ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនជនសង្ស័យពីរនាក់គូស្នេហ៍ពាក់ពន្ធ័ករណីគ្រឿងញៀនជិត២០កញ្ចប់

ចែករំលែក៖

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ លោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនគូស្នេហ៍ពីរនាក់ ដែលកម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ ឃាត់ខ្លួន ដាក់ពន្ធនាគារ បណ្តោះអាសន្ន ពីបទ “ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន” ប្រព្រឹត្តនៅ ភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃ ថ្ងៃ១ ខែកញ្ញា ឆ្នាំ២០១៨ នៅវេលាម៉ោង ១៣និង៥៥ តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ជនត្រូវចោទទី១ ឈ្មោះ ឌី ហៀង ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរលក់គុយទាវ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី២ឈ្មោះ សុង រដ្ឋ ភេទស្រី អាយុ២៨ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិកោះធំ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល។

បើតាមកម្លាំងអាវុធហត្ថក្រុងតាខ្មៅបានឲ្យដឹងថា មុនពេលកើតហេតុ ដឹកនាំដោយមេបញ្ជាក្រុង និងកម្លាំងការិយាល័យបទល្មើសគ្រឿងញៀន និងមេភូមិព្រែកឫស្សី ដោយមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បន្ទាប់ពីមានប្រជាពលរដ្ឋបានទូរស័ព្ទ ផ្តល់ព័ត៌មានមកមេបញ្ជាការកងរាជអាវុធហត្ថក្រុងតាខ្មៅ ថា មានអ្នកប្រើប្រាស់ និងចែក ចាយនូវសារធាតុនៅចំណុចខាងលើ ។

ក្រោយពីបានព័ត៌មាន កម្លាំងកងរាជអាវុធហត្ថក្រុង និងខេត្ត បានចុះប្រតិបត្តិការបង្រ្កាបបានគូស្នេហ៍ពីរនាក់ ថ្នាំញៀន១៥កញ្ចប់ តូច១៣កញ្ចប់ ធំ២កញ្ចប់ រួមនឹងវត្ថតាងមួយចំនួនទៀត ៕ ឆ ដា


ចែករំលែក៖