ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃប្រេងនៅលើពិភពលោកអាចកើនដល់២០០ដុល្លារក្នុង១បារ៉ែល ប្រសិនអាមេរិកដាក់ទណ្ឌកម្មសាវឌីអារ៉ាប៊ី

ចែករំលែក៖

រដ្ឋាភិបាលអាមេរិក ដឹកនាំដោយលោក ដូណាល់ ត្រាំ កំពុងតែត្រួតពិនិត្យ ថាតើសាវឌីអារ៉ាប៊ីជាប់ពាក់ព័ន្ធការបាត់ខ្លួនអ្នកសារព័ត៌មាន Khashoggi ដែរឬយ៉ាងណានោះ?។ ការដែលសាវឌីអារ៉ាប៊ីច្រានចោលពីការជាប់ពាក់ព័ន្ធគឺជារឿងមិនអាចទទួលយកបានឡើយ។

នៅពេលនេះប្រទេសសាវឌីអារ៉ាប៊ី មិនមានពេលវេលាច្រើនដើម្បីបកស្រាយជាមួយរដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ស្តីពីរឿងរ៉ាវនៃការបាត់ខ្លួនអ្នកសារព័ត៌មាន Jamal Khashoggi នៅក្នុងស្ថានទូតប្រទេសទួរគី។ ប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាក់ថា អ្នកសារព័ត៌មាន Wahington Post ស្លាប់ពេលចូលទៅកាន់ស្ថានទូតនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ដើម្បីសុំច្បាប់រៀបអាពាហ៍ពិពាហ៍។

បើទោះបីរងសម្ពាធពីសភាអាមេរិក រដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ មានការស្ទាក់ស្ទើនៅក្នុងការលុយចោលកិច្ចព្រមព្រៀងលក់អាវុធ ដែលមានតម្លៃរាប់ពាន់លានដុល្លារដល់សាវឌីអារ៉ាប៊ី ដោយខ្លាចប្រទេសនេះងាកទៅទិញអាវុធពីប្រទេសចិន ឬរុស្ស៊ីវិញ។

រដ្ឋាភិបាលអាមេរិកកំពុងតែពិចារណាលើវិធីសាស្ត្រមួយចំនួន ក្នុងនោះមានការដកមន្ត្រីអាមេរិកចេញពីកិច្ចប្រជុំស្តីពីការវិនិយោគនៅសាវឌីអារ៉ាប៊ី ក៏ដូចជាការកាត់បន្ថយទំនាក់ទំនងការបរទេស ឬដាក់ទណ្ឌកម្មទៅលើមន្ត្រីប្រទេសនេះ។

ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន លោក Larry Kudlow បានបញ្ជាក់ថា រដ្ឋាភិបាលនឹងមានសកម្មភាពតឹងតែងទៅលើរដ្ឋាភិបាល សាវឌីអារ៉ាប៊ី ដោយឲ្យប្រទេសនេះទទួលខុសត្រូវចំពោះការបាត់ខ្លួនអ្នកសារព័ត៌មានខាងលើ។ រដ្ឋាភិបាលអាមេរិកបានស្នើឲ្យផ្អាកការស្រាវជ្រាវទៅលើអ្នកសារព័ត៌មានខាងលើ ដោយប្រទេសទួរគី និងសាវឌីអារ៉ាប៊ី។

សារព័ត៌មាន Arabiya បានផ្សាយថា ប្រសិនបើអាមេរិកដាក់ទណ្ឌកម្មទៅលើប្រទេសសាវឌីអារ៉ាប៊ីនោះ នឹងធ្វើឲ្យតម្លៃប្រេងឡើងថ្លៃខ្ពស់ ជះឥទ្ធិពលដោយផ្ទាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។ តម្លៃប្រេងអាចនឹងកើនឡើងដល់ទៅជាង២០០ដុល្លារក្នុង១បារ៉ែល៕ ម៉ែវ សាធី


ចែករំលែក៖