ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះ គណបក្សប្រជាជនកម្ពុជាឃោសនាបោះឆ្នោត​ទ្រង់ទ្រាយ​ធំ ​ភ្ជាប់​ជាមួយ​ពិធី​រម្លឹក​ខួប​៦៧​ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ នៅ​ថ្ងៃ​ឃោសនាបោះឆ្នោត​ដំបូង ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ នេះ គណបក្ស​ប្រជាជន​កម្ពុជា (CPP) មាន​ការហែក្បួន​ទ្រង់ទ្រាយ​ធំ ដោយភ្ជាប់​គ្នាជាមួយពិធី​ខួបរម្លឹក៦៧ឆ្នាំ នៃការបង្កើត​គណបក្ស​ប្រជាជន​កម្ពុជាផងដែរ ​។

​គណបក្ស​ប្រជាជន​កម្ពុជាធ្វើ​ពិធី​បូក​បញ្ចូល​គ្នារវាង​ការឃោសនាបោះឆ្នោតឆ្នាំ២០១៨ នឹង​រម្លឹក​ខួប​នៃ​ការបង្កើតគណបក្សនេះ ស្ថិតនៅទីតាំង​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ដោយមាន​អ្នកចូលរួម​ប្រមាណជាង​១០​ម៉ឺន​នាក់ ​។​

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម​ថ្លែង​សុន្ទរកថា​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ផ្ទាល់ ហើយក្រោយពី​បញ្ចប់​សុន្ទរកថា ក្បួន​​ដង្ហែ ច្បាប់ផ្តើមទៅកាន់​ខណ្ឌ​រៀងៗ​ខ្លួន ក្នុង​រាជធានី​ភ្នំពេញ ចំណែក នៅតាម​បណ្ដា​ខេត្ត​ទាំង​២៤ ក៏​ដង្ហែ​ក្បួន​ឃោសនា​ព្រម​គ្នា​ផងដែរ ​។

យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ធ្វើ​ឡើង​ចាប់ពីថ្ងៃ​នេះ ថ្ងៃសៅរ៍ ១០រោជ ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី​៧ ខែកក្កដា ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ មាន​រយៈពេល​២១​ថ្ងៃ​គត់។

ការបោះឆ្នោត នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយមាន​គណបក្ស​២០ ចូលរួម​ប្រកួតប្រជែង​ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ត្រូវប្រជាពលរដ្ឋលើកឡើងថា នឹងឈ្នះការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី ៕ ថាច់ យ៉ាត


ចែករំលែក៖