ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃទី​២២ សីហា​ តុលាការ​កំពូល​ ធ្វើ​សវនាការ​រឿង​លោក​កឹម​ សុខា

ចែករំលែក៖

ភ្នំពេញ​៖ ព្រឹក​ថ្ងៃ​ទី​២២​ ខែ​សីហា​ ខាងមុខ​នេះ​ តុលាការ​កំពូល​នឹង​បើក​សវនាការ​រឿង​ក្តី​លោក​កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ។

ដីកា​តុលាការ​កំពូល​ ដែល​ទទួល​បាន​បង្ហាញ​ថា​ សវនាការ​នេះ​ដឹកនាំ​ដោយ​លោក​គង់​ ស្រ៊ីម​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ និង​ លោក​ ឈួន​ ចាន់ថា​ ជា​តំណាង​មហា​អយ្យការ​ ។

កម្ម​វត្ថុ​នៃ​បណ្តឹង​នេះ​ គឺ​ ពាក់ព័ន្ធ​ការ​បន្ត​ឃុំ​ខ្លួន​លោក​កឹម​ សុខា​ ៦ខែ​ទៀត​ ។

​គួរ​បញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ បទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើតឱ្យមាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឱ្យមាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី ១៥ ដល់ ៣០​ឆ្នាំ​។​

​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពាក់កណ្តាល​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​។ ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ​ហើយ​នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៧ ព្រះរាជអាជ្ញា​៣​រូប​បាន​ទៅដល់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ដើម្បី​សាកសួរ​លោក កឹម សុខា​ដោយ​ការសាកសួរ​នោះ ក៏មាន​វត្តមាន​របស់​មេធាវី​ទាំង ៥​រូប របស់លោក កឹម សុខា ដែរ​៕ចេស្តា

 


ចែករំលែក៖