ព័ត៌មានទាន់ហេតុការណ៍៖

ទីផ្សារយន្តហោះពាណិជ្ជកម្មពិភពលោកមានគូប្រជែងថ្មី

ចែករំលែក៖

ក្រោយពេលចិននិងរុស្ស៊ីធ្វើការសាកល្បងយន្តហោះដឹកអ្នកដំណើររបស់ខ្លួន ប្រកបដោយជោគជ័យមក ប្រទេសទាំងពី១អាចផលិតយន្តហោះដឹកអ្នកដំណើរក្នុងពេលអនាគតដ៏ខ្លី ។ នៅពេលចិននិងរុស្ស៊ីមានយន្តហោះដឹកអ្នកដំណើរក្នុងស្រុក ហើយនោះការអាស្រ័យទៅលើក្រុមហ៊ុន ​ អាមេរិកនិងអឺរ៉ុបគឺត្រូវបញ្ជប់ទាំងស្រុង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ចិននិងរុស្ស៊ី បានសហការគ្នាផលិតយន្ត ហោះ ដឹកអ្នកដំណើរអន្តរជាតិដែលអាចហោះហើរឆ្លងទ្វីបទៅកាន់ប្រទេសដទៃទៀត ដូចជាយន្តហោះធំៗនៅលើពិភព លោកដែរ។ ហេតុការណ៍នេះហើយអាចធ្វើឲ្យក្រុមហ៊ុនប៊ូអុីង និងអ៊ែរបឺស ត្រូវបាត់ បង់អតិថិជនជាច្រើន ។ ពេលនេះចិននិង រុស្ស៊ីបាន លក់យន្តហោះចម្បាំងជាច្រើនទៅក្រៅប្រទេស ហើយបើមានយន្តហោះពាណិជ្ជកម្មទៀតនោះ ក៏នឹងមានទីផ្សារ​មិនចាញ់យន្តហោះសង្គ្រាមនោះដែរ។

យោងតាមការចុះផ្សាយរបស់ Popular Mechanics នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០១៧ បានឲ្យដឹងថា ការផលិតយន្តហោះដឹកអ្នកដំណើរថ្មីនេះ នឹងត្រូវបែង ចែក រវាងទីក្រុងមូស្គូ នឹងទីក្រុងប៉េកាំង គឺរុស្ស៊ីនឹងផលិតស្លាបយន្តហោះ តួម៉ាស៊ីន និងកង់ចម្បងខាងក្រោយ ចំណែកចិនវិញ នឹងផលិតតួយន្តហោះ ស្លាបកន្ទុយរក្សា​លំនឹងខាងក្រោយ ចម្រុះខាងមុខយន្តហោះ កង់ចុះចតខាងមុខ ប៉ុន្តែទោះជាយ៉ាងណា យន្តហោះនេះ នៅមិនទាន់មានឈ្មោះជា ផ្លូវការនៅឡើយទេ។

យោងតាមសេចក្តីរាយការណ៍ថ្មីមួយ ចេញផ្សាយដោយទស្សនាវដ្ដី Aviation Week បានឲ្យដឹងថា ក្រុមហ៊ុនសាជីវកម្មយន្តហោះពាណិជ្ជកម្មរបស់ចិន Comac និងក្រុមហ៊ុនសាជីវកម្មយន្តហោះពាណិជ្ជកម្ម រុស្ស៊ី UAC នាពេលថ្មីៗនេះ បានប្រកាស កិច្ចព្រមព្រៀងមួយ ដើម្បីចាប់ផ្តើមអភិវឌ្ឍ ពេញលេញ នូវយន្តហោះដឹកអ្នកដំណើរខ្នាតធំថ្មី ដែលរចនាឡើង សម្រាប់ផ្ទុកអ្នក ដំណើរ២៨០នាក់ ប្រហាក់ប្រហែលទៅ នឹងយន្តហោះប្រភេទ Boeing 787 និង Airbus A330-900ដែរ។

ក្រុមហ៊ុនរួមទុនគ្នា រវាងចិននឹងរុស្ស៊ី ដែលត្រូវគេឲ្យឈ្មោះថា ក្រុមហ៊ុនសាជីវកម្មអន្តរជាតិយន្តហោះពាណិជ្ជកម្មចិន-រុស្ស៊ី CRAIC បើតាមសេចក្តីរាយការណ៍ ទើបបានធ្វើការចុះបញ្ជីនៅក្នុងទីក្រុងសៀងហៃ ដែលជាកន្លែងធ្វើការដំឡើងផ្គុំចុងក្រោយ របស់យន្តហោះនេះ ហើយក្រុមហ៊ុន CRAIC នេះ សង្ឃឹមថា នឹងផលិតសម្រេច យន្តហោះថ្មីដំបូង នៅត្រឹមឆ្នាំ២០២៧ ៕ ម៉ែវ សាធី


ចែករំលែក៖