ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនតៃកុង រថយន្តបើកទៅបុកម៉ូតូពីរគ្រឿង ពីក្រោយស្លាប់ម្នាក់ របួសម្នាក់នៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្តាល៖ ករណីគ្រោះថ្នាក់ ចរាចរណ៍មួយបង្ក ឲ្យមានការភ្ញាក់ផ្អើល ទាំងព្រឹកព្រលឹម ខណៈបើករថយន្តទៅបុកម៉ូតូពីរគ្រឿង កំពុងឈប់ភ្លើងស្តុប ចំពីក្រោយកិនស្លាប់ម្នាក់ របួសម្នាក់នៅក្រុងតាខ្មៅ ត្រូវបានលោក គឹម រត្ន័ណារិន អនុប្រធានសាលាដំបូងខេត្តកណ្តាល និងជាចៅក្រមសើុបសួរ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ បានសម្រេចចេញដីកា ឃុំខ្លួនតៃកុងរថយន្តជាជនបង្កដាក់ពន្ធនាគារ បណ្តោះអាសន្ន ពីបទ”បើកបរបណ្តាលឲ្យអ្នកដទៃរបួស និងបើកបរបណ្តាលឲ្យអ្នកដទៃស្លាប់” ដែលប្រព្រឹត្តនៅចំណុចស្តុប A9 ផ្លូវ២១ កែងផ្លូវ១១៥ ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨វេលាម៉ោង០៦ និង ០០នាទី តាមមាត្រា៩៣ និងមាត្រា៨៥ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។

ជនជាប់ចោទ ឈ្មោះច្រង់ ប៊ុនឆាយ (ឃាត់ខ្លួន) ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ។ ជនរងគ្រោះទី០១ ហេង ស្រីលក្ខណ៍ ភេទស្រី(ស្លាប់) និងឈ្មោះ សឿន ចាន់ថូ ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសស្រាល អ្នកទាំងពីរស់នៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។

សាក្សីបានឲ្យដឹងថា នៅមុនពេលកៀតហេតុមានថយន្តមួយគ្រឿង ម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ3A-3743បើកបររថយន្តក្នុងទិសដៅពីត្បូងទៅជើងរួចបត់ឆ្វេង (មិនឈប់ស្តុប) ក៏បានទៅបុកជាមួយម៉ូតូ០២គ្រឿង ទី០១ម៉ូតូមួយគ្រឿងម៉ាកSUZUKI LETS ពណ៌ស ពាក់ស្លាកលេខ កណ្ដាល1O-6999 អ្នកបើកម៉ូតូឈ្មោះ សឿន ចាន់ថូ ភេទប្រុស អាយុ២៥ឆ្នាំ ម៉ូតូបើកក្នុងទិសដៅពីត្បូងទៅជើង និងម៉ូតូមួយគ្រឿងម៉ាកHONDA CUB ពណ៌សំបកឪឡឹក ពាក់ស្លាកលេខកណ្ដាល1N-5927 អ្នកបើកម៉ូតូឈ្មោះហេង ស្រីលក្ខណ៍ ភេទស្រី ម៉ូតូបើកក្នុងទិសដៅពីត្បូងទៅជើងចំពីក្រោយ បណ្តាលឲ្យរថយន្តកិនស្លាប់ម្នាក់ របួសម្នាក់ នៅនឹងកន្លែងកើតហេតុតែម្តង ។

ភ្លាមៗកម្លាំងចរាចរណ៍បានយកមធ្យោបាយ ដែលពាក់ព័ន្ធទៅរក្សាទុក​បណ្ដោះ​អាសន្ន​នៅអធិការដ្ឋាន​ដើម្បី​ចាត់ការ​តាមនីតិវិធី។

អ្នកបើកបររថយន្តមួយគ្រឿងម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ3A-3743មិនគោរពភ្លើងសញ្ញាចរាចរណ៍ ទើបបណ្ដាលឲ្យបុកម៉ូតូ០២គ្រឿងកំពុងឈប់ស្តុបនោះតែម្ដង ៕ ឆ ដា


ចែករំលែក៖