ព័ត៌មានទាន់ហេតុការណ៍៖

ទីប្រឹក្សាក្រសួងអប់រំ ៖ គ្រប់សាលារៀន រដ្ឋត្រូវបង្កើតឲ្យមានទីលានកីឡាស្តង់ដារ

ចែករំលែក៖

ភ្នំពេញ៖ ទីប្រឹក្សាក្រសួងអប់រំយុវជន និងកីឡាបានថ្លែងឲ្យដឹងថា គ្រប់សាលារៀនរបស់រដ្ឋទាំងអស់ ត្រូវបង្កើតឲ្យទីលានកីឡាស្តង់ដា ស្របតាមលក្ខណៈបច្ចេកទេស នេះគឺជា យុទ្ធសាស្ត្រ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ក្នុងការជំរុញសកម្មភាពអប់រំកាយ និងកីឡាទៅក្នុងសាលារៀន រដ្ឋចាប់ពីពេលនេះតទៅ ដើម្បីគោលដៅការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ កម្ពុជាធ្វើម្ចាស់ផ្ទះ និងក្រោយស៊ីហ្គេម ដើម្បីប្រកួតប្រជែងយកមេដាយពីព្រឹត្តិការណ៍កីឡា ថ្នាក់តំបន់ និងពិភពលោក ។

លោក ព្រំ ប៊ុនយី ទីប្រឹក្សាក្រសួងអប់រំយុវជន និងកីឡាបានប្រាប់ឲ្យដឹងថា នៅក្នុងយុទ្ធសាស្រ្តសំខាន់ៗ របស់ប្រមុខរដ្ឋាភិបាល បានបញ្ជាក់យ៉ាងច្បាស់ថា នៅតាមសាលារៀនរបស់រដ្ឋ ចាប់ពីពេលនេះតទៅ ត្រូវបង្កើតឲ្យមានទីលានកីឡា ហើយទីលានកីឡានោះទៀតសោធ ត្រូវតែស្របតាមស្តង់ដារបច្ចេកទេស ដើម្បីឲ្យសិស្សតាមសាលារៀនរដ្ឋមានការអនុវត្ត ផ្នែកអប់រំកាយ ដើម្បីសុខភាព និងធនធានកីឡា ចេញពីសិស្សនៅតាមសាលារៀនរបស់រដ្ឋទូទាំងប្រទេស ។

លោក ទីប្រឹក្សាបានលើកឡើងបែបនេះ ក្នុងមហាសន្និបាត សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា កាលពីព្រឹកថៃ្ងទី១៧ ខែឧសភាឆ្នាំ២០១៧ នៅអាគារស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ។

លោក ទីប្រឹក្សារូបនេះបានបន្ថែមថា ពាក់ព័ន្ធ និងយុទ្ធសាស្រ្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដាក់ចេញមកឲ្យក្រសួងអប់រំយុវជន និងកីឡាអនុវត្តនោះ បច្ចុប្បន្នក្រសួងកំពុងជំរុញបង្កើតឱកាសសម្រាប់សិស្ស មធ្យមសិក្សា ដែលមានអាយុក្រោម១៨ឆ្នាំ បញ្ជូនទៅចូលរួមប្រកួតកីឡានៅក្រៅប្រទេស ដូចជាព្រឹត្តិការណ៍ School Game នៅប្រទេសសង្ហបុរីនាអំឡុងកក្តដាឆ្នាំ២០១៧ ។

ចំពោះផែនការរបស់ក្រសួង ដែលត្រៀមបញ្ជូនសិស្ស អាយុក្រោម១៨ឆ្នាំ ឬហៅកីឡាករ កីឡាការិនីថ្នាល មានឱកាសចេញទៅប្រកួតនៅក្រៅប្រទេសបែបនេះ ក្នុងន័យឲ្យសាំពួកគេជាមួយព្រឹត្តិការណ៍កីឡាអន្តរជាតិ និងដកស្រង់បទពិសោធន៍ថ្មីៗ និងដឹងពីកម្រិតរបស់ខ្លួន ហើយត្រូវខិតខំហ្វឹកហាត់បង្កើនសមត្ថភាពបន្ថែមទៀត ។

សូមបញ្ជាក់ថា នៅខែកក្តដាខាងមុខនេះ ក្រសួងអប់រំយុវជន និងកីឡា នឹងបញ្ជូនសិស្សអាយុក្រោម១៨ឆ្នាំ ចំនួន៥ប្រភេទកីឡា ទៅចូលរួមការប្រកួតក្នុង ព្រឹត្តិការណ៍ School Game នៅប្រទេសសង្ហបុរី ដូចជាប្រភេទកីឡាវាយកូនឃ្លីលើតុ ,កីឡាវាយសី, កីឡាវាយកូនបាល់, កីឡាអត្តពលកម្ម និងកីឡាហែលទឹក ៕ សារីម


ចែករំលែក៖