ព័ត៌មានទាន់ហេតុការណ៍៖

តូយ៉ូតាព្រូសបើកលឿនបុកអ្នកដើរឆ្លងផ្លូវជ្រុលទៅបុកអ្នកជិះកង់ស្លាប់ម្នាក់ របួសម្នាក់នៅផ្សារពង្រ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងស្រ្តីម្នាក់ទៀតក៏បានរងរបួសធ្ងន់ នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្តមួយគ្រឿងបុកជនរងគ្រោះពេលដើរឆ្លងផ្លូវ និង ខ្ទាតទៅប៉ះអ្នកជិះកង់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខផ្សារពង្រ ស្ថិតនៅក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ម្នាក់ឈ្មោះ ម៉ឹង គឹម ហេង ភេទប្រុស អាយុ៣៥ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ និង ម្នាក់ទៀតឈ្មោះ គឹម ហួរ ភេទស្រី អាយុ៤៤ឆ្នាំ រងរបួសបាក់ជើង ជនរងគ្រោះទាំងពីរនាក់រស់នៅភូមិថ្មី ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តតូយ៉ូតាព្រុសមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ២w-២៦៤៣ ធ្វើដំណើរយ៉ាងលឿន ក្នុងទិសដៅ ពីលិចទៅកើត នៅពេលមកដល់ចំណុចកើតហេតុ មុខផ្សារពង្រ ដែលជាទីប្រជុំជន ក៏បានបុកបុរសឈ្មោះ ម៉ឹង គឹមហេង បណ្តាលឲ្យប៉ើងខ្ទាតពីកន្លែងហេតុជាច្រើនម៉ែត្រស្លាប់ភ្លាមៗតែម្តង ហើយរថយន្តបានជ្រុលទៅបុក និងស្រ្តីម្នាក់ដែលកំពុងជិះកង់ បណ្តាលឲ្យរងរបួសបាក់ជើង ដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្ក បានទុករថយន្តចោលរួចរត់គេចខ្លួនបាត់ស្រមោល ចំពោះមធ្យោបាយបង្កត្រូវយកមករក្សាទុកនៅនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរដើម្បីរង់ចំាដោះស្រាយតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖