ព័ត៌មានទាន់ហេតុការណ៍៖

តារាសម្តែងក្នុងរឿង«សសរកន្លោង»ជួបថ្លែងអំណរគុណអ្នកគាំទ្រផ្ទាល់នៅរោងភាពយន្ត

ចែករំលែក៖

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកានេះ តារាសម្តែងប្រុស ស្រី ដែលជាតួអង្គសំខាន់ៗក្នុងភាពយន្តរឿង”សសរកន្លោង” បានបង្ហាញវត្តមានពីមុខរោងភាពយន្តផ្ទាល់បង្កើតឲ្យអ្នកទស្សនារំភើបចិត្តជាខ្លាំង។ ការជួប ថ្លែងអំណរគុណអ្នកគាំទ្រផ្ទាល់នេះធ្វើឡើងនៅរោងភាពយន្ត Major Cineplex នៃផ្សារទំនើប Aeon ។

សិល្បករដែលបង្ហាញវត្តមាននៅគ្រានោះមានលោកហនគឹមធាន, អ្នកស្រីពៅសុផាត, កុមារីអ៊ួនវ៉ាន់នីតា, អ្នកនាងឆៃលីដាឡែន, លោកទ្រីតារាវុធនិងកញ្ញាសួង ស៊ីធឿន ដែលពួកគេបានតុបតែងខ្លួនជាសំលៀកបំពាក់ក្នុងសម័យអាណានិគមនិយមបារាំង និងជួបអ្នកគាំទ្រផ្ទាល់ក្រោយទស្សនាភាពយន្តនេះចប់ភ្លាមៗដែលបង្កើតក្តីរំភើបខ្លាំងដល់អ្នកទស្សនាជាច្រើននោះ។

អ្នកនិពន្ធនិងដឹកនាំរឿងលោក ចាន់ណា រ៉ូណាន បានបញ្ជាក់ថា ដោយសារសន្ទុះនៃការគាំទ្រជំរុញឲ្យលោក និងសិល្បករមានទឹកចិត្តសប្បាយរីករាយខ្លាំងហើយព្យាយាមបង្កើតឱកាសជួបជាមួយពួកគាត់វិញផ្ទាល់ជាការថ្លែងអំណរគុណ។ លោកបញ្ជាក់ថា ការចាប់បញ្ចាំងអស់ជាងមួយសប្តាហ៍នេះទទួលបានអ្នកគាំទ្រច្រើនលើសលប់ ហើយក៏នៅតែមានទស្សនិកជនជាច្រើនដែលមិនទាន់បានទស្សនានៅតែបន្តជារៀងរាល់ថ្ងៃ។ លោកបញ្ជាក់ដែរថា ក្រៅពីការបង្កើត ឱកាសជួបអ្នកគាំទ្រផ្ទាល់នៅភ្នំពេញលោកក៏មានគម្រោងឲ្យសិល្បករចុះទៅជួបអ្នកគាំទ្រផ្ទាល់នៅខេត្តសៀមរាប និងខេត្តបាត់ដំបងផងដែរនៅថ្ងៃទី១៩ខាងមុខនេះ។

លោកនៅតែមានជំនឿជាក់ដដែលថា ទស្សនិកជននឹងបន្តជួយលើកទឹកចិត្តសម្រាប់លោក និងសិល្បករខ្មែរតាមរយៈការចូលរួមទស្សនា និងការផ្តល់ជាគំនិតល្អៗសម្រាប់សិល្បករផលិតករ។ លោកក៏នៅតែរំពឹងខ្ពស់ដដែលថា ភាពយន្តរឿង”សសរកន្លោង”នៅតែបន្តទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរទាំងនៅភ្នំពេញនិងបណ្តាខេត្តនានា៕ វឌ្ឍនា


ចែករំលែក៖