ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការកោះហៅ ម្ចាស់ភាគហ៊ុនស្ថាប័នឥណនាប្រសិទ្ធ ៤នាក់ ឱ្យចូលបំភ្លឺរឿង កំហែងយកប្រាក់ពីអ្នកដទៃ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា លោក អ៊ុំ សុភក្តិ ជាតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ម្សិលមិញនេះ បានកោះហៅ ជនសង្ស័យ ប្រុសស្រីចំនួន ៤នាក់ ដែលគេស្គាល់ថា ជាម្ចាស់ភាគហ៊ុនស្ថាប័នមីក្រូហិរញ្ញវត្ថុមួយឈ្មោះ “ប្រតិបត្តិករឥណទានប្រសិទ្ធ” ឲ្យចូលខ្លួនបំភ្លឺ ពាក់ព័ន្ធ ករណី កំហែងយក និងគំរាមកំហែងប្តឹងបរិហា លើពលរដ្ឋស្លូតត្រង់។

យោងតាមប្រភពដដែលបានបន្ថែមថា ក្រុមជនសង្ស័យ ដែលត្រូវបានកោះហៅឲ្យចូលខ្លួនបំភ្លឺ រួមមាន៖
-ទី១ឈ្មោះ ទួន សុវណ្ណា ភេទប្រុស ទីលំនៅផ្ទះលេខ១១បេ ផ្លូវលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
-ទី២ឈ្មោះ ឡេង វឌ្ឍនៈ ភេទប្រុស ទីលំនៅផ្ទះលេខ ២១ ផ្លូវលេខទី០១ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
-ទី៣ឈ្មោះ ជាម ច័ន្ទកេណា ភេទប្រុស ទីលំនៅផ្ទះលេខ៤៥សេ ភូមិ០១ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ
-និងទី៤ឈ្មោះ ទិត សម្បត្តិ ភេទស្រី ផ្ទះលេខ១១បេ ផ្លូវលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើយោងតាមដីកាកោះរបស់លោកព្រះរាជអាជ្ញារង អ៊ុំ សុភក្តិ បានបញ្ជាក់ថា ជនសង្ស័យទាំង ៤នាក់ខាងលើ ត្រូវបានកោះហៅឲ្យចូលខ្លួនបំភ្លឺ ពីបទ កំហែងយកដោយមានស្ថានទម្ងន់ទោស និងគំរាមកំហែងប្តឹងបរិហា។

ផ្អែកតាមការអះអាងរបស់មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ មានស្ត្រីម្នាក់វ័យ ៦១ឆ្នាំម្នាក់ បានដាក់ពាក្យប្តឹងជនសង្ស័យទាំង ៤នាក់ខាងលើ ដោយបានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមជនសង្ស័យខាងលើ និងបក្ខពួក បាននាំគ្នាទៅផ្ទះរបស់លោកស្រី ដោយនិយាយទៅកាន់លោកស្រីថា ពួកគេជាអគ្គនាយករបស់ ស្ថាប័នមីក្រូហិរញ្ញវត្ថុឈ្មោះ “ប្រតិបត្តិករឥណទានប្រសិទ្ធ”។

នៅថ្ងៃកើតហេតុនោះ ក្រុមជនសង្ស័យបានប្រាប់លោកស្រីថា កូូនប្រុសរបស់លោកស្រី ឈ្មោះ ឡេង វិសិដ្ឋ បានធ្វើជាអ្នកធានាឲ្យកូនបំណុលឈ្មោះ ហេង ម៉េងហ៊ត ភេទប្រុស អាយុ ៣៣ឆ្នាំ ជាប្តី និងឈ្មោះ ចន ម៉ូលីន ភេទស្រី អាយុ ៣៨ឆ្នាំ ជាប្រពន្ធ និងកូនបំណុលម្នាក់ទៀតឈ្មោះ ហេង ឡាលីន ភេទប្រុស អាយុ ២៦ឆ្នាំ ដែលបានទៅខ្លីប្រាក់ពី ស្ថាប័នមីក្រូហិរញ្ញវត្ថុ “ប្រតិបត្តិករឥណទានប្រសិទ្ធ” ចំនួន សរុប ១២៣,០០០ ដុល្លារសហរដ្ឋអាមេរិក។

ក្រុមជនសង្ស័យបាន បង្គាប់ឱ្យដើមបណ្តឹងដែលជាម្តាយ របស់ឈ្មោះ ឡេង វិសិដ្ឋ ជាអ្នកជួយធានាបំណុលឱ្យ កូនបំណុល ៣នាក់ខាងលើ សងប្រាក់ ទាំងអស់ ទៅស្ថាប័ន ស្ថាប័នមីក្រូហិរញ្ញវត្ថុ “ប្រតិបត្តិករឥណទានប្រសិទ្ធ” ជំនួស កូនបំណុល និងកូនប្រុសរបស់ខ្លួន បើមិនដូច្នោះទេ ក្រុមជនសង្ស័យ នឹងប្តឹងបរិហា ដើមបណ្តឹង និងកូនប្រុសជាមិនខាន។

ដោយសារតែដើមបណ្តឹងជាម្តាយរបស់ ឈ្មោះ ឡេង វិសិដ្ឋ ដែលជាអ្នកជួយធានាបំណុលឲ្យអ្នក ដទៃ មិនបានដឹងរឿងអ្វីសោះ ប៉ុន្តែត្រូវក្រុមជនសង្ស័យទៅ គំរាមកំហែង និងគំរាមប្តឹង បែបនេះ ទើបដើមបណ្តឹងសម្រេចចិត្តដាក់ពាក្យប្តឹង ក្រុមជនសង្ស័យទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យជួយរកយុត្តិធម៌ឱ្យតែម្តងទៅ។

ទោះជាយ៉ាងណា ព័ត៌មានចុងក្រោយពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីសាកសួរ ចប់ តំណាងអយ្យការបានអនុញ្ញាតឱ្យជនសង្ស័យ ទាំង ៤នាក់ត្រលប់ទៅផ្ទះវិញ ដោយមានការបង្គាប់ឱ្យឃាត់ខ្លួនជនសង្ស័យណាម្នាក់នោះទេ។

គួររំលឹកថា ពាក់ព័ន្ធនឹងវិស័យ មីក្រូហិរញ្ញវត្ថុ និងធនាគារឯកជននេះ កាលពីអំឡុងឆ្នាំ២០១៧ សម្តេច តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវ ឱ្យគ្រឹះស្ថានហិរញ្ញវត្ថុឯកជនទាំងអស់ និងប្រព័ន្ធផ្សព្វផ្សាយផង ចូលរួមផ្សព្វផ្សាយឱ្យពលរដ្ឋ ដឹងថា ស្ថាប័នផ្តល់ប្រាក់កម្ចីទាំងអស់នោះមិនមែនជារបស់រដ្ឋនោះទេ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំថា ពួកគាត់បាន ខ្ចីលុយទាំងអស់នោះពីរដ្ឋ ដោយថែមទាំងនិយាយតៗគ្នាថា “ជំពាក់លុយរដ្ឋៗ” ដែលជាហេតុនាំឱ្យ មានក្រុមអ្នកឆ្លៀតឱកាស កេងចំណេញពីការយល់ច្រឡំមួយនេះ។

ទន្ទឹមនឹងនោះ សម្តេច តជោ ក៏បានអំពាវនាវ ឱ្យអាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធទាំងអស់ កុំសហការជាមួយស្ថាប័នផ្តល់ប្រាក់កម្ចីឯកជនទាំងអស់នោះ ទៅរឹបអូសទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ឬទៅគំរាមកំហែងរឹបអូស ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឱ្យសោះ ៕ សតារា

 

 


ចែករំលែក៖