ព័ត៌មានទាន់ហេតុការណ៍៖

តារាសម្តែងប្រុស ស្រស់សង្ហាលោក សាន់នី និងស៊ឹម ស្រីនិច រំពឹងខ្លាំងលើរឿង “កញ្ញាជើងខ្លាំង”

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងប្រុស ស្រស់សង្ហាលោក សាន់នី ទទួលបានតំណែងតួឯក ក្នុងភាពយន្តភាគថ្មីមួយរបស់ទូរទស្សន៍ប៉ុស្ថិ៍លេខ៥ ក្នុងរឿង កញ្ញាជើងខ្លាំង ដោយប៉ះដៃគូស្រីស្រស់សោភាលើកដំបូងកញ្ញា ស៊ឹម ស្រីនិច ។ ទោះជួបគ្នាលើកដំបូង ប៉ុន្តែពួកគេទទួលបានអារម្មណ៍ល្អរួមគ្នា និងរំពឹងខ្ពស់ថា នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ។

ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងពិធីជប់លៀងបញ្ចប់ការផលិតនេះ ត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់ ក្រោមវត្តមានសិល្បករ និងក្រុមការងារផលិតជាច្រើនរូបចូលរួម ។

ភាពយន្តភាគខ្មែររឿងកញ្ញាជើងខ្លាំងដែលផលិតដោយស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥នោះបានបញ្ចប់ការផលិតដោយជោគជ័យក្រោយពីកិច្ចសហការយ៉ាងស្អិតរមួត និងសម្រិតសម្រាំងរបស់សិល្បករ និងផលិតករអស់រយៈពេល៥ខែ ។ តួឯកស្រីក្នុងភាពយន្តភាគខាងលើកញ្ញាស៊ឹម ស្រីនិច បានបញ្ជាក់ថា នាងទទួលបាននូវរសជាតិនៃការសម្តែងថ្មីមួយប្លែកមិនធ្លាប់មានពីមុនមក ។

នាងថាភាពយន្តនេះទាមទារឲ្យនាងបត់បែនច្រើនជាមួយនឹងអត្តចរិកក្នុងការសម្តែងទាំងសុភាព កម្សត់ ឡិឡក់ ឈ្លើយឌឺដងជាដើម ។ តារាស្រីរូបនេះបញ្ជាក់ថាបើទោះបីនេះគឺជាភាពយន្តសម្តែងដំបូងសម្រាប់ទូរទស្សន៍ប៉ុស្តិ៍លេខ៥មែន ប៉ុន្តែនាងហាក់មានភាពស្និទ្ធស្នាល យោគយល់គ្នាដូចគ្រួសារតែមួយ និងរួមសហការគ្នាបានរលូន ដូចដែលទទួលបានជោគជ័យនៅពេលនេះ ។ កញ្ញាថាទោះជួបគ្នាលើកដំបូងប៉ុន្តែហាក់ស៊ីសង្វាក់រួមគ្នាបានល្អ ដែលនាងរំពឹងថានឹងទទួលបានការគាំទ្របានច្រើនពីទស្សនិកជន ។

តួឯកប្រុសសម្តែងជាតួកូនចៅកាត់ចិនក្នុងរឿងនេះលោក សាន់នី បានបានចាត់ទុកថានេះគឺជាឱកាសមួយដ៏ល្អដែលបានសហការផលិតរួមគ្នាជាមួយសិល្បករ និងផលិតករ ។ បើទោះបីជាលើកទី១សម្រាប់សម្តែងរួមគ្នាពិតមែន ប៉ុន្តែខាងក្រៅលោក និងតួឯកស្រីបានស្គាល់គ្នាស្និទ្ធស្នាលរួចមកហើយ អញ្ចឹង ការសម្តែងរួមគ្នាពិតជាស៊ីសង្វាក់គ្នាច្រើន ដែលទទួលបានការសរសើរខ្លាំងពីសិល្បករ និងផលិតករ ។

លោកថា ដោយសារការសហការគ្នាបានល្អ បន្សល់ទុកនូវអនុស្សាវរីយ៍ដ៏គួរឲ្យចងចាំជាច្រើនគឺធ្វើឲ្យក្រុមការងារ និងសិល្បករមិនចង់បែកគ្នា ហើយការរៀបចំពិធីជប់លៀងបញ្ចប់ការផលិតនេះបង្កើតបរិយាកាសឲ្យការជួបជុំកាន់តែស្អិតរមួយថែមមួយកម្រិតទៀត ។

លោករំពឹងដែរថា នឹងមានឱកាសរួមសហការថតរួមគ្នាជាមួយក្រុមការងារ និងសិល្បករដទៃទៀត ហើយក៏រំពឹងដែរថាភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនជាក់ជាមិនខាន ។

លោក ប៉ុនតាំ ម៉ារ៉ុត អ្នកដឹកនាំផលិតភាពយន្តរឿង “កញ្ញាជើងខ្លាំង” នេះបានបញ្ជាក់ថា លោកសប្បាយចិត្តជាខ្លាំងក្រោយពីភាពយន្តនេះបញ្ចប់ការផលិតដោយស្នាមញញឹមទាំងអស់គ្នា ។ វាជោគជ័យក្រោមការចូលរួមសហការផលិតរវាងផលិតករ និងសិល្បករយ៉ាងចិត្តទុកដាក់ ។

ទោះជាយ៉ាងណាលោកបញ្ជាក់ថាការផលិតក៏ប្រឈមនឹងការលំបាកមួយចំនួនព្រោះតែត្រូវជួបស្ថានភាពបត់បែននៃការផលិតពិសេសការផ្លាស់ប្តូឈុតឆាកច្រើន ព្រោះតែភាពយន្តនេះនឹងឆ្លុះបញ្ចាំងពីស្ថានភាពរស់នៅរបស់មនុស្សជាច្រើនក្រុម ដែលចាប់តាំងពីក្នុងជីវភាពកម្រិតក្រោមរហូតដល់ថ្នាក់អភិជន ។ ទោះជាយ៉ាងណាក្រោមការសហការ និងយកចិត្តទុកដាក់គ្រប់ផ្នែកបានធ្វើឲ្យភាពយន្តនេះបញ្ចប់ដោយជោគជ័យគួរជាទីមោទនៈ ។

ភាពយន្តនេះនឹងចាប់ផ្តើមចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ចាប់ពីថ្ងៃទី២៩ខែមករាឆ្នាំ២០១៩នេះ ហើយលោករំពឹងថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ពិសេសពួកគាត់នឹងទទួលបានរសជាតិថ្មីពីភាពយន្តដែលឆ្លុះបញ្ចាំងពីជីវិតរស់នៅរបស់មនុស្សគ្រប់ស្រទាប់វណ្ណៈក្នុងពេលបច្ចុប្បន្ន ៕ វឌ្ឍនា


ចែករំលែក៖