ព័ត៌មានទាន់ហេតុការណ៍៖

តាមក្របួចមេចោរប្លន់ល្បីម្នាក់នៅខេត្តព្រៃវែងដែលគេចខ្លួនរយៈពេល៩ឆ្នាំ

ចែករំលែក៖

ខេត្តព្រៃវែង៖ កម្លាំងនគរបាលខេត្តព្រៃវែង សហការជាមួយនគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួន មេចោរប្លន់ប្រដាប់អាវុធដ៏ល្បីម្នាក់ នៅចំណុចភូមិស្លែងរលើង សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃចន្ទ ១១រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទីថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៨ បន្ទាប់មេចោរប្លន់រូបនេះ រត់គេចខ្លួនចេញពីខេត្តព្រៃវែងមកសម្ងំលាក់ខ្លួននៅទីនេះ រយៈពេល៩ឆ្នាំមកហើយ។

លោកឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង បានឲ្យដឹងថា ការចាប់ខ្លួនមេចោរប្លន់រូបនេះនេះធ្វើឡើង ដោយអនុវត្តន៍តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូង ខេត្តព្រៃវែង។មេចោរប្លន់ប្រដាប់អាវុធរូបនោះ មានឈ្មោះ ស៊ូ ម៉ៅ ភេទប្រុសអាយុ៣៨ឆ្នាំ ស្រុកកំណើត នៅភូមិព្រះស្តេច ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែងដែល ប្រព្រឹត្តប្លន់នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០០៩ ត្រង់ចំណុចភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែក។ ក្រោយធ្វើសកម្មភាពរួច ជនល្មើស និងប្រពន្ធ កូន បានគេចខ្លួនបាត់ពីមូលដ្ឋាន រហូតសមត្ថកិច្ចបតាមប្រមាញ់ អស់រយៈពេល៩ឆ្នាំមកហើយ ទើបមកដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទីរសៀល ក៏ចាប់ខ្លួនបានតែម្តង។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដើម្បីបំពេញនីតិវិធី រួចបញ្ជូនទៅតុលាការសាលាដំបូងខេត្តព្រៃវែង ចាត់ការតាមច្បាប់បន្ត៕ ប្រាថ្នា


ចែករំលែក៖