ព័ត៌មានទាន់ហេតុការណ៍៖

ឌុច លីដា ផ្ទុះជម្លោះនឹងថៅកែកុន

ចែករំលែក៖

ភ្នំពេញ៖ ឌុច លីដា បានបង្ហាញសារអាក់អន់ស្រពន់ចិត្តចំពោះផលិតករម្នាក់ដែល មិនបានបើកលុយឲ្យនាងដូចបានសន្យា ។ សារនោះបានបង្កើតរឿងរ៉ាវជាហូរហែ ហើយនាំឲ្យផលិតករមួយចំនួនលើកឡើងពីចំណុចមិនល្អរបស់តារារូបស្រីរូបនេះថា ជាតារាពិបាកធ្វើការជាមួយមិនគោរពម៉ោងពេលជាដើម ។

តារាសម្តែងស្រីតូចច្រឡឹង ឌុច លីដា ស្រាប់តែបង្ហោះលើគណនីយហ្វេសបុ៊កផ្ទាល់ខ្លួន ជុំវិញករណីរឿងផលិតករក្រឡិចក្រឡុច និងគេចវេះមិនព្រមបើកលុយថ្លៃសម្ដែងឲ្យនាង ។ ទោះមិនបញ្ចេញអត្តសញ្ញាណប៉ុន្តែផលិតកររូបនោះត្រូវបានគេលើកឡើងថា គឺជាលោក គាំ ចន្ធី ថៅកែផលិតកម្ម FCI ។

អ្នកដឹកនាំសម្តែង លោក គាំ ចន្ធី បានចេញមុខមកប្រកាសតែម្ដងថា ផលិតករដែល ឌុច លីដា បង្ហោះបង្ខូចឈ្មោះ ដោយមិនបញ្ជាក់អត្តសញ្ញាណនោះ គឺជារូបលោក ដោយសារតែមុនការបង្ហោះរបស់នាងប៉ុន្មានម៉ោង គឺនាង និងលោក បានផ្ទុះសម្ដីដាក់គ្នាធ្ងន់ៗ។ លោកប្រកាសថា មិនខ្វះលុយត្រឹម៥០ភាគរយបើកឲ្យនាងនោះទេ បើនាងពិតជាបានបំពេញការងារច្បាស់លាស់ជាមួយនឹងផលិតកម្ម FCI របស់លោក ក្នុងនោះលោក ប្រកាសដាក់ពាក្យបណ្ដឹងបន្ថែមពីលើការបកអាក្រាតទៀតផង ប្រសិនបើនាងឈប់ ថតរឿងឲ្យលោកក្រោយផ្ទុះរឿងចម្រូងចម្រាស់នេះ។លោក គាំ ចន្ធី និយាយថា ឌុច លីដា បានចុះកុងត្រាថតរឿងភាគឲ្យលោក ក្រោមចំណងជើងថា «ទូកបាត់ច្រវ៉ា» ដោយក្នុងពេលកុងត្រា នាងបានសន្យាឲ្យថ្ងៃថតលើសពីមួយថ្ងៃក្នុងមួយសប្ដាហ៍ ប៉ុន្តែភាគតិច ដែលនាងគោរពពាក្យសន្យា នៅពេលថ្ងៃខ្លះ នាងមកយឺតយ៉ាវដល់ទៅមួយព្រឹកៗធ្វើឲ្យលោកខាតបង់។ លោកថា ឌុច លីដា បានសន្យាជាមួយលោកក្នុងអំឡុងខែ៦ នាងឲ្យមួយសប្ដាហ៍មួយថ្ងៃ ខែ៧ឲ្យ២ថ្ងៃ និងអំឡុងខែ៨ នាងឲ្យមួយសប្ដាហ៍៣ថ្ងៃ ប៉ុន្តែតិចណាស់ ដែលនាងឲ្យមួយសប្ដាហ៍៣ថ្ងៃ តាមការព្រមព្រៀង។

ឌុច លីដាមិនបានបញ្ជាក់វែងឆ្ងាយទេនាងគ្រាន់តែលើកឡើងថា នាងទទួលស្គាល់ថា ខ្លួនពិតជាមានកំហុសខ្លះ ចំពោះភាពយឺតយ៉ាវក្នុងការបំពេញការងារ ដោយសារមូលហេតុមានបេសកម្មបន្ទាន់ ឬក៏ឈឺ មិនមែនទៅថតឲ្យអ្នកណាផ្សេងនោះទេ ។ «តែផលិតករក៏គួរមើលពីកំហុសខ្លួនឯងដែលមិនគោរពពាក្យសន្យា ហើយបែរជាមកនិយាយជាពាក្យដោះសារធ្វើដូចខ្លួនល្អណាស់ទៅវិញ ។

លោក គាំចន្ធីបញ្ជាក់ថា ការដែលនាងសម្ដែងជាតួក្នុងរឿង «ទូកបាត់ច្រវ៉ា» លោកមានសម្ពាធយ៉ាងខ្លាំង ដោយសារតែនាងជាអ្នកធ្វើឲ្យយឺតយ៉ាវ ចំពោះការផលិតរបស់លោក ខណៈដែលរឿង «ទូកបាត់ច្រវ៉ា» ត្រូវដាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ PNN តាំងពីថ្ងៃទី១៦ ខែ៩ ប៉ុន្តែរហូតមកដល់ពេលនេះនៅថតមិនទាន់ចប់ ដោយសារតែ ឌុច លីដា ឲ្យថ្ងៃតិចពេក ហើយក្នុងពេលមកថតម្ដងៗក៏សុំសម្រាក ព្រោះតែជាប់ស្រវឹងពីយប់ និងជួនកាល គឺណាត់ម៉ោង៦ព្រឹក មកថតម៉ោង៨ និងម៉ោង១០ជាដើម។

លោកថា PNN ត្រូវបង្ខំចិត្តដាក់រឿងចាស់ជំនួស ដោយសារតែបញ្ហាការផលិតរបស់លោកមិនទាន់ពេលនេះឯង ប៉ុន្តែលោកមិនដែលបន្ទោសតារាសម្ដែងណាម្នាក់ទេ គឺនៅតែបន្តការអត់ធ្មត់អូសបន្លាយតាមការកំណត់របស់ ឌុច លីដា មករហូត៕ វឌ្ឍនា


ចែករំលែក៖