ព័ត៌មានទាន់ហេតុការណ៍៖

តម្រួតថៃចាប់អ្នកលួចដឹកឈើគ្រញូង២នាក់ ដែលម្នាក់ជាមន្ត្រីយោធាព្រំដែនច្រកអូរអន្លក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ជនសង្ស័យ២នាក់ ដែលម្នាក់ជាប្រជាពលរដ្ឋធម្មតានិងម្នាក់ទៀតមាននាទីជាមន្ត្រីយោធាក្នុងអង្គភាពទំនាក់ទំនងការងារព្រំដែនកម្ពុជា-ថៃប្រចាំ ច្រកតំបន់អូរអន្លក់ត្រូវបានតម្រួតថៃចាប់ ខ្លួនរួមជាមួយនឹងរថយន្ត២គ្រឿង ព្រមទាំង វត្ថុតាងដែលជាឈើគ្រញូងមួយចំនួនផងដែរ ខណៈដែលជនសង្ស័យទាំង២ខាងលើ បើករថយន្តចូលទៅក្នុងទឹកដីថៃដើម្បីដឹកឈើគ្រញូងឆ្លងដែនចូលមកកម្ពុជា ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ការចាប់ខ្លួននេះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវបំបែកទៅកាន់ច្រកស៊ុំ ក្នុង ភូមិបានផ្លែង ឃុំថេបនិមិត្ត ស្រុកពោង ណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃដោយនៅ ក្នុងរថយន្តទាំង២គ្រឿងមានទាំងវត្ថុតាងនៅក្នុងនោះផង ។

ជនសង្ស័យទាំង២នាក់មានឈ្មោះ យេ លុច ភេទប្រុស អាយុ៣០ឆ្នាំ ជាមន្ត្រីយោធា ផ្នែកទំនាក់ទំនងការងារព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកតំបន់អូរអន្លក់ ក្នុងស្រុកកំរៀង និងឈ្មោះ វ៉ាន់ ឡុង ជាប្រជាពលរដ្ឋធម្មតា។ នៅមុនពេលចាប់ខ្លួនគឺជនសង្ស័យទាំង២នាក់បានប្រើប្រាស់រថយន្ត២គ្រឿងមួយគ្រឿងម៉ាកឡិចស៊ីស ពណ៌ស្ករ ពាក់ស្លាក លេខភ្នំពេញ 2X-8301 និងមួយគ្រឿង ទៀតម៉ាកឡិចស៊ីស ពណ៌ស ពាក់ស្លាក លេខឧត្តរមានជ័យ 2A-0099 បានបើក ឆ្លងដែនតាមច្រកអន្តរជាតិដូងឆ្ពោះទៅ កាន់គោលដៅដើម្បីដឹកឈើគ្រញូងក្នុង ខេត្តចន្ទបុរី ប្រទេសថៃ ។

ពួកគេទាំង២នាក់បានសារភាពថា ក្រោយពីបានដាក់ឈើគ្រញូងរួចរាល់ហើយពួកគេក៏បានបើករថយន្តចេញមកវិញក្នុងគោលបំណងចេញតាមច្រកតំបន់អូរអន្លក់ ដែលជាចំណុចឈរជើងរបស់ខ្លួន ប៉ុន្តែនៅពេលចេញមកដល់ត្រង់ចំណុចផ្លូវបំបែក ទៅកាន់ច្រកអូរអន្លក់ក៏ត្រូវតម្រួតថៃឃាត់ រថយន្ត និងចាប់ខ្លួនតែម្តងដោយសមត្ថកិច្ចថៃបានដកហូតវត្ថុតាងមានឈើគ្រញូង សរុប២០ដុំ ។

លោកឧត្តមសេនីយ៍ ពេជ្រ វណ្ណា នាយក រងទីចាត់ការការងារព្រំដែន និងជាប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០១៧ថា ថ្វីដ្បិតតែរឿងនេះជារឿងរបស់បុគ្គល ហើយត្រូវបានមន្ត្រីថ្នាក់ក្រោមមួយចំនួនព្យាយាមបិទបាំងមិនឲ្យលោកដឹងក៏ដោយក៏នៅតែមានអ្នករាយ ការណ៍ប្រាប់លោកដែរ។ ដូច្នេះក្នុងនាមជា ឪពុកម្តាយគឺលោកបាននិងកំពុងទាក់ទងទៅភាគីថៃរួចហើយដើម្បីស្នើសុំយកមនុស្ស ខាងលើមកដាក់ទោសនៅកម្ពុជាវិញ ប៉ុន្តែ រហូតមកទល់នឹងពេលនេះនៅមិនទាន់ មានចម្លើយនៅឡើយ ៕ ហេង នរិន្ទ្រ

 


ចែករំលែក៖