាប់ផ្ដើមរិះគន់ខ្លាំងៗដោយអ្នកខ្លះបានប្ដូរប្រូហ្វាល (Profile) ហ្វេសបុ៊កហើយបាន សរសេររៀបរាប់ថា «ឱ! ភ្នំបូកគោកំពុងស្រែកថ្ងូរព្រោះប្ដូរឈ្មោះថ្មីអ្នកអំណាចគេជាសេដ្ឋី ប្ដូរឈ្មោះអ្នកថ្មី សុខា ឋានសួគ៌ បូកគោកម្សត់ ពេលនេះអ្នកព្រាត់ព្រោះតែ ដុល្លារយើងរាស្ត្រតូចតាចបានត្រឹមសោកា ស្រក់ទឹកនេត្រាអាណិតរូបអ្នក(បូកគោ)»។

នៅវេលាម៉ោង៩និង៣០ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ស្លាកឈ្មោះថ្មីរបស់ រមណីយដ្ឋានឋានសួគ៌បូកគោដែលដាក់ ថា «រមណីយដ្ឋាន សុខា ឋានសួគ៌» នោះ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធដកចោលទាំងស្រុងហើយ ខណៈដែលសម្តេច តេជោបានបញ្ជាឱ្យប្រើប្រាស់ឈ្មោះដើមវិញ ដោយសារតែតំបន់ភ្នំនេះជាតំបន់ប្រវត្តិ សាស្រ្ត។ ក្រោយពីមានប្រតិកម្មពីប្រមុខ រាជរដ្ឋាភិបាលឈ្មោះឋានសួគ៌បូកគោត្រូវបានផ្លាស់ប្តូរមកវិញមានទាំងនៅលើហ្វេសប៊ុកផងដែរ ។

ការចុះទៅធ្វើប្រតិបត្តិការដកស្លាកឈ្មោះ ថ្មីរបស់រមណីយដ្ឋានឋានសួគ៌បូកគោនេះ បានធ្វើឡើងបន្ទាប់ពីមានបញ្ជាពីប្រមុខ រាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ដែលបង្គាប់ឱ្យអភិបាលខេត្តកំពត ទៅដកស្លាកថ្មីរបស់រមណីយដ្ឋានឋានសួគ៌បូកគោដែលដាក់ថា «រមណីយដ្ឋានសុខា ឋានសួគ៌» នោះជាបន្ទាន់ក្រោយពីមាន ប្រតិកម្មយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ។

សម្តេចតេជោបានបញ្ជាក់នៅលើហ្វេសប៊ុករបស់សម្តេចយ៉ាងដូច្នេះថា «សូមអរ គុណបងប្អូនជនរួមជាតិដែលបានឲ្យខ្ញុំដឹងពីការដូរឈ្មោះរមណីយដ្ឋានភ្នំបូកគោទៅជាឈ្មោះផ្សេងដែលរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានដឹងនិងមិនបានអនុញ្ញាត។ ខ្ញុំបានបញ្ជាឲ្យអភិបាលខេត្ត កំពតទៅដកហូតចេញស្លាកសញ្ញាអត់ច្បាប់ចេញឲ្យបានមុនម៉ោង១១ថ្ងៃនេះ។ តំបន់ប្រវត្តិសាស្ត្រត្រូវតែរក្សាឈ្មោះដើមជាដាច់ខាត» ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧នោះដែរក្រសួងបរិស្ថានបាន ចេញសេចក្តីបំភ្លឺមួយដោយបញ្ជាក់ប្រាប់សាធារណជនថា ឈ្មោះប្រវត្តិសាស្រ្ត រមណីយដ្ឋានភ្នំបូកគោមិនត្រូវបានផ្លាស់ ប្តូរឡើយ ។

សេចក្តីបំភ្លឺនេះជាការបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការរក្សាឈ្មោះទីតាំងប្រវត្តិសាស្រ្តរបស់រមណីយដ្ឋានភ្នំបូកគោក៏ដូចជាឈ្មោះទីតាំងប្រវត្តិសាស្រ្តរបស់រមណីយដ្ឋានដទៃទៀតនៅ ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ។

ក្រសួងបរិស្ថានបានបញ្ជាក់ថា «រមណីយ ដ្ឋានភ្នំបូកគោដែលមានទីតាំងស្ថិតនៅក្នុង ឧទ្យានជាតិព្រះមុនីវង្សបូកគោនៅតែរក្សាឈ្មោះប្រវត្តិសាស្រ្តរបស់ខ្លួនដដែលដោយមិនមានការផ្លាស់ប្តូរទៅឈ្មោះផ្សេងឡើយ។ ឧទ្យានជាតិព្រះមុនីវង្សបូកគោដែលស្ថិតនៅភូមិសាស្រ្តខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺមានផ្ទៃក្រឡាសរុបចំនួន១៥៤.៤៥៨ហិកតាត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ហើយក្រសួងបរិស្ថានមានតួនាទីគ្រប់គ្រង ការពារ និងអភិរក្សធនធាន ធម្មជាតិ និងជីវចម្រុះនៅក្នុងឧទ្យាជាតិនេះ ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខ» ។

តាមរយៈសេចក្តីបំភ្លឺនេះក្រសួងបរិស្ថានជឿជាក់ថា សាធារណជនទាងអស់នឹងបាន ជ្រួតជ្រាបអំពីគោលជំហរយ៉ាងម៉ឹងម៉ាត់ របស់រាជរដ្ឋាភិបាលក្នុងការរក្សាឈ្មោះទីតាំងប្រវត្តិសាស្រ្តរបស់រមណីយដ្ឋានភ្នំបូកគោក៏ដូចជាឈ្មោះទីតាំងប្រវត្តិសាស្រ្ត របស់រមណីយដ្ឋានដទៃទៀតក្នុងប្រទេសកម្ពុជា ។

សូមបញ្ជាក់ថា តំបន់រមណីយដ្ឋានភ្នំ បូកគោដែលជាតំបន់ប្រវត្តិសាស្រ្តត្រូវបានក្រុមហ៊ុនសុខាដែលវិនិយោគលើភ្នំនេះ សម្រេចផ្លាស់ប្តូរឈ្មោះពី «រមណីយដ្ឋាន ឋានសួគ៌បូកគោ»ទៅជា «រមណីយដ្ឋាន សុខាឋានសួគ៌»ចាប់តាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ខណៈដែលរាជរដ្ឋាភិបាល កម្ពុជា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិន បានដឹងនិងមិនបានអនុញ្ញាតនៅឡើយ ។

រមណីយដ្ឋានឋានសួគ៌បូកគោមានកម្ពស់ ១.០៧៥ម៉ែត្រស្ថិតនៅចម្ងាយ៤២គីឡូម៉ែត្រ ពីទីរួមខេត្តកំពត និងមានចម្ងាយជិត២០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ រមណីយ ដ្ឋានភ្នំបូកគោត្រូវបានរកឃើញដោយជនជាតិបារាំងមួយឈ្មោះថា រូលួស ហើយត្រូវ បានរៀបចំឡើងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ នៅ ក្នុងសម័យសង្គមរាស្ត្រនិយមមានសំណង់អគារសាធារណៈជាច្រើនប្រៀបដូចជាទីក្រុងមួយដែរ ។

រមណីយដ្ឋានភ្នំបូកគោជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញ និងល្បាញ ល្បីនៅក្នុងប្រទេសកម្ពុជាលើទឹកដីនៃខេត្តកំពត។ រមណីយដ្ឋានដែលមានកម្ពស់កប់ពពកមួយនេះមានកន្លែងសម្រាប់កម្សាន្ត និងលំហែកាយជាច្រើនដូចជាទឹកជ្រោះ ពពកវិល, ថ្មមុខយក្ស ឬអ្នកថែរក្សាព្រៃ, បឹងលើភ្នំ, វត្តសំពៅប្រាំ, ព្រះវិហារកាតូលិក ចាស់, ឡឺ បូកគោ ផាលេស (សណ្ឋាគារ ចាស់), ដំណាក់ស្លាខ្មៅ, ដំណាក់ព្រះបាទ មុនីវង្ស ឬដំណាក់ស្តេច, វាលស្រែ៥០០ និងកន្លែងសមាធិជាដើម ៕ ហេង សូរិយា


ចែករំលែក៖