ព័ត៌មានទាន់ហេតុការណ៍៖

ទួរគីរងការចោទប្រកាន់ថា«ប្រកាសសង្គ្រាម»ក្រោយបញ្ជូនទាហានទៅកាន់ប្រទេសកាតារ

ចែករំលែក៖

មន្ត្រីជាន់ខ្ពស់មួយរូបរបស់ប្រទេសអារ៉ាប់បានប្រកាសកាលពីថ្ងៃទី២៦ ខែមិថុនា ថា ការដែលទួរគីដាក់ពង្រាយយោធានៅប្រទេសកាតារគឺជាសកម្មភាពឌឺដង បង្ករឲ្យមានវិបត្តិកាន់តែខ្លាំងឡើង។ សកម្មភាពទាំងឡាយរបស់ទួរគីគឺប្រឆាំងទៅនឹងបណ្តាប្រទេសឈូងសមុទ្រ GCC។

មន្ត្រីជាន់ខ្ពស់អារ៉ាប់ដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីទួរគីលោក Tayyip Erdogan ត្រូវតែយល់ថា ការដាក់ពង្រាយទាហាននៅក្នុងប្រទេសកាតារក្នុងពេលដែលកំពុងតែមានវិបត្តិការបរទេស គឹជាសកម្មភាពប្រកាសសង្គ្រាម។

បណ្តាប្រទេសដែលកាត់ផ្តាច់ទំនាក់ទំនងជាមួយកាតារគឺបានគោរពនៅអធិបតេយ្យរបស់កាតារមិនមានសកម្មភាពឈ្លានពានណាមួយដោយយោធាឡើយ។ការដោះស្រាយដោយកម្លាំងយោធាមិនមែនជាជម្រើសរបស់ភាគីពាកព័ន្ធនោះឡើយ។ នយោបាយជ្រៀតជ្រែកខុសទំនងរបស់ទួរគីកំពុងតែប្រែក្លាយប្រទេសទួរគីទៅជាសត្រូវរបស់បណ្តាប្រទេសអារ៉ាប់។ រដ្ឋាភិបាលត្រូវតែមានភាពឆ្លាតវៃក្នុងការជួយអន្តរគមន៍ដល់វិបត្តិក្នុងតំបន់។
ក្រោយត្រូវបានប្រទេស អារ៉ាប៊ីសាអូឌិត អេហ្ស៊ីប បារ៉ែន និងអារ៉ាប់រួម បានកាត់ផ្តាច់ទំនាក់ទំនងជាមួយកាតារកាលពីថ្ងៃទី៥ ខែមិថុនា ហើយរដ្ឋាភិបាលទីក្រុងដូហា របស់កាតារក៏បានសម្រេចស្វែងរកសម្ព័ន្ធមិត្តជួយ ក្នុងនោះមានទួរគីជាដើម។

ដើម្បីជួយដល់ប្រទេសសេដ្ឋីកាតារ ទួរគីបានសម្រេចបញ្ជូនស្បៀងអាហារតាមជើងហោះហើរ រហូតដល់១០៥ជើងរួចមកហើយ និងបញ្ជូនតាមនាវាទៅកាន់ប្រទេសនេះទៀតផង។ មិនតែប៉ុណ្ណោះ ទួរគីក៏បានបញ្ជូនទាហានទៅកាន់ប្រទេសនេះទៀតផង ដើម្បីជួយហ្វិកហាត់ដល់កម្លាំងទាហានកាតារ និងជួយរក្សាសន្តិសុខ។ ប៉ុន្តែការដាក់ពង្រាយកម្លាំងទាហាន៥ពាន់នាក់នៅកាតារ របស់ទួរគី គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការយោធាទ្វេរភាគីដើម្បីការពារប្រទេសនេះឲ្យគេចផុតពីការវាយប្រហាររបស់ប្រទេសជិតខាង។

កាលពីថ្ងៃទី២៦ ខែមិថុនា រដ្ឋមន្ត្រីការបរទេសប្រទេសបារ៉ែន លោក Khalid Bin Ahmed Al Khalifa បានចោទប្រកាន់ប្រទេសកាតារបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង ដោយប្រទេសនេះបានអនុញ្ញាត្តិឲ្យទួរគីបញ្ជូនទាហានមកឈរជើងនៅក្នុងប្រទេសនេះ។

រយៈពេល៣សប្តាហ៍ ក្រោយកាត់ផ្តាច់ទំនាក់ទំនងជាមួយកាតារ ដោយចោទប្រកាន់ថា ប្រទេសនេះគាំទ្រក្រុមភេរវកម្ម។ ប្រទេសអារ៉ាប៊ីសាអូឌីត បារ៉ែន អេហ្សុីប អារ៉ាប់រួម បានសម្រេចចេញគោលនយោបាយ១៣ចំណុចសម្រាប់កាតារដើម្បីផ្សារផ្ជាប់ទំនាក់ទំនងឡើងវិញ។ ក្នុងនោះមានការបិទទីតាំងយោធាទួរគីនៅក្នុងប្រទេសកាតារក៏ដូចជាការផ្តាច់ទំនាក់ទំនងជាមួយអុីរ៉ង់។

ឆ្លើយតបទៅនឹងសកម្មភាពខាងលើ កាតារបានបញ្ជាក់ថា សំណើរទាំងនោះគឺមិនសមស្រប និងបានបំពានទៅលើអធិបតេយ្យរបស់កាតារ៕ ម៉ែវ សាធី


ចែករំលែក៖