ព័ត៌មានទាន់ហេតុការណ៍៖

ទាស់ពាក្យសម្តីក្នុងវង់ផឹកស៊ីយុវជនចិត្តភ្លើងទាញកាំបិតផ្គាក់កាប់បុរសម្នាក់របួសដៃ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យុវជនចិត្តភ្លើងម្នាក់ត្រូវបាននគរបាលស្រុកឧដុង្គ ឃាត់ខ្លួនភ្លាមៗ ខណៈដែលទាស់ពាក្យសម្តីក្នុងវង់ផឹកស៊ី ស្ទុះទៅទាញកាំបិតផ្គាក់ទៅកាប់បុរសម្នាក់បណ្តាលឲ្យរងរបួសដៃស្តាំធ្ងន់ប្តឹងនគរបាលឃាត់តែម្តង កាលពីវេលាម៉ោង០៣និង៤០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិទួល ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកបាននិយាយឲ្យដឹងថាយុវជនដែលនគរបាលឃាត់ខ្លួននោះមានឈ្មោះទិន ទ័រ អាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិកើតហេតុខាងលើ។ចំណែកបុរសរងគ្រោះមានឈ្មោះតាំងលី ហៅម៉ាប់ អាយុ៣៣ឆ្នាំមុខរបរលក់ដូរ រស់នៅក្នុងភូមិ ឃុំ ស្រុកជាមួយគ្នា។

នគរបាលបន្តថា នៅមុនពេលកើតហេតុយុវជន និងបុរសរងគ្រោះខាងលើរួមជាមួយអ្នកភូមិផ្សេងទៀត បាននាំគ្នាអង្គុយហូបចុកជាមួយគ្នារួចមកក៏ស្រវឹងរៀងៗខ្លួន បានទាស់ពាក្យសម្តីគ្នា ស្រាប់តែយុវជនបង្កបានស្ទុះទៅទាញកាំបិតផ្គាក់ដងវែង មកកាប់លើបុរសរងគ្រោះខាងលើបណ្តាលឲ្យរងរបួស។

ក្រោយកើតហេតុ ក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចក៏ឃាត់ខ្លួនយុវជនបង្កបានប្រគល់ឲ្យនគរបាល ក្រោយកើតហេតុបុរសរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយកន្លែងដើម្បីព្យាបាល។ ចំណែកយុវជនបង្កនគរបាលកសាងសំណុំរឿងបញ្ជូនបន្តដើម្បីចាត់ការតាមផ្លូវច្បាប់៕ សេនាស័ក្តិ


ចែករំលែក៖