ព័ត៌មានទាន់ហេតុការណ៍៖

តូបរបស់អាជីវករលក់ដូរនៅក្នុងផ្សារពោធិ៍លង្កាដែលត្រូវភ្លើងឆេះអស់ជាង៨០តូប គិតជាប្រាក់ជាង១០ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តសៀមរាប៖ តំណាងអាជីវករ លក់ គ្រឿងក្រអូប អង្ករ និងខោអាវ នៅជួរមុខ បានរៀបរាប់ទាំងក្តុក ក្តួល បា្រប់អ្នកយកព័ត៌មានថា តូបដែលឆេះ របស់អាជីវករទាំងអស់នៅក្នុងផ្សារពោធិ៍លង្កា កាលពីយប់អធ្រាត្រ ឈានចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ នោះ បើគិតជាទឹកប្រាក់ តាមតូបតូច ធំ ក្នុងម្នាក់ៗ អស់ចាប់ពី១ម៉ឺនដុលា្លរឡើងដល់ជាង១០ម៉ឺនដុល្លារ ។ នេះជាលើកទី២ហើយ ដែលផ្សារត្រូវឆេះ។

តំណាងអាជីវករបានបន្តថា កាលពីអំឡុងឆ្នាំ២០១៥ ផ្សារពោធិ៍លង្កានេះបានឆេះម្តងរួចមកហើយ ប៉ុន្តែអស់ប្រមាណជា៥តូបប៉ុណ្តោះ បើគិតជាភាគរយ អស់តែ១០ភាគរយ ព្រោះកាលពីពេលឆេះនោះ ពួកគាត់កំពុងដេកនៅផ្ទះ ស្រាប់តែគេបានទូរស័ព្ទប្រាប់ មកដល់អស់រលីង នាំគ្នាយំ ក៏យំមិនចេញដែរ ។

ម្ចាស់ផ្សារពោធិ៍លង្កា ឈ្មោះ ជី វ័ន្ត បានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ថា មុនដំបូងមានគេទូរស័ព្ទមកប្រាប់ថា មានភ្លើងឆេះផ្សារហើយ ពេលនោះ លោកក៏បានទូរស័ព្ទ ទៅនគរបាលផ្នែកពន្លត់អគ្គិភ័យរបស់ស្នងការខេត្តដើម្បីឱ្យមកជួយពន្លត់ បានមួយសន្ទុះក៏ឃើញរថយន្តពន្លត់អគ្គិភ័យមកជាបន្តបន្ទាប់ ។

លោកបានបញ្ជាក់ថា មូលហេតុនៃការឆេះនេះ គឺឆេះចេញមកពីតូបរបស់អាជីវករ ដែលលក់ដូរនៅជួរកណ្តាល ព្រោះផ្នែកសន្តិសុខ បានដើរបិទបារ៉ែតភ្លើងអស់ហើយ តាំងពីម៉ោង៩យប់ម៉្លេះ ហើយការឆេះផ្សារនេះ ជាលើកទី២ហើយ ព្រោះលើកទី១ នៅអំឡុងឆ្នាំ២០១៥ ប៉ុន្តែ វាឆេះតិចតួចប៉ុណ្តោះ មិនបានធំដុំដូចលើកនេះ ។ បើប៉ាន់ស្មាននៃការឆេះជាលើកទី២នេះ គិតជាទឹកប្រាក់របស់អាជីវករអស់ច្រើនណាស់។

លោកបានបញ្ជាក់បន្ថែមទៀតថា ក្រោយពីឆេះអស់តូបរបស់អាជីវករហើយ លោកបាន កោះហៅអាជីវករទាំងអស់ ដែលមានតូបឆេះ មកប្រជុំនៅមុខផ្សារ និងបានចែកតូបឱ្យលក់ជាបណ្តោះអសន្ន នៅតាមជួរមាត់ស្ទឹង ជាពីរផ្នែក៖ ផ្នែកទី១/បានធ្វើតូបឱ្យអាជីវករលក់ដូរ នៅខាងត្បូងលូ មាន៖លក់បន្លែ, សាច់ ដោយមិនគិតលុយ និង ផ្នែកទី២/ ធ្វើតូបនៅខាងជើង លូ មាន៖ ខោ អាវ គ្រឿងក្រអូប ទម្រាំធ្វើតូបហើយ ទើបឱ្យទៅចូលលក់ដូរនៅកន្លែងដើមវិញ ។

លោកបានបញ្ជាក់បន្ថែមថា តូប លក់ដូររបស់អាជីវករ ទាំងតូច ទាំងធំ មានចំនួន១៣៤តូប ប៉ុន្តែការឆេះនេះអស់ជាង៨០តូប ។

តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក សំ សុជាតិ ស្នងការរង ទទួសបន្ទុកគ្រប់គ្រងអាវុធជាតិផ្ទុះ និង បង្កាគ្រោះអគ្គីភ័យ នៃស្នងការនគរបាលខេត្តសៀមរាប បានឱ្យដឹងថា នៅពេលទទួលបានព័ត៌មានខាងលើ កម្លាំងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និង អាជ្ញាធរអប្សរា បានរួមសហការគ្នាអន្តរាគមន៍ក្នុងការពន្លត់ភ្លើង ដែលកំពុងឆេះ ដោយបានប្រើប្រាស់អស់ទឹក១២គ្រឿង ទើបគ្រប់គ្រងសភាពការណ៍នេះបាននៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ បានដោយជោគជ័យ ។

លោកក៏បានបញ្ជាក់ផងដែរថា ដីផ្សារនេះមានទំហំ១៥ម៉ែត្រ គុណ ៥០ម៉ែត្រ ដែលសាងសង់ធ្វើជាផ្សារ មានតូប តូចធំ ចំនួន ៣០០តូប ហើយត្រូវអគ្គីភ័យឆេះអស់តូប ចំនួន ៨៥តូប តែមិនបានបណ្តាលឱ្យអ្នកណាម្នាក់រងគ្រោះថ្នាក់ឡើយ ។

តាមការសន្និដ្ឋានរបស់មន្ត្រីសមត្ថកិច្ចជំនាញ បានឱ្យអ្នកសារព័ត៌មានដឹងថា អគ្គីភ័យឆេះផ្សារពោធិ៍លង្កានេះ គឺបណ្តាមក ពី ឆ្លងចរនអគ្គិសនី ដោយការតបណ្តាញប្រើប្រាស់ភ្លើង គ្មានបច្ចេកទេសត្រឹមត្រូវ ហើយកាលឆេះនៅឆ្នាំ២០១៥ ក៏បានបណ្តាលមកពីការឆ្លងចរនអគ្គិសនី ហើយករណីទាំងអស់នេះ គឺមកពីខ្វះការត្រួតពិនិត្យរបស់ម្ចាស់ផ្សារផងដែរ ។

សូមបញ្ជាក់ថា ករណីនេះ គេឃើញមានវត្តមានរបស់លោក ទេព សំអាន សមាជិកក្រុមការងារថ្នាក់ជាតិ ចុះជួយ ក្រុងសៀមរាប បានអញ្ជើញត្រួតពិនិត្យពីការខូចខាតបាត់បង់សម្ភាររបស់បងប្អូនអាជីវករ ដែលបណ្តាលមក ពីឆេះផ្សារនេះ ។ ក្នុងនោះលោកក៏បានសម្តែងនូវការសោកស្តាយជាខ្លាំងចំពោះហេតុការណ៍ដែលកើតឡើង ចំពោះបងប្អូន ដែលធ្វើឱ្យបាត់បង់នូវទ្រព្យសម្បត្តិ ពេលវេលានិងស្មារតី ដែលបានខិតខំក្នុងការប្រកបរបរ ចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ខ្លួន៕ ប៊ុន រិទ្ធី

IMG_0634 IMG_0633 IMG_0627 IMG_0619 IMG_0617


ចែករំលែក៖