ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួន បុរសម្នាក់យកពឹលវាយប៉ូលិសពេលកំពុងចុះទៅសម្របសម្រួលរឿងហិង្សា

ចែករំលែក៖

ខេត្តកណ្តាល៖ អ្នកស្រី ពេជ្រ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន ជនសង្ស័យម្នាក់បាមយកពឹលលបវាយប៉ូលិស បណ្តាលឲ្យរបួស ពេលកំពុងចុះទៅសម្របសម្រួលរឿងហិង្សា ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” ដែលប្រព្រឹត្តនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្ត កណ្តាល កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២១ និង១៥នាទី តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។

ជនត្រូវចោទមានឈ្មោះ សឿង សុខឡុន ភេទប្រុស អាយុ៣៣ឆ្នំា ជនជតិខ្មែរ មុខរបរកម្មករលក់សាំង រស់នៅភូមិ ព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ អ៊ឹម សុខខឿន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល រស់នៅភូមិព្រៃទទឹង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ ឈ្មោះ ឈិន រស់ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិត្នោតម្តើម ឃុំ បែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានទៅកន្លែងកើតហេតុ ខ្ចីប៊ិកគេកត់លេខទូរស័ព្ទ ហើយជន្លរ ជង្គង់ប្រឡែងគ្នាលេងជាមួយឈ្មោះ ភិន រតនះ ជាក្មួយជនសង្ស័យ ។

ពេលនោះជនសង្ស័យកំពុងអង្គុយ ផឹកស្រានៅក្បែរនោះ ស្មានតែគេរកវាយក្មួយខ្លួនក៏ទៅច្រានឈ្មោះ ឈិន រស់ បណ្តាលឲ្យដួលលើម៉ូតូ របួសពកក្បាល ។ ចំណែកឈ្មោះ ឈិន រស់ បានត្រឡប់ទៅផ្ទះប្រាប់ឈ្មោះ ភួង ផូ ជាមេជាងទង ហើយ បាននាំគ្នាត្រឡប់មកសួរនាំជនសង្ស័យ ពេលទៅដល់ស្រាប់តែជនសង្ស័យនិងបក្ខពួកក្នុងវង់ផឹកស៊ីស្រវឹង ជោគជាំ បានរករឿងរុញច្រានប្រកែកគ្នាទៅលើឈ្មោះ ភួង ផូ ពេលនោះឈ្មោះ ភួង ផូ បានតេទូរស័ព្ទ រាយការណ៍ជូនជនរងគ្រោះ ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ជនរងគ្រោះបានរាយការណ៍ទៅលោកនាយប៉ុស្តិ៍ក្រាំងម្កាក់ និងផ្នែកជំនាញស្រុក ហើយបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យមើល ឃើញជនសង្ស័យនិងបក្ខពួក ក្នុងសភាពស្រវឹងស្រាខ្លាំង កំពុងព្រួតគ្នារុញច្រានទៅលើឈ្មោះ ភួង ផូ ជនរងគ្រោះក៏ចូលទៅឃាត់ សម្របសម្រួល តែជនសង្ស័យមិនព្រមស្តាប់ បែរជាមករករឿងរុញច្រានជនរងគ្រោះ បន្ទាប់មកជនរង គ្រោះបានយកទូរស័ព្ទថត ស្រាប់តែត្រូវបានជនសង្ស័យយកពិលជ័រលបវាយជនរងគ្រោះ ពីក្រោយបណ្តាលឲ្យមាន របួសបែកចិញ្ចើម ខាងស្តាំដេរចំនួន៤ថ្នេរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរុញច្រានឈ្មោះ ឈិន រស់ បណ្តាលឲ្យដួលលើម៉ូតូដោយសារយល់ច្រឡំថា លើកជង្គង់ជន្លរក្មួយខ្លួន និងបានយកពឹលជ័រ វាយជនរងគ្រោះបណ្តាលឲ្យបែកចិញ្ចើមខាងស្តាំដេរចំនួន០៤ថ្នេរ ដោយសារខឹងជនរងគ្រោះចូលឃាត់ និងយកទូរស័ព្ទថត ។

ចំពោះករណីនេះ កម្លាំងជំនាញកំពុងសាងសំណុំរឿងតាមនីតិវិធី៕ ឆ ដា


ចែករំលែក៖