ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃប្រេងនៅលើពិភពលោកកើនឡើងដោយសារតែការប្រឈមមុខតានតឹងក្នុងកម្មវិធីបរមាណូអីុរ៉ង់

ចែករំលែក៖

នៅក្នុងទីផ្សារប្រេងនាថ្ងៃទី១ ខែ ឧសភា បានបន្តកើនឡើងខ្ពស់ ដោយសារ តែមានការព្រួយបារម្ភ ខ្លាចអាមេរិក ដាក់ ទណ្ឌកម្ម អីុរ៉ង់ជាថ្មី ក្រោយពីនាយករដ្ឋ មន្ត្រីអីុស្រាអែល លោកណេតាន់យ៉ាហូ៊ បានបញ្ជាក់ថា អីុរ៉ង់កំពុងតែបន្តកម្មវិធី បរមាណូ ។

នៅក្នុងសុន្ទរកថាផ្សាយផ្ទាល់តាមកញ្ជក់ទូរទស្សន៍ នាយករដ្ឋមន្ត្រីអីុស្រាអែល លោកណេតានយ៉ាហូបានចោទប្រកាន់អីុរ៉ង់បន្តកម្មវិធីបរមាណូដោយសម្ងាត់។ នាយករដ្ឋមន្ត្រីអីុស្រាអែលបញ្ជាក់ថា លោកមានភស្តុតាងច្បាស់លាស់បញ្ជាក់ថាអីុរ៉ង់កំពុងតែបោកប្រាស់ពិភពលោក ជុំវិញកម្មវិធីបរមាណូរបស់ខ្លួនដែលបានចុះហត្ថលេខា ជា មួយប្រទេស ៥+១។

យោងតាមលោក ណេតាន់យ៉ាហ៊ូ ឯកសារសម្ងាត់នុយក្លេអែរកម្រាស់រាប់ពាន់ ទំព័រ ដែលអុីស្រាអែលបានបង្ហាញថា អីុរ៉ង់ បានបោកបញ្ឆោតពិភពលោកថា ខ្លួនបានបោះបង់ចោលការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ លើសពីនេះទៅទៀត នាយករដ្ឋ មន្ត្រីអុីស្រាអែលរូបនេះ ក៏បានចោទប្រកាន់ អីុរ៉ង់ដែរថា បានលួចលាក់ដឹកនាំកម្មវិធីអាវុធនុយក្លេអ៊ែរ ក្រោមឈ្មោះថា «Project Amad» ហើយបើទោះជាគម្រោង នេះបាន បិទក៏ដោយ ក៏អីុរ៉ង់នៅតែបន្តអភិវឌ្ឍន៍កម្ម វិធីអាវុធនុយក្លេអ៊ែរដដែល។

គួរបញ្ជាក់ថា ការអះអាងរបស់លោក Benjamin Netanyahu កើតមានឡើងតែ ប៉ុន្មានសប្ដាហ៍ មុននឹងប្រធានាធិបតីអាមេ រិក លោក ដូណាល់ ត្រាំ នឹងសម្រេចចិត្តថា ត្រូវបន្តរក្សា ឬបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអីុរ៉ង់កាលពីឆ្នាំ២០១៥ នៅថ្ងៃទី ១២ ខែឧសភាខាងមុខនេះ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត អីុរ៉ង់បានបិទបណ្តាញសង្គម ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានរសើប។ អាជ្ញាធរយុត្តិធម៌អីុរ៉ង់នៅថ្ងៃចន្ទសប្ដាហ៍នេះ បាន ចេញបញ្ជាឱ្យបិទទាំងស្រុង Telegram ដែលជាបណ្ដាញទំនាក់ទំនងសង្គម ដ៏មានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេស។

បើតាមស្ថានីយទូរទស្សន៍ Press TV ផ្សាយថា ការហាមឃាត់នេះ ដោយសារតែអាជ្ញាធរអីុរ៉ង់ចោទប្រកាន់ថា Telegram បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ វប្បធម៌ និងសេដ្ឋកិច្ចអីុរ៉ង់ក្នុងរយៈពេល ប៉ុន្មានឆ្នាំថ្មីៗនេះ។ ដូច្នេះហើយ ទើបការិយាល័យរដ្ឋអាជ្ញាសម្រាប់វប្បធម៌ និងប្រព័ន្ធ ផ្សព្វផ្សាយ ក្នុងទីក្រុងតេអេរ៉ង់ បានចេញ បញ្ជាឱ្យក្រុមហ៊ុនផ្គត់ផ្គង់ អុីនធើណេត នៅទូទាំងប្រទេស បិទបណ្ដាញទំនាក់ ទំនងសង្គមមួយនេះ ចាប់ពីថ្ងៃទី៣០ ខែ មេសា តទៅ។

ការសម្រេចចិត្តបិទ Telegram ពី សំណាក់អាជ្ញាធរអីុរ៉ង់នេះធ្វើឡើងបន្ទាប់ពីនាយកការិយាល័យរដ្ឋអាជ្ញា ក្នុងទីក្រុង តេអេរ៉ង់ ទទួលបានការតវ៉ាជាច្រើនពីប្រជាជនអីុរ៉ង់ដោយអំពាវនាវឱ្យបិទបណ្ដាញ ទំនាក់ទំនងសង្គមនេះទាំងស្រុង ហើយវា ក៏បានកើតមានឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីមេដឹកនាំជាន់ខ្ពស់ប្រទេសនេះ គឺលោក អាយ៉ាតូឡាហ៍ ខាមេនី សម្រេចចិត្តឈប់ប្រើបណ្តាញសង្គមមួយនេះផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖