ព័ត៌មានទាន់ហេតុការណ៍៖

តំណែងប្រធានការិយាល័យអប់រំស្រុកព្រៃ កប្បាសកំពុងបង្កើតសង្រ្គាមដណ្ដើមគ្នា

ចែករំលែក៖

ខេត្តតាកែវ ៖ តំណែងជាប្រធានការិយា ល័យអប់រំស្រុកព្រៃកប្បាសកំពុងត្រូវបាននាយកវិទ្យាល័យម្នាក់ និងប្រធានការិយាល័យ ស្ដីទីម្នាក់ដណ្ដើមគ្នាចង់ធ្វើជាប្រធាន ។

តាមប្រភពពីក្រុមមន្រ្តីនៃការិយាល័យអប់រំស្រុកព្រៃកប្បាសបានឲ្យដឹងថា លោក អ៊យ សុជាតិ មានតួនាទីជានាយកវិទ្យាល័យ ហេង សំរិន ព្រៃល្វាបានឃុបឃិតជាមួយក្រុមអាជ្ញាធរស្រុកព្រៃកប្បាសដាក់ពាក្យស្នើសុំធ្វើជាប្រធានការិយាល័យអប់រំទាំងខ្លួនគ្មានបទពិសោធន៍ក្នុងការដឹកនាំក្នុង ការិយាល័យផងនោះ ។

ប្រភពបានបន្ដទៀតថា ក្រោយពីបានត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរស្រុកដែលបានសុំស្នើឲ្យលោក អ៊យ សុជាតិ ធ្វើជាប្រធានការិយាល័យអប់រំស្រុកព្រៃកប្បាសរួចមកក៏ត្រូវបានលោក ស៊ីវ សុខន ប្រធានមន្ទីរអប់រំ យុវជន និង កីឡាខេត្តតាកែវបដិសេធដោយលោកមិនព្រមបោះត្រានិងចុះហត្ថលេខាតែងតាំងឲ្យលោក អ៊យ សុជាតិ ធ្វើជាប្រធានការិយាល័យអប់រំស្រុកព្រៃកប្បាស នោះទេដោយសំអាងថា លោកអ៊យ សុជាតិ មិនធ្លាប់មានបទពិសោធន៍ក្នុងការដឹកនាំ មន្រ្តីនៅក្នុងការិយាល័យអប់រំនោះឡើយ។

ប្រភពបានឲ្យដឹងបន្ដទៀតថា លោក អែម អន ប្រធានស្តីទីការិយាអប់រំស្រុកព្រៃ កប្បាសក៏បានរត់ការសុំធ្វើជាប្រធានការិយាល័យអប់រំនេះដែរព្រោះថា លោកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំដោយ សារតែលោកជាអនុប្រធានការិយាល័យ៤ឆ្នាំមកហើយៗបច្ចុប្បន្នលោកជាប្រធានការិយាល័យស្ដីទីថែមទៀតផង ។

ជុំវិញករណីខាងលើនេះអ្នកយកព័ត៌ មាននគរវត្តមិនអាចសុំការបំភ្លីពីលោក អ៊យ សុជាតិ បានទេដោយទូរស័ព្ទទៅមិន ចូល ។ ចំណែកលោក អែម អន ប្រធាន ស្តីទីការិយាល័យអប់រំស្រុកព្រៃកប្បាសបានឲ្យដឹងថា ពិតជាមានករណីដណ្ដើមតំណែង ប្រធានការិយាល័យអប់រំស្រុកប្រាកដមែន។

លោកបន្ដថា ខាងអាជ្ញាស្រុកពិតជា បានធ្វើពាក្យស្នើសុំតែងតាំងលោក អ៊យ សុជាតិ ដែលមានតួនាទីជានាយកវិទ្យាល័យ ហេង សំរិន ព្រៃល្វាធ្វើជាប្រធានការិយាល័យ អប់រំពិតមែន តែខាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវមិនព្រមទទួលស្គាល់នោះទេដោយសំអាងថា គាត់ខ្វះបទពិសោធន៍ ក្នុងការគ្រប់គ្រង ។

លោក អែម អន បានបញ្ជាក់បន្ថែមថា ខាងមន្ទីរអប់រំខេត្តរៀបចំដាក់លោកជា ប្រធានការិយាល័យអប់រំស្រុកព្រៃកប្បាសព្រោះសំអាងថា លោកមានបទពិសោធន៍ គ្រប់គ្រាន់។

លោក អុិត សា អភិបាលស្រុកព្រៃ កប្បាសបានឲ្យដឹងថា លោកបានធ្វើពាក្យ ស្នើសុំទៅខេត្តហើយដោយសុំឲ្យលោក អ៊យ សុជាតិ ធ្វើជាប្រធានការិយាល័យអប់រំស្រុកព្រៃកប្បាស ដូច្នេះខាងអាជ្ញាធរខេត្តនិងប្រធានមន្ទីរអប់រំជាអ្នកសម្រេចទៅចុះ៕ ជី សូរកា

e3

1w3


ចែករំលែក៖