ព័ត៌មានទាន់ហេតុការណ៍៖

ត្មាតភ្លើង៣សម្បុករកឃើញនៅក្នុងដែនជម្រកសត្វព្រៃឆែប

ចែករំលែក៖

ភ្នំពេញ៖ សត្វត្មាតភ្លើងដែលជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើពិភព លោក ៣សម្បុក ត្រូវបានក្រុមអ្នកអភិរក្ស របស់ក្រសួងបរិស្ថានអង្គការ WCS និង សហគមន៍ រកឃើញនៅក្នុងដែនជម្រក សត្វព្រៃឆែប ខណៈសត្វត្មាតភ្លើងតិចជាង៥០ក្បាលប៉ុណ្ណោះមានវត្តមាននៅក្នុង ប្រទេសកម្ពុជា ហើយការរកឃើញសម្បុក នេះគឺជាក្តីសង្ឃឹមដ៏ធំមួយដើម្បីអភិរក្ស ប្រភេទសត្វនេះកុំឲ្យបាត់បង់នៅពេលខាងមុខដ៏ខ្លី ។

ចំនួនសត្វត្មាតនៅលើសកលលោក មានការធ្លាក់ចុះខ្លាំងគួរឲ្យព្រួយបារម្ភ សត្វត្មាតនៅកម្ពុជាមានចំនួន៣ប្រភេទ គឺត្មាត ភ្លើង ត្មាតត្នោត និងត្មាតផេះ សត្វត្មាតទាំង ៣ប្រភេទនេះ ស្ថិតនៅក្នុងបញ្ជីក្រហម របស់អង្គការ IUCN ជាប្រភេទសត្វរង គ្រោះជិតផុតពូជបំផុតលើសកលលោក ។

នៅកម្ពុជាសត្វត្មាតទាំង៣ប្រភេទនេះមានចំនួន២០០-៣០០ក្បាលប៉ុណ្ណោះដែលជាចំនួនច្រើនជាងគេបង្អស់នៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ ដែលជាផ្នែកមួយនៃកម្មវិធីការពារសម្បុកសត្វស្លាប អង្គការ WCS បានជួលសមាជិកសហគមន៍ចំនួន៦នាក់ ឲ្យការពារសម្បុកសត្វត្មាតទាំង៣នេះ ។ ពួកគាត់ទទួលបានប្រាក់កម្រៃពីការងារនេះ រហូតដល់ពងសត្វត្មាតញាស់ ហើយ កូនអាចហើរចេញពីសម្បុកជំនួសឲ្យការប្រមូលយកពងកូនសត្វស្លាបទៅលក់ ។

លោក ស៊ឹង សាំង អ្នកយាមសម្បុកត្មាត ភ្លើងបាននិយាយថា “ខ្ញុំពេញចិត្តនឹងការងារយាមសម្បុកសត្វត្មាតនេះណាស់ពី ព្រោះវាជួយឲ្យខ្ញុំអាចរកប្រាក់ចំណូល ដើម្បីជួយគ្រួសារ និងអាចថែរក្សាសត្វត្មាត ដែលកាន់តែកម្រនាពេលបច្ចុប្បន្ន ។ ខ្ញុំបានចំណាយពេលយាមសម្បុកវាជា​ប្រចាំដើម្បីការពារពីហានិភ័យនានា និង​ ប្តេជ្ញាចិត្តថែរក្សាពួកវាឲ្យបានសម្រាប់ក្មេង ជំនាន់ក្រោយ” ។

ការកើនឡើងនៃការបាត់បង់ព្រៃឈើ និងការផ្លាស់ប្តូរដីព្រៃតាមរយៈដីសម្បទានសេដ្ឋកិច្ចនិងការកាប់ឆ្ការដីព្រៃបានជះឥទ្ធិពលដល់ការបាត់បង់ទីជម្រកពងកូន និងកាត់បន្ថយប្រភេទសត្វជាចំណីរបស់ហ្វូង ត្មាតផងដែរ ។សត្វត្មាតយ៉ាងតិចចំនួន៣០ក្បាលនៅក្នុងប្រទេសកម្ពុជា ត្រូវបានគេសម្លាប់នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដោយសារការប្រើប្រាស់ថ្នាំពុលដាក់តាមត្រពាំងក្នុងព្រៃ ដើម្បីចាប់សត្វស្លាបនិង​ថនិក​​សត្វមាឌតូច។ បញ្ហានេះបង្ក​គ្រោះ​ថ្នាក​់​ធ្ងន់ធ្ងរដល់ចំនួន​សត្វត្មាត​នៅកម្ពុជា ។

លោកតាន់ សុផាន់មន្ត្រីសម្របសម្រួលគម្រោងអភិរក្សសត្វត្មាតរបស់អង្គការ WCS ប្រចាំដែនជម្រកសត្វព្រៃឆែប បាន លើកឡើងថា ត្មាតភ្លើង គឺជាប្រភេទសត្វដ៏ កម្របំផុតនៅកម្ពុជា ហើយចំនួនរបស់ពួក វាមានតិចតួចណាស់នាពេលបច្ចុប្បន្ននេះ និងប្រឈមខ្ពស់នឹងការផុតពូជនៅពេល ខាងមុខដ៏ខ្លី។ ក្រៅពីកម្មវិធីការពារសម្បុក យើងក៏បានរៀបចំជាអាហារដ្ឋានត្មាតដើម្បី ផ្តល់ចំណីឲ្យពួកវាជារៀងរាល់ខែ ។

អាហារដ្ឋានត្មាត គឺជាទីកន្លែងត្រូវបានបង្កើតឡើងដើម្បីផ្តល់ចំណីបន្ថែម ដល់ ហ្វូងសត្វត្មាតនៅកម្ពុជា។ អាហារដ្ឋាននេះ គឺជាកិច្ចសហការរួមគ្នារវាងក្រសួងបរិ ស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងអង្គការ អភិរក្សជាច្រើន ហើយបានចូលរួមលើកកម្ពស់ការយល់ ដឹងអំពីសារៈសំខាន់នៃតំបន់នេះសម្រាប់ការថែរក្សាតំបន់ការពារនេះ និងសុខភាព មនុស្ស ។

លោក សុផាន់ បានបន្តថា “ភ្ញៀវទេសចរដែលមកកាន់អាហារដ្ឋានត្មាតរៀបចំ ដោយមជ្ឈមណ្ឌលសំវាសនាសុទ្ធតែបាន រួមចំណែកអភិរក្សហ្វូងសត្វត្មាតកុំឲ្យបាត់ បង់ និងជួយលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាសហគមន៍” ។

សកម្មភាពអភិរក្សសត្វត្មាតនៅដែន ជម្រកសត្វព្រៃឆែបទទួលបានការគាំទ្រពី AFD, មជ្ឈមណ្ឌល សំ វាសនា និងសហ ភាពអឺរ៉ុប ។ នេះបើយោងតាមការចេញ ផ្សាយរបស់ WCS ៕ ហេង សូរិយា


ចែករំលែក៖