ព័ត៌មានទាន់ហេតុការណ៍៖

ទេសរដ្ឋមន្ដ្រី គន់ គីម ប្រគល់ផ្ទះ៤៤ខ្នង ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជូនអតីតយុទ្ធជននៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញប្រគល់ផ្ទះចំនួន៤៤ខ្នង ធ្វើពីថ្ម ប្រក់សង្ក័សី ទំហំ៥ម៉ែត្រ គុណ៥ម៉ែត្រ និងតសំយ៉ាប៣ម៉ែត្រ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងនោះផ្ទះ៤០ខ្នងសាងសង់ ដោយលោក ឧកញ៉ា វិញ ហួរ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជនស្ថិតនៅភូមិជ្រៃសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ពិធីប្រគល់នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ ក៏មានការអញ្ជើញចូលរួមពី លោកឧកញ៉ា វិញ ហួរ, លោកឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៣, លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជនដែលរស់នៅទីនេះទាំងអស់គ្នា និងផ្តាំផ្ញើដល់បងប្អូនដែលទើបបានទទួលផ្ទះថ្មី ត្រូវខិតខំដាំដំណាំចិញ្ចឹមសត្វលើផ្ទៃដីដែលមានស្រាប់ ដើម្បីជួយជីវភាពគ្រួសារ និងត្រូវចេះសាមគ្គី ជួយគ្នាពេលមានធុរៈ។

ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានណែនាំឲ្យសមាគមអតីតយុទ្ធជនខេត្ត ចុះពិនិត្យរកមើលសមាជិក ដែលអត់ដី អត់ផ្ទះពិតប្រាកដ ដើម្បីគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន សាងសង់ជូនបន្ថែមទៀត។

ដោយឡែក លោកអភិបាលខេត្ត នឹងរៀបចំឲ្យមានមណ្ឌលសុខភាពមួយទីនេះ ដើម្បីសម្រួលដល់ការព្យាបាលជំងឺជូនបងប្អូន ហើយដោយមានសំណូមពរពីអតីតយុទ្ធជន ក្នុងនាមសម្តេច លោកឧកញ៉ា វិញ ហួរ សម្រេចសាងសង់សាលាបុណ្យ និងកុដព្រះសង្ឃនៅភូមិជ្រៃសែនជ័យ។

ក្នុងទឹកមុខប្រកបដោយក្តី សប្បាយរីករាយលោក ពេជ្រ សារុន ជាមន្ត្រីប៉ូលីសចូលនិវត្តន៍ តំណាងឲ្យអតីតយុទ្ធជនទាំង៤៤គ្រួសារ តាមរយៈទេសរដ្ឋមន្រ្តី គន់ គីម បានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលបានគិតគូរពីសុខទុក្ខរបស់ពួកគាត់ទាំងជីវភាពរស់នៅ ទាំងសុខភាព ផ្តល់ផ្ទះផ្តល់ដីដល់ពួកគាត់ ដែលមានជីវភាពខ្វះខាត ផ្តល់ប័ណ្ណ ប.ស.ស សម្រាប់ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដោយមិនអស់ប្រាក់ ពួកគាត់បួងសួងជូនពរឲ្យសម្តេចទាំងពីរ ព្រមទាំងក្រុមគ្រួសារបានសុខសប្បាយ សុខភាពរឹងមាំ បន្តដឹកនាំប្រទេសកម្ពុជាជារៀងរហូត។

នៅក្នុងឱកាសនោះ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន, លោកឧកញ៉ា វិញ ហួរ បានឧបត្ថម្ភជូនបងប្អូនដែលទទួលបានផ្ទះទាំង៤៤គ្រួសារ ក្នុងមួយគ្រួសារ២០ម៉ឺនរៀល, អង្ករ១០០គីឡូក្រាម គ្រឿងឧបភោគ និងសម្ភារប្រើប្រាស់ជាច្រើនមុខទៀត ព្រមទាំងបានឧបត្ថម្ភបងប្អូនអតីតយុទ្ធជនដែលមកចូលរួមក្នុងពិធីនេះ១៥៣នាក់ ក្នុងម្នាក់ៗ៥ម៉ឺនរៀល៕


ចែករំលែក៖