ព័ត៌មានទាន់ហេតុការណ៍៖

ទឹកខ្មៅពេលនេះមានគុណភាពដូចទឹកខ្មៅដែលប្រើប្រាស់ក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧

ចែករំលែក៖

ភ្នំពេញ ៖ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានប្រកាសថា ទឹកខ្មៅជ្រលក់ ម្រាមដៃដែល គ.ជ.ប.បង្ហាញនៅព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ សម្រាប់ប្រើ ប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺមានគុណភាពដូចទឹកខ្មៅដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតឃុំសង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ។

លោក ទេព នីថា បានបញ្ជាក់ថា គ.ជ.ប. បានចំណាយ៨សែនដុល្លារដើម្បីបញ្ជាទិញ ទឹកខ្មៅជ្រលក់ម្រាមដៃនេះ ដោយផ្ទាល់ទៅក្រុមហ៊ុនប្រទេសឥណ្ឌាតែម្តង។ គ.ជ.ប. បានទិញទឹកខ្មៅពីក្រុមហ៊ុននៅប្រទេស ឥណ្ឌានេះចំនួន២លើករួចមកហើយ។

សូមរម្លឹកថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅម៉ោង១០ ព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ បានបង្ហាញពីគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃលុប មិនជ្រះ។ ទឹកខ្មៅដែលកុម្ម៉ង់ទិញពីប្រទេសឥណ្ឌាត្រូវបាន គ.ជ.ប.បង្ហាញនៅសាល ប្រជុំធំរបស់ក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី ១៧កក្កដានេះសម្រាប់ប្រើប្រាស់នៅថ្ងៃបោះឆ្នោតនាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ។

ក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ គ.ជ.ប ក៏បានលើកឡើងពីដំណើរការប្រព្រឹត្តទៅនៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ និងការការពារ សន្តិសុខនៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតផងដែរ ។

ក្នុងពិធីបង្ហាញទឹកខ្មៅសម្រាប់ជ្រលក់ដៃ ក្នុងថ្ងៃបោះឆ្នោតនោះ លោក ចៅ តឹង តំណាងគណបក្សប្រជាជនកម្ពុជានិងលោកសួង សារ៉ាត់ តំណាងគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានទទួលស្គាល់និងជឿជាក់លើទឹកខ្មៅជ្រលក់ដៃនេះដោយលោកអះអាងថា ទឹកខ្មៅជ្រលក់ដៃនេះគឺមានគុណ ភាពខ្ពស់ ដោយលុបលាងមិនជ្រះពិតមែន។

ថ្លែងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពីដំណើរប្រព្រឹត្ដទៅនៃការឃោសនាបោះឆ្នោត និងការបង្ហាញទឹកខ្មៅជ្រលក់ដៃ នាព្រឹកថ្ងៃទី១៧ ខែកក្កដា នៅទីស្ដីការ ក្រសួងមហាផ្ទៃ លោក ទេព នីថា អគ្គលេខា ធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ថា ក្រោយពិនិត្យ និងពិសោធន៍ទឹកខ្មៅជ្រលក់ដៃមកពីប្រទេស ឥណ្ឌាបានបញ្ជាក់ឱ្យឃើញថា ទឹកខ្មៅ ជ្រលក់ដៃដែលបម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ មានគុណភាពល្អខ្ពស់ គឺដូច ទឹកខ្មៅដែលបានប្រើសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅអាណត្តិ ទី៤ ផងដែរ ។

លោកបានបញ្ជាក់ថា គ.ជ.ប.បានបញ្ជា ទិញទឹកខ្មៅជ្រលក់ដៃមានចំនួន៥១.០០០ដប ពីប្រទេសឥណ្ឌាដោយប្រើប្រាស់ថវិកាប្រមាណ៨០០ពាន់ដុល្លារអាមេរិក ហើយត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨។ ទឹក ខ្មៅទាំងនេះ គឺសម្រាប់ប្រើនៅតាមការិយាល័យបោះឆ្នោតជាង២ម៉ឺនការិយាល័យនៅទូទាំងប្រទេស ដោយក្នុង១ការិយាល័យ តម្រូវឱ្យប្រើទឹកខ្មៅចំនួន២ដប ។

លោក ទេព នីថា បានបញ្ជាក់ថា ទឹក ថ្នាំជ្រលក់ដៃ និងសម្ភារដែលបម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី៦ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី២៩ ខែកក្កដាខាងមុខនេះគឺខាង គ.ជ.ប.បានដឹកជញ្ជូនទៅតាមបណ្តាខេត្តមួយចំនួនបណ្តើរៗផងដែរ។ ជាមួយគ្នានេះលោក ទេព នីថា បានអំពាវនាវឲ្យចូលរួមទៅបោះឆ្នោតទាំងអស់គ្នាដោយកុំជឿពាក្យចចាមអារ៉ាមថា ការជ្រលក់ដៃទឹកខ្មៅដែលធ្វើឲ្យស្លាប់នោះវាមិនពិតនោះទេ ។

សូមបញ្ជាក់ថា ការបង្ហាញគុណភាព ទឹកខ្មៅជ្រលក់ដៃនេះ គ.ជ.ប.ក៏បានអញ្ជើញ ក្រុមហ៊ុនឥណ្ឌាដែលផលិតទឹកខ្មៅជ្រលក់ដៃនេះ មកធ្វើការបង្ហាញពីគុណភាពទឹកខ្មៅដល់តំណាងគណបក្សនយោបាយ និងអង្គការជាតិ-អន្តរជាតិសាកល្បងជ្រលក់ដើម្បីឱ្យដឹងពីគុណភាពនៃទឹកខ្មៅជ្រលក់ដៃនេះ ៕ ហេង សូរិយា


ចែករំលែក៖