ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​កំពូល​ច្រានចោល​បណ្តឹង​មេធាវី​ការពារ​ក្តី​លោក​ គឹម​ សុខ​ ប្តឹង​ប្រឆាំង​នឹង​ដីកា​សម្រេច​ឃុំ​ខ្លួន​

ចែករំលែក៖

ភ្នំពេញ៖ លោក​ ឃឹម​ ប៉ុណ្ណ​ អនុប្រធាន​តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ សម្រេច​ច្រានចោល​បណ្តឹង​របស់​មេធាវី​ការពារ​ក្ដី​លោក​ គឹម​ សុខ​ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​និង​នយោបាយ​ ដែល​ប្តឹង​ប្រឆាំង​នឹង​ដីកា​សម្រេច​ឃុំ​ខ្លួន​ ពោល​គឺ​ តុលាការ​បន្ត​ឃុំ​ខ្លួន​លោក​ គឹម​ សុខ​ ក្នុង​ពន្ធនាគារ​ដដែល​ ។

មន្ត្រី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ធ្លាប់​ថ្លែង​ថា​ រឿង​ក្ដី​លោក​ គឹម​ សុខ​​ ត្រូវ​បាន​បិទ​ការ​ស៊ើបសួរ​ហើយ​ រួច​បញ្ជូន​ទៅ​បើក​សវនាការ​ជំនុំជម្រះ​តាម​នីតិវិធី​ ។

លោក​ គឹម​ សុខ​ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស​ ហើយ​ កាលពី​រសៀល​ថ្ងៃ​ទី​១៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ តាម​បណ្តឹង​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ដែល​ហ៊ាន​ចោទ​ គណបក្ស​ប្រជាជន​កម្ពុជា​ ថា​ ជា​អ្នក​សម្លាប់​លោក​បណ្ឌិត​កែម​ ឡី​ ។​

លោក​ រស់​ ពិសិដ្ឋ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំ​ខ្លួន​លោក​ គឹម​ សុខ​ បន្ទាប់​ពី​លោក​ព្រះ​រាជ​អាជ្ញា​រង​ សៀង​ សុខ​ សម្រេច​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស​ គឺ​ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ និង​ បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ តាម​មាត្រា​៤៩៤​ មាត្រា​៤៩៥​ និង​ មាត្រា​៣០៥​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ។​

បច្ចុប្បន្ន​លោក​ គឹម​ សុខ​ នៅ​ជាប់​បណ្តឹង​មួយ​ទៀត​ ដែល​ប្តឹង​ដោយ​សម្តេច​តេជោ​ ដូច​គ្នា​ គឺ​ ពាក់ព័ន្ធ​ការ​ដែល​លោក​ គឹម​ សុខ​ បាន​ចោទប្រកាន់​ ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស​ រួច​រក​ឃាតក​មិន​ដែល​ឃើញ​ ។

គួរ​បញ្ជាក់​ថា​ លោក​ គី​ តិច​ ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ​ យល់​ថា​ ភស្តុតាង​ពិត​ជា​គ្រប់​គ្រាន់​ ដែល​អាច​ឲ្យ​តុលាការ​ចោទប្រកាន់​លោក​ គឹម​ សុខ​ បាន​ និង​ បាន​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​ពីរ​ពាន់​លាន​រៀល​ ឬ​ ៥០ម៉ឺន​ដុល្លារ​អាមេរិក​ ។

លោក​ គី​ តិច​ បាន​ផ្តល់​បទសម្ភាសន៍​ ក្រោយ​ពេល​ដាក់​ពាក្យ​បណ្ដឹង​រួច​ថា​ ក្នុង​វេទិកា​របស់​វិទ្យុ​អាស៊ី​សេរី​ កាលពី​យប់​ថ្ងៃ​ទី​១១​ ខែ​កុម្ភៈ​ ពិភាក្សា​អំពី​ ការ​លាលែង​របស់​លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ លោក​ គឹម​ សុខ​ បាន​បើក​ការ​វាយប្រហារ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​ថា​ គណបក្ស​ប្រជាជន​ បាន​រៀប​ចំ​ផែនការ​ប្លន់​អំណាច​ ជា​ពិសេស​បាន​ចោទប្រកាន់​ចំៗ​ថា​ គណបក្ស​ប្រជាជន​ ជា​អ្នក​សម្លាប់​លោក​ បណ្ឌិត​ កែម​ ឡី​ ។

លោកមេធាវី​ បញ្ជាក់​ថា​ ភស្តុតាង​មួយ​ចំនួន​ ពិសេស​ឃ្លីប​វីដេអូ​ដែល​លោក​ គឹម​ សុខ​ បាន​និយាយ​ នោះ​ គឺ​ គ្រប់គ្រាន់​ដែល​អាច​ឲ្យ​តុលាការ​ចោទប្រកាន់​លោក​ គឹម​ សុខ​ បាន​ តែ​ការ​សម្រេច​ចោទប្រកាន់​បទល្មើស​អ្វី​នោះ​ វា​ជា​សមត្ថកិច្ច​និង​ការ​ថ្លឹងថ្លែង​របស់​ព្រះរាជអាជ្ញា​ ។

ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​បែបនេះ​ ត្រូវ​បាន​លោក​ គី​ តិច​ ចាត់​ទុកថា​ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​ កិត្តិសព្ទ​ និង​ ភាពយន្ត​ស្អាតស្អំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​ក៏​បញ្ជាក់​ពី​ចេតនា​ទុច្ចរិត​ បង្ក​ជា​ការ​ញុះញង់​បំផុស​បំផុល​ បញ្ឆេះ​កំហឹង​ដល់​មហាជន​ ដែល​អាច​ឲ្យ​កើត​ចលាចល​ ធ្ងន់ធ្ងរ​ក្នុង​សង្គម​ទាំង​មូល​ ៕​ ចេស្តា


ចែករំលែក៖