ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងសេអ៊ូលខិតខំអូសទាញកូរ៉េខាងជើងចូលរួមពិភាក្សាជាថ្មី

ចែករំលែក៖

វិមានប្រធានាធិបតីកូរ៉េខាងត្បូង បាន ប្រកាសឲ្យដឹងថា រដ្ឋាភិបាល កូរ៉េខាងត្បូងបានគ្រោងនឹងបន្តការប្រឹក្សាយោបល់ ជា មួយកូរ៉េខាងជើង សម្រាប់ការបើកកិច្ច ពិភាក្សាកម្រិតខ្ពស់អន្តរកូរ៉េឡើងវិញឲ្យបានឆាប់តាមតែអាចធ្វើទៅបាន។

សកម្មភាពខាងលើរបស់កូរ៉េខាងត្បូងកើតឡើងក្រោយពេលដែល កូរ៉េខាងជើង បានប្រកាសលុបចោលជំនួបពិភាក្សាថ្នាក់មន្ត្រីជាន់ខ្ពស់ នៅអគារសន្តិភាព ព្រំដែន ប្រទេសទាំងពីរ ស្តីពីការអនុវត្តទៅលើ សេចក្តីប្រកាសរួមរបស់ មេដឹកនាំគីម ជុង អ៊ុន និង មូនជេអីុន នៅក្នុងជំនួប កាលពី ថ្ងៃទី២៧ខែមេសា ។ ការលុបចោល របស់កូរ៉េខាងជើងកើតឡើង ក្រោយពេលដែលអាមេរិកនិងកូរ៉េខាងត្បូង នៅតែបន្ត ធ្វើសមយុទ្ធរួម ដែលកូរ៉េខាងជើងចាត់ទុកថាជាការប៉ុនប៉ងឈ្លានពានទឹកដីកូរ៉េខាងជើង។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) របស់វិមាន Blue House ដែលមានលោក Chung Eui-yong ជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកសន្តិសុខជាតិរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន ជាប្រធាននោះ ត្រូវបានធ្វើឡើង ដើម្បីជជែកពិភាក្សាអំពី ចំណាត់ការឆ្លើយតបចំពោះការសម្រេចផ្អាករបស់កូរ៉េខាងជើង លើកិច្ចសន្ទនាកម្រិត ខ្ពស់អន្តរកូរ៉េ។

សមាជិករបស់ NSC នៃវិមាន Blue House បានឯកភាពក្នុងការបន្តការពិគ្រោះពិភាក្សាជាមួយកូរ៉េខាងជើង ដើម្បីបើកកិច្ចសន្ទនាកម្រិតខ្ពស់អន្តរកូរ៉េឡើងវិញ ឲ្យ បានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ហើយ NSC ក៏បានព្រមព្រៀងជួយធ្វើការសម្របសម្រួល យ៉ាងជិតស្និទ្ធជាមួយ កូរ៉េខាងជើង និងសហរដ្ឋអាមេរិក ដើម្បីឲ្យកិច្ចប្រជុំកំពូលកូរ៉េខាងជើង-អាមេរិក ដែល គ្រោងប្រព្រឹត្តទៅនាថ្ងៃទី១២ ខែមិថុនា នៅសិង្ហបុរី នោះនឹងទទួលបានជោគជ័យ ផងដែរ។

គួរជម្រាបថា ទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាងពីដំបូងឡើយបានព្រមព្រៀងគ្នាបើកកិច្ចពិភាក្សាកម្រិតខ្ពស់ នាថ្ងៃពុធ នៅភូមិ Panmunjom ប៉ុន្តែកូរ៉េខាងជើង បានសម្រេចលុបចោល ដោយសារតែការធ្វើសមយុទ្ធយោធាផ្លូវអាកាស របស់កូរ៉េ ខាងត្បូង និងអាមេរិក៕ ម៉ែវ សាធី


ចែករំលែក៖