ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈល្ងីល្ងើ៖ គិតទៅអាគាំងចៅតាខូចមែន ដុតកម្ទេចផ្ទះគេហើយ ឆ្លើយថាខ្យល់ព្យុះបំផ្លាញ ?

ចែករំលែក៖

ពូរត់រ៉ឺម៉កម៉ូតូមានវ័យជាង៦០ឆ្នាំម្នាក់ បានមកអង្គុយផឹកកាហ្វេខ្មៅក្រោមដើមក្រខុបជា មួយខ្ញុំហើយបានទាញកាសែតដែលអ្នកលក់កាហ្វេជាវទុកជូនភ្ញៀវអានកម្សាន្តនិងធ្វើការពិចារ ណារាល់ព័ត៌មានផ្សេងៗក្នុងប្រទេស និងក្រៅប្រទេស ដែលកំពុងវិវឌ្ឍន៍នាពេលសព្វថ្ងៃនេះ។

លោកពូទាញបារីមួយដើមមកអុជរួចបញ្ចេញផ្សែងហុយទ្រលោមឡើងលើ ទើបទាញយកវ៉ែនតាសពីហោប៉ៅអាវមកពាក់និងដៃម្ខាងឈោងយកកាសែតនគរវត្តមកអានដែលមានចំណងជើងអត្ថបទធំៗថា « អាជ្ញាធរមីនអញ្ជើញលោកទូតអាមេរិក ទៅចាប់កាន់ឬហិតគ្រាប់បែកគីមីដែលថាជាឧស្ម័នបង្ហូរទឹកភ្នែក » ដែលគ្រាប់បែកនេះត្រូវបានគេដឹងថា បន្សល់ទុកតាំងពីទសវត្សឆ្នាំ ៧០ ដែលអាគាំង(អាមរិក)យកមកទម្លាក់ឲ្យផ្ទុះបណ្តេញយៀកកុង(វៀតណាមខាងជើង)នៅស្រុករមាសហែកខេត្តស្វាយរៀង ។

លោកពូប្រឹងអានម្តងហើយម្តងទៀតមិនដាក់ភ្នែក ស្រាប់តែគាត់ផ្ទុះសំណើចតែម្នាក់ឯង និងលាន់មាត់ថា ហ៊ឹស! កោតលោកទូតអាគាំងថា ជាគ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែកទៅកើត? បំផ្លាញ ផ្ទះអញហើយចង់បង្វែររឿងថាផ្ទះអញបាក់ដោយសារខ្យល់ព្យុះ ? គិតទៅមហាអំណាចមួយនេះខូចមែន មានភស្តុតាងនៅជ្រងោៗប៉ុណ្ណឹងហើយ កោតឆ្លើយបង្វែរមិនទទួលខុសត្រូវទៅរួចដែរណ៎ ?

លោកពូលើកកែវកាហ្វេផឹកមួយក្អឹក ទើបយកដៃមកកេះខ្ញុំខ្វាច់រួចនិយាយរៀបរាប់ប្រាប់ខ្ញុំថា បើពូគិតមិនខុសទេ ក្មួយឯងកើតមិនទាន់សម័យគ្រាប់ផ្លោងនោះទេ ពូឯណេះបានដល់ក ព្រោះកើតក្នុងសម័យអាគាំងធ្វើសង្គ្រាមនៅឥណ្ឌូចិន គេចគ្រាប់បែករាប់តោនរបស់អាគាំងសឹងថាមិនអាចរស់បានមកដល់សព្វថ្ងៃផង។ ក្មួយដឹងទេជាង៤០ឆ្នាំហើយ រណ្តៅគ្រាប់បេ៥២ របស់អាគាំងនៅដល់សព្វថ្ងៃដោយកន្លែងខ្លះមិនទាន់រលុបនៅឡើយទេ ជាពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែនវៀតណាម ។ អាគាំងដេញយៀកកុង តែអ្នកស្លាប់គឺខ្មែរ ម្ល៉ោះហើយគេ មិនខ្លាចញញើតទម្លាក់គ្រាប់បែកគ្រប់ប្រភេទ រួមទាំងគ្រាប់បែកគីមីផង ហើយពេលនោះគ្មានអង្គការអន្តរជាតិ ឬ ក្រុមសិទ្ធិមនុស្សទៅរារាំងមហាអំណាចនេះបានឡើយ។ ទាំងនេះនៅមិន ទាន់គិតពីការធ្វើសង្រ្គាមដោយថ្មើរជើង និងផ្លូវទឹកដែលអាគាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ដូច ជា ផ្ទះសម្បែង ស្ពាន ផ្លូវថ្នល់ សាលារៀន វត្តអារ៉ាម និងអាយុជីវិតប្រជាពលរដ្ឋដែលស្លាប់ដោយចុងកាណុង គ្រាប់កាំភ្លើងត្បាល់ និងទម្លាក់គ្រាប់បែកតាមយន្តហោះនៅឡើយ។

លោកពូចាប់ផ្តើមលេបកាហ្វេខ្មៅមួយក្អឹកទៀត ទើបបន្តការរៀបរាប់ទៀតថា ភស្តុតាង បានបន្សល់ទុកក្នុងសម័យសង្គ្រាមមកដល់សព្វថ្ងៃនេះ វាសមល្មមអាគាំងទទួលស្គាល់ហើយ ជាពិសេសតាមរយៈការស្រាវវជ្រាវរបស់វិស័យសុខាភិបាលឃើញមានមនុស្សមិនតិចជាង៥០នាក់បានទទួលរងផលប៉ះពាល់ដោយគ្រាប់បែកគីមីរបស់អាគាំងនៅកម្ពុជា ដែលធ្វើឲ្យពិការរាងកាយ មានជំងឺមិនប្រក្រតី វៀចមាត់ ក្បាលធំ និងសើស្បែកជាដើម ។

លោកពូសង្កត់ធ្ងន់ចុងក្រោយថា បើគ្រាប់បែកនេះ ជាជាឧស្ម័នបង្ហូរទឹកភ្នែក ដូចលោកទូតអាគាំងថាមែន លោកទូតមិនគួរណាខ្លាចទេ គួរតែទៅកាន់ផ្ទាល់ដៃ ឬហិតក្លិនគ្រាប់បែកនោះ ទៅដឹងហើយ កុំចង់ឆ្លើយដោះសារគេចខ្លួនមិនទទួលខុសត្រូវរឿងនេះ ។

ដោយស្តាប់លោកពូទៅហាក់ចូលត្រចៀកដែរនោះ ខ្ញុំគិតថា គិតទៅអាគាំងចៅតាខូចមែនណ៎ ដុតកម្ទេចផ្ទះគេហើយ ឆ្លើយថាខ្យល់ព្យុះបំផ្លាញ ? ៕ នាយជាល


ចែករំលែក៖