ព័ត៌មានទាន់ហេតុការណ៍៖

ទេសរដ្ឋមន្ដ្រី គន់ គីម បន្ដចែកប័ណ្ណបេឡាសន្ដិសុខសង្គម ជូនអតីតយុទ្ធជនជិត២០០០នាក់ នៅខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង៖ ទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាល និងចែកប័ណ្ណបេឡាសន្តិសុខសង្គម ជូនដល់សមាជិកអតីតយុទ្ធជនខេត្តព្រៃវែង ចំនួន១,៩៦៩នាក់ ។

ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី គន់ គីម បានលើកឡើងពីការគិតគូររបស់ សម្តេចតេជោ ហ៊ុន សែន ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់សមាជិក បើទោះជាសម្តេចជាប់រវល់យ៉ាងណាក៏ដោយ ដើម្បីកាត់បន្ថយការលំបាករបស់សមាជិក សម្តេចបានឲ្យលោកនាំប័ណ្ណបេឡាសន្តិសុខសង្គម មកចែកជូន ។

ដោយឡែកថ្ងៃនេះតាមរយៈ លោកទេសរដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើសួរសុខទុក្ខដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាទាំងអស់គ្នា និងសូមអរគុណបងប្អូនយើងដែលគាំទ្រសម្តេច បោះឆ្នោតជូនសម្តេចបន្ដធ្វើជានាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្រាប់អាណត្តិទី៦នេះ។

ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានបញ្ជាក់ថា ក្រោយការបោះឆ្នោតដើម្បីឆ្លើយតប ទៅនឹងការជឿទុកចិត្តរបស់បងប្អូនយើងដែលជាម្ចាស់ឆ្នោត ថ្នាក់ដឹកនាំ ស អ ក យើងត្រូវតែខិតខំបម្រើពួកគាត់ឲ្យបានល្អថែមទៀត។

ដោយមានសំណូមពរពីសមាគមអតីតយុទ្ធជនខេត្ត លោកទេសរដ្ឋមន្ដ្រីអគ្គលេខាធិការ បានគោរពស្នើសុំសម្តេចប្រធានសមាគម និងត្រូវបានសម្តេច អនុញ្ញាតឲ្យសាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជន ដែលជួបការលំបាកចំនួន១២ខ្នង ជាមួយគ្នានេះដែរលោកក៏បានឲ្យថ្នាក់ដឹកនាំ ស អ ក បន្តពិនិត្យមើល គ្រួសារអតីតយុទ្ធជន ដែលមានដីអត់ផ្ទះ ឬផ្ទះមិនសមរម្យដើម្បីស្នើសុំសម្តេចតេជោសាងសង់ជូនបន្ថែមទៀត។ ចំពោះអ្នកអត់ដីអត់ផ្ទះ បើពួកគាត់ព្រមទៅនៅខេត្តក្រចេះយើងនឹងដោះស្រាយជូនផងដែរ៕


ចែករំលែក៖