ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈប្រជាពលរដ្ឋ៖ បក្សសង្គ្រោះជាតិរលាយ គឺជាការបិទបញ្ចប់សករាជនៃ នយោបាយគំនុំសងសឹក!

ចែករំលែក៖

«ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» នេះ គឺជាសុភាសិតបូរាណខ្មែរដែលឆ្លុះបញ្ចាំង យ៉ាងល្អពីតថភាពនៃនយោបាយប្រទេសកម្ពុជា។ ពីមួយជំនាន់ទៅមួយជំនាន់ទៀត អ្នកនយោបាយខ្មែរតែងតែ ប្រកាន់យកនយោបាយគំនុំសងសឹកមកធ្វើជាគោលដៅនៃការផ្តួលរំលំគ្នា ហើយបើអ្នកណាបានឈ្នះឡើងកាន់ អំណាចពួកគេតែងតែកម្ទេចអ្នកចាស់ឬអ្នកដែលមាននិន្នាការប្រឆាំងជាមួយខ្លួន។ នយោបាយគំនុំសងសឹក កាន់តែចាក់ឬសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរ ហើយលទ្ធផលបានស្តែងឡើងយ៉ាងច្បាស់បំផុតនៅក្នុងជំនាន់ ប៉ុល ពត។ ពួកខ្មែរក្រហមបានយកគំនុំវណ្ណៈមកសងសឹកយ៉ាងព្រៃផ្សៃ ដោយពួកគេបានបែងចែកប្រជាជនចាស់ និងប្រជាជនថ្មី ឬហៅពួក ១៧មេសា ដែលពួកគេត្រូវធ្វើបាប និងកាប់សម្លាប់យ៉ាងរង្គាល ដើម្បីជាការសងសឹក។ ពួកខ្មែរក្រហមស្អប់អ្នកមាន និងអ្នកកាន់អំណាចមុនៗដោយចាត់ទុកអ្នកទាំងនោះ ជាសត្រូវដែលត្រូវតែកម្ទេច ចោល។ ជាលទ្ធផល ជីវិតខ្មែរជាង ២ លាននាក់ត្រូវបានពួកអាវខ្មៅផ្តាច់ជីវិតយ៉ាងវេទនា និងយ៉ាងអយុត្តិធម៌ ក្រោមនយោបាយលុបបំបាត់វណ្ណៈសង្គមគ្មានកម្មសិទ្ធិឯកជន និងធ្វើឲ្យមនុស្សស្មើភាពគ្នា រីឯអ្នកដែលនៅ សេសសល់ពីស្លាប់បានទទួលរងភាពខ្ទេចខ្ទាំខាងស្មារតីយ៉ាងដំណំ។

ក្រោយរបបខ្មែរក្រហមដួលរលំទៅ គណបក្សប្រជាជនកម្ពុជាដែលជាអ្នករំដោះប្រទេសចេញពីរបប វាលពិឃាតបានខិតខំកសាងប្រទេសឡើងវិញពីចំណុចក្រោមសូន្យ។ ការប្រមែប្រមូលធនធានមនុស្សដែល នៅសេសសល់ពីការកាប់សម្លាប់ដើម្បីមកជួយស្តារប្រទេសជាតិឡើងវិញគឺជាបេសកកម្មសំខាន់បំផុតកាលពីជំនាន់នោះ។ រីឯការកសាងធនធានមនុស្សថ្មីធ្វើឡើងក្រោមទិសស្លោក «អ្នកចេះច្រើនបង្រៀនអ្នកចេះតិច ~ អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ»។ នៅពេលដែលការស្តារប្រទេសឡើងវិញចេញពីគំនរផេះផង់បាន បោះជំហ៊ានទៅមុខយ៉ាងលំបាកលំបិន ហើយបានទទួលលទ្ធផលគួរជាទីមោទនៈ ក៏ស្រាប់តែមានខ្មែរមួយក្រុម ដែលរត់ទៅសម្ងំសុខពេលស្រុកមានអាសន្ននោះ នាំគ្នាជិះយន្តហោះ ពាក់ក្រវ៉ាត់ក អាវធំ វ៉ែនតាបែបហំហាន មកស្រែកឡូឡា តាំងខ្លួនជាអ្នកប្រជាធិបតេយ្យអ្នកការពារសិទ្ធមនុស្សចេញមកឆ្ការដៃ ឆ្ការជើងប្រទិច ផ្តាសារ អ្នកដែលយកជីវិតធ្វើដើមទុនដើម្បីរំដោះប្រទេស និងប្រជាជនចេញពីរណ្តៅមរណៈ។ ក្រុមនេះ ដែលមាន សម រង្ស៊ី ជាមេក្លោងបានមកជាន់ឈ្លីគេឯងដោយគ្មានកោតក្រែង។

លើសពីនេះ ពួកគេបានចម្លងយកនយោបាយគំនុំសងសឹក លាបពណ៌ និងបំបែកបំបាក់ខ្មែរ ដូចពួកខ្មែរ ក្រហមបេះបិត។ សម រង្ស៊ី កសាងប្រជាប្រិយភាពនយោបាយដោយប្រើការវាយប្រហារ ជេរប្រមាថបុគ្គល និង ការលាបពណ៌ឲ្យមេដឹកនាំបក្សកាន់អំណាចថាជាអាយ៉ងយួន។ សម រង្ស៊ី តាំងខ្លួនជាសត្រូវស្លាប់រស់របស់របប ដឹកនាំក្រុងភ្នំពេញរហូតដល់ហ៊ានប្រើពាក្យ «មានស៊ីអត់សែន មានសែនអត់ស៊ី»។ អ្នកនយោបាយកាកសំណល់ ខ្មែរក្រហមរូបនេះក៏តាំងខ្លួនជាសត្រូវជាមួយអ្នកមានដោយចាត់ទុកក្រុមឧកញ៉ា មហាសេដ្ឋី ថាជាមុខសញ្ញាដែល ត្រូវរឹបអូសទ្រព្យសម្បត្តិពេលដែលគាត់បានឡើងកាន់អំណាច។ សម រង្ស៊ី ក៏ចាត់ទុកប៉ូលិស ទាហាន មន្ត្រីរាជការ អាជ្ញាធរ និងមន្ត្រីតុលាការថា ជាសត្រូវដែលជាមុខសញ្ញាត្រូវកម្ចាត់ពេលដែលអំណាចធ្លាក់លើដៃរបស់គាត់។

តាមរយៈនយោបាយបំបែកបំបាក់ លាបពណ៌ និងគំនុំសងសឹកតាមបែប «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» នេះហើយទើបសង្គមខ្មែរស្គាល់ការបែកបាក់ជាថ្មី។ ក្រុមអ្នកគាំទ្រ សម រង្ស៊ី ផ្កាប់មុខ ទាំងឡាយ ជាពិសេសអ្នករស់នៅក្រៅប្រទេសមួយចំនួនមិនញញើតនឹងសាបព្រួសវប្បធម៌នយោបាយគំនុំ សងសឹកឲ្យខ្មែរស្អប់ខ្មែរ ឲ្យពលរដ្ឋស្អប់មេដឹកនាំ ឲ្យខ្មែរស្អប់ជនជាតិដែលរស់នៅក្បែរខាង និងឲ្យអ្នកក្រស្អប់ អ្នកមាន អ្នកតូចស្អប់អ្នកធំ។ ក្នុងមួយជីវិតនយោបាយរបស់ខ្លួន សម រង្ស៊ី បានសាបព្រួសវប្បធម៌នយោបាយ អរិយភាពរវាងខ្មែរនិងខ្មែរតែរហូត។ មួយម៉ាត់ណាក៏គាត់ដៀលមេដឹកនាំបក្សកាន់អំណាច ម៉ាត់ណាក៏លាប ពណ៌គេជាអាយ៉ង ទៅដល់ទីណាក៏គាត់ពឺតតែពីសំអុយប្រទេសជាតិខ្លួនឯងប្រាប់ដល់ពួកបរទេស។ គោលដៅ របស់ សម រង្ស៊ី គឺការតោងចាប់អំណាចតាមរយៈការបញ្ឆេះកំហឹងប្រជាពលរដ្ឋខ្មែរឲ្យស្អប់មេដឹកនាំគណបក្ស ប្រជាជនកម្ពុជា គឺគាត់មិនដែលខំសាងកេរឈ្មោះឲ្យល្អតាមរយៈការខិតខំបង្ហាញគោលនយោបាយ ឬការកសាង សមិទ្ធផល និងការជួយប្រជាពលរដ្ឋខ្លួនឯងដោយស្មោះត្រង់ម្តងណាទេ។ ប្រជាប្រិយភាពរបស់គាត់ដែលមាន កន្លងទៅនេះ គឺបានមកពីនយោបាយបង្កអរិយភាពជាមួយមេដឹកនាំបក្សកាន់អំណាច និងការបញ្ឆេះកំហឹង ប្រជាពលរដ្ឋទាំងអស់។

ប៉ុន្តែ ជាសំណាងល្អប្រជាពលរដ្ឋខ្មែរភាគច្រើននៅតែរក្សាបាននូវសីលធម៌ កត្តញ្ញូតាធម៌ និងបាន បង្ហាញពីភាពចាស់ទុំដោយពួកគេនៅតែបន្តគាំទ្រអំពើល្អ នៅតែបន្តផ្តល់តម្លៃនយោបាយបង្រួបបង្រួមជាតិ ដោយសារពួកគេយល់ថា ជាមួយគណបក្សប្រជាជនកម្ពុជា ទោះអ្នកស្ថិតនៅក្នុងនិន្នាការនយោបាយបែប ណាក៏អាចរស់នៅជាមួយគ្នាបានលើកលែងតែអ្នកបំពានច្បាប់របស់រដ្ឋចេញ។ ដោយសារតែហេតុនេះហើយ បានជា សម រង្ស៊ី បោះឆ្នោតមិនដែលឈ្នះលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ទេ។ ទីបំផុត សម រង្ស៊ី យល់ច្បាស់ថា ការតស៊ូតាមផ្លូវបោះឆ្នោតមិនអាចឈានទៅចាប់អំណាចបានឡើយ។ គាត់ក៏ប្តូរយុទ្ធសាស្ត្រទៅជាការផ្តួលរំលំ តាមបែបបដិវត្តន៍ពណ៌វិញក្រោមផ្លាកមហាបាតុកម្ម។ មកដល់ដំណាក់កាលនេះ សម រង្ស៊ី រឹតតែបង្កើន នយោបាយគំនុំសងសឹកទ្វេដង។ គាត់បង្កើនការញុះញង់ឲ្យពលរដ្ឋស្អប់មេដឹកនាំកាន់តែខ្លាំង។ សម រង្ស៊ី ធ្លាប់ បានសាកល្បងប្រើចលនាបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាលកាលពីក្រោយការបោះឆ្នោតឆ្នាំ ២០១៣ ។ ប៉ុន្តែការសាកល្បងរបស់គាត់ទទួលបរាជ័យទាំងស្រុង។ ចាប់ពីពេលនោះមកចលនាបដិវត្តន៍ពណ៌ដែលមាន ការជួយជ្រោមជ្រែងពេញទំហឹងពីបរទេស និងដែលធ្លាប់ទទួលជោគជ័យនៅបណ្តាប្រទេសមួយចំនួនដូចជា ទុយនេស៊ី លីប៊ី អ៊ីរ៉ាក់ អេហ្ស៊ីប ជាដើមតែបែរជាបរាជ័យទាំងស្រុងនៅកម្ពុជា។

ពេលនេះ ប្រហែលជាមាន ប្រវត្តិវិទូខ្លះកំពុងអង្គុយសរសេរអំពីបរាជ័យនៃបដិវត្តន៍ពណ៌នៅកម្ពុជា ដើម្បីចងក្រងជាសៀវភៅទុកឲ្យអ្នក ជំនាន់ក្រោយអានបាត់ទៅហើយ។

ទោះជាទទួលបរាជ័យបែបនេះក៏ដោយ ក៏លោក សម រង្ស៊ី និងក្រុមរបស់គាត់នៅតែបន្តព្យាយាមដើម្បី សម្រេចបំណងដដែល។ ដោយមានការគាំទ្រពីក្រោយយ៉ាងពេញទំហឹងពីមហាអំណាចលោកខាងលិចមួយ ចំនួន និងដោយមានបណ្តាញលាក់មុខក្នុងអង្គការសង្គមស៊ីវិលក្នុងស្រុក និងបរទេសមួយចំនួនផងនោះ សម រង្ស៊ី នៅតែចិញ្ចឹមចិត្តប្រើប្រាស់បដិវត្តន៍ពណ៌ម្តងទៀតក្នុងការបោះឆ្នោតឆ្នាំ ២០១៨ នេះ។ ពួកគេនៅតែបន្តសាបព្រួស នយោបាយអរិយភាព គំនុំសងសឹក កាន់តែខ្លាំងរហូតដល់ហ៊ានបំពានច្បាប់ប្រទេស។ តែគាត់ភ្លេចគិតថាច្បាប់ មានអានុភាពអាចរំលាយអង្គការចាត់តាំងនយោបាយរបសគាត់បាន។ ទីបំផុតគណបក្សសង្គ្រោះជាតិក៏ត្រូវ រលាយដោយអំណាចផ្លូវច្បាប់។

ដូច្នេះ ការរំលាយបក្សសង្គ្រោះជាតិដោយអំណាចសាលដីកាតុលាការកំពូលអាចនិយាយបានថា ជាការ បិទបញ្ចប់សករាជនៃនយោបាយគំនុំសងសឹកពីប្រទេសកម្ពុជាហើយ ឬនិយាយតាមបែបម្យ៉ាងទៀត ជាការបិទ បញ្ចប់មិនឲ្យស្រមោលរបបខ្មែរក្រហមវិលមកវិញបានឡើយ។ គណបក្សនយោបាយផ្សេងៗទៀត ជាពិសេស គណបក្សទាំង ២០ ដែលត្រូវប្រកួតគ្នាក្នុងការបោះឆ្នោតថ្ងៃទី ២៩ កក្កដា ខាងមុខនេះសុទ្ធតែមានគោល នយោបាយទន់ភ្លន់ មិនជ្រុលនិយមដូចលោក សម រង្ស៊ី ឡើយ។ ពួកគេយល់ច្បាស់អំពីស្ថានការណ៍ស្រុកទេស ដែលត្រូវការសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ដើម្បីរក្សាលំនឹងជីវភាពរបស់ប្រជាពលរដ្ឋ។ ដូច្នេះ ទោះជា គណបក្សណាមួយឈ្នះឆ្នោតក៏ដោយ ក៏ខ្មែរអាចរស់នៅជាមួយគ្នាបានដោយសុខសាន្ត។ គ្មានសង្គ្រោះជាតិ គ្មាននយោបាយគំនុំសងសឹក គ្មានការវិលវិញនៃរបបខ្មែរក្រហម៕ សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គមខេត្តកំពង់ចាម

 


ចែករំលែក៖