ព័ត៌មានទាន់ហេតុការណ៍៖

តាក់ស៊ី​ឈប់​ដោះ​លេខ​ ច្រឡំ​ដាក់​N ឡានរអិល​ ម្ចាស់ជាន់​ហ្រ្កា​ច្រឡំហ្វ្រាំង​ ស្ទុះ​ទៅ​បុក​ប្តី​ប្រពន្ធ​ពីរ​នាក់​ផ្ទប់​ជញ្ជាំង​ផ្ទះ​ ស្លាប់​ប្តី​ ប្រពន្ធ​របួស​ធ្ងន់​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖ ប្រភពព័ត៌មាន​​ពីស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា ថ្ងៃទី​០៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១៩:០០នាទី លើផ្លូវសេរីភាព ត្រង់ចំណុច មុខផ្ទះជាងជី ស្ថិតនៅក្នុងភូមិ២ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្ត ០១គ្រឿងម៉ាក HIGHLANDED ពណ៌ គយ ពាក់ស្លាកលេខភ្នំពេញ2AJ-1584 អ្នកបើកបរឈ្មោះ ធាំ រ៉េត ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ អ្នករត់តាក់ស៊ី មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅដឹកភ្ញៀវពី ភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ ពេលដាក់ភ្ញៀវចុះអស់ហើយ បានទៅ ផ្ទះជាងជី ដើម្បីប្តូរអំពូលភ្លើង លុះដល់ចំណុចខាងលើត្រៀមចេញពីរថយន្តដោយដាក់លេខN រថយន្តក៏រអិលថយក្រោយ អ្នកបើកបរឃើញដូចនេះស្ទុះទៅជាន់ហ្រ្វាំងច្រលំហ្គែរទៅមុខបុកនឹង ម្ចាស់តូបចំនួន ០២នាក់ប្តីប្រពន្ធផ្ទប់នឹងជញ្ជាំងផ្ទះ ជនរងគ្រោះប្តីឈ្មោះ វ៉ន វាសនា ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរ លក់ដូរ និងប្រពន្ធឈ្មោះ ទៀង ហុង ភេទ ស្រី អាយុ ៣៥ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិ២ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។

ប្រភពដដែលបានបន្តថា គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្សចំនួន ០១នាក់ និងរងរបួសមនុស្សចំនួន ០១នាក់ស្រី ៖១-ឈ្មោះ វ៉ន វាសនា ស្លាប់នៅនឹងកន្លែងកើតហេតុបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ២-ឈ្មោះ ទៀង ហុង រងរបួស ធ្ងន់ បានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

អ្នកបើកបររថយន្តត្រូវបាននាំខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ។

ចំណែករថយន្ត ០១គ្រឿងក៏បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដែរ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖