ព័ត៌មានទាន់ហេតុការណ៍៖

ទឹកជំនន់បន្តកើនឡើងបង្កក្តីបារម្ភយ៉ាងខ្លាំងនៅមីយ៉ាន់ម៉ា

ចែករំលែក៖

សារព័ត៌មាន Channel News Aisa នៅថ្ងៃទី២ខែសីហា បានផ្សាយថា គ្រោះ ទឹកជំនន់នៅមីយ៉ាន់ម៉ា បានបន្តកើនឡើងខ្ពស់នៅតំបន់ភាគអាគ្នេយ៍ប្រទេសនេះ បង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ការរស់នៅ របស់ពលរដ្ឋ ។ តំបន់រងគ្រោះ មានពលរដ្ឋ រស់នៅជាច្រើន ហើយមកទល់ពេលនេះ មានពលរដ្ឋជាង ១៣០ពាន់នាក់ត្រូវបាន ជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព និងជាច្រើននាក់ទៀតបានបាត់បង់ជីវិត។

តំបន់ដីស្រែចម្ការមួយផ្នែកធំ នៅក្នុង ខេត្តចំនួន៤ ត្រូវបានទឹកជន់លិច រីឯក្រុម អ្នកជួយសង្រ្គោះកំពុងព្យាយាមចូលទៅ ដល់តំបន់រងគ្រោះ ដោយជិះទូក ដើម្បីផ្គត់ផ្គង់ស្បៀងអាហារដល់អ្នកដែលមិនអាចចាកចេញ ឬបដិសេធចាកចេញពីផ្ទះរបស់ ពួកគេ។ លើសពីនេះទៅទៀត ការចេញ បញ្ជាឱ្យជម្លៀសប្រជាជននៅតែត្រូវអនុវត្តនៅទូទាំងខេត្ត Bago, Karen, Mon និង ខេត្ត Taninthari ដ្បិតខេត្តទាំងនេះមានទំនប់វារីអគ្គិសនីចំនួន ៣៦កន្លែង។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរមីយ៉ាន់ម៉ា គិតត្រឹមល្ងាចថ្ងៃអង្គារ មនុស្សច្រើនជាង ១៣២,០០០នាក់ ត្រូវបានជម្លៀសទៅកាន់ជម្រកស្នាក់នៅបណ្ដោះអាសន្ន ហើយ ១២នាក់ផ្សេងទៀតបានស្លាប់។

លោក Myint Myint Than ពលរដ្ឋម្នាក់ ក្នុងចំណោម ពលរដ្ឋរាប់មឺុននាក់ដែលបានជម្លៀសចេញពី គ្រោះទឹកជំនន់ ទៅរស់នៅ ក្នុងជំរំ Bago ភាគខាងត្បូងមីយ៉ាន់ម៉ា បញ្ជាក់ថា «ឆ្នាំណា ក៏មានទឹកជំនន់ដែរ ប៉ុន្តែឆ្នាំនេះទឹកជំនន់ខ្លាំងជាងមុន»។

មនុស្សជាច្រើន នៅតែមិនព្រមចាក ចេញពីផ្ទះរបស់ខ្លួនដែលកំពុងតែលិចទឹកខ្លាំងឡើង ។ លោក Khin Mar Yee ជា ពលរដ្ឋរស់នៅតំបន់ទឹកជំនន់បានបញ្ជាក់ថា លោកមិនចង់ទៅរស់នៅក្នុងជំរំនោះឡើយដោយទីនោះគ្មានកន្លែងស្នាក់នៅ។

ជារៀងរាល់ឆ្នាំ មីយ៉ាន់ម៉ា ត្រូវប្រឈមនឹងគ្រោះទឹកជំនន់ជាទ្រង់ទ្រាយធំ ជា បន្តបន្ទាប់ ។ក្រុមអ្នកវិទ្យាសាស្ត្រ បានចាត់ ទុកមីយ៉ាន់ម៉ា ក្នុងបញ្ជីប្រទេសដែលរង ផលប៉ះពាល់ខ្លាំងជាងគេដោយអាកាសធាតុប្រែប្រួល ។ កាលពីឆ្នាំ២០១៥ គ្រោះទឹក ជំនន់បានសម្លាប់មនុស្សជាង ១០០នាក់ និងរាប់សែននាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ៕ ម៉ែវ សាធី


ចែករំលែក៖