ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងញូវដេលី ឥណ្ឌានៅតែរងការវាយប្រហារដោយផ្សែងពុល

ចែករំលែក៖

ផ្សែងអ័ព្ទបានបង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ពលរដ្ឋឥណ្ឌាពិសេស គឺពលរដ្ឋរស់ នៅទីក្រុងញូវដេលី ដែលរងផលប៉ះពាល់ ខ្លាំងជាងគេបំផុត ផ្សែងអ័ព្ទ នឹងបន្តអូស បន្លាយជាច្រើនថ្ងៃខាងមុខទៀត។ អាជ្ញាធរ ឥណ្ឌា មិនសង្ឃឹមថាស្ថានភាពបរិយាកាសនឹងបានធូរស្រាលក្នុងពេលឆាប់ៗនេះទេ ព្រោះម្យ៉ាងរដូវត្រជាក់កាន់តែខិតជិតមក ដល់ផង ហើយវិធានការទប់ស្កាត់ត្រូវបានរារាំងដោយតុលាការទៀត។

ធូលី នៅក្នុងបរិយាកាស ទីក្រុងញូវដែ លី ប្រទេសឥណ្ឌានាពេលនេះ គេវាស់ ឃើញមាន រហូតដល់ ១.០០០មីក្រូក្រាម ក្នុងមួយម៉ែត្រគូប។ តាមរង្វាស់ PM 2.5។ កម្រិត ធូលីខាងលើ គឺច្រើនជាងកម្រិត អតិបរមា កំណត់ដោយអង្គការសុខភាព ពិភពលោក ដល់ទៅ២៧ដង។ នេះបើតាមតួលេខផ្តល់ដោយស្ថានទូតអាមេរិក។

ញូវដេលី ក្រុងដ៏ធំមានប្រជាជនរស់នៅជាង២០លាននាក់ និងតំបន់ភាគខាងជើង ប្រទេស បានប្រឈមនឹងគ្រោះផ្សែងពុលដ៏ធ្ងន់ធ្ងររយៈពេល៦ថ្ងៃមកហើយ។ អាជ្ញា ធរក្រុង បានបញ្ឈប់រាល់គ្រប់ការដ្ឋាន សំណង់ រោងចក្រឡផលិតឥដ្ឋ និងហាមឃាត់រថយន្តធុនធ្ងន់មិនឱ្យបើកចូលក្រុងទេ។

អាជ្ញាធរឥណ្ឌាមានបំណងចាត់វិធានការឱ្យរថយន្តធ្វើចរាចរណ៍ឆ្លាស់វេនគ្នា រយៈពេល៥ថ្ងៃចាប់ពីថ្ងៃចន្ទនេះទៅ តាម គំរូប្រទេសបារាំងនៅពេលបរិយាកាសអាប់អួពុលខ្លាំង ប៉ុន្តែត្រូវរារាំងស្ទះដោយសេចក្តីសម្រេចរបស់តុលាការសហព័ន្ធ ដែលច្រានចោលការលើកលែងអនុគ្រោះដល់ស្ត្រី ដល់ក្រុមអ្នកទទួលខុសត្រូវជាន់ខ្ពស់ និង យានយន្តកង់ពីរ។

ភ្នាក់ងារឧតុនិយមឥណ្ឌាបានព្យាករថានឹងមានភ្លៀងធ្លាក់នៅថ្ងៃពុធខាងមុខ ប៉ុន្តែកម្រិតទឹកភ្លៀងនោះមិនគ្រប់គ្រាន់នឹងលាងមេឃទេ។ គេត្រូវរង់ចាំយូរថ្ងៃទៀត ទើបខ្យល់បរិយាកាសអាចមានភាពប្រសើរឡើងបានខ្លះ។ គុណភាពខ្យល់តែងតែធ្លាក់ចុះនៅ ពេលជិតចូលដល់រដូវរងា។ អាកាសធាតុ ត្រជាក់ គ្មានខ្យល់បក់ ជាតិពុលបញ្ចេញដោយផ្សែងឡានម៉ូតូរោងចក្រ មជ្ឈមណ្ឌល ថាមពល … ដែលធ្លាក់ប៉ះដី មិនអាចបក់ផាត់ចេញពីបរិយាកាសបានទេ។

ដោយហេតុតែខ្យល់ពុលនេះ ក្រុមហ៊ុន អាកាសចរណ៍អាមេរិក United Airlines បានផ្អាកការហោះហើររបស់ខ្លួន ពីNewark ទៅញូវដែលី តាំងពីថ្ងៃព្រហស្បតិ៍មកទល់នឹងថ្ងៃចន្ទនេះ។ សាលារៀនជាង៣ម៉ឺន សាលាត្រូវបិទទ្វារ។ ក្រុមគ្រូពេទ្យបានចេញក្រឹត្យប្រកាសអំពីស្ថានភាពបន្ទាន់នៃ សុខភាពសាធារណៈ ចំនួនអ្នកជំងឺចូលមកសម្រាកព្យាបាលមន្ទីរពេទ្យក្រុងញូវដេលី បានកើនឡើងមួយជាបី៕ ម៉ែវ សាធី


ចែករំលែក៖