ព័ត៌មានទាន់ហេតុការណ៍៖

ទោសជាន់លើទោស!! ចាប់ខ្លួនតាមដីកា ស្រាប់តែមានសាច់ញាតិនាំគ្នាអុកឡុក និងវាយតប់មកលើសមត្ថកិច្ច

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ស្របពេលកម្លាំងនគរបាលចាប់ខ្លួនបុរសម្នាក់ ដោយអនុវត្តតាមអំណាចដីការបស់តុលាការ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ធវៈ ស្រាប់តែមានសាច់ញាតិ ក្រុមគ្រួសារជនត្រូវចោទ បាននាំគ្នាមកអុកឡុក មានចេតនារារាំងការអនុវត្តច្បាប់របស់សមត្ថកិច្ចដល់ទីស្នាក់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ទីបំផុតពួកគេ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនតាមបញ្ជា លោក ហួត ហួតវុទ្ធី ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ។

មន្ត្រីនគរបាលស្រុកព្រៃឈរឲ្យដឹងថា យោងតាមការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៩៧ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ របស់សាលាដំបូងខេត្តកំពង់ចាម ពីបទរំលោភសេពសន្ទវៈ ទើបនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាល ស្រុកព្រៃឈរ ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ សហការជា មួយកម្លាំងស្រុកកំពង់សៀម និងកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត ចុះចាប់ខ្លួនជនត្រូវចោទឈ្មោះ ទឹម សុភាព ភេទ ប្រុស អាយុ២០ឆ្នាំ នៅត្រង់ចំណុចភូមិកំពង់ក្របី ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ស្នាក់នៅភ្នំពេញថ្មី សង្កាត់សែនសុខ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។

មន្ត្រីនគរបាលបន្តថា នៅពេលកំពុងកម្លាំងកំពុងអនុវត្តច្បាប់ ជននេះមិនព្រមប្រគល់ខ្លួនឲ្យសមត្ថកិច្ចទេ ថែម ទាំងមានការរារាំងរហូតប្រទូសសារ៉ាយពីសាច់ញាតិក្រុមគ្រួសារ ។ ពេលវេលាអូសបន្លាយរហូតដល់ម៉ោង៧ និង១០នាទីព្រឹកថ្ងៃខែដដែល ទើបអនុវត្តបានសម្រេចនាំខ្លួនជននេះ មកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃ ឈរ ។

នគរបាលអះអាងថា លុះដល់វេលាម៉ោង៨និង៣នាទីព្រឹក ថ្ងៃដដែលមានក្រុមគ្រួសារបងប្អូន៥នាក់បានមកអុក ឡុក ដោយបើករថយន្តក្នុងល្បឿនលឿនសម្រុកចូលមកទីតាំងអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ខណៈដែល សមត្ថកិច្ចកំពុងបន្តអនុវត្តដីកាខាងលើ ពួកគេបាននាំគ្នាស្រែកឡូឡាឆ្កាដៃជើង ក្នុងឥរិយាបថកាចសាហាវ និងខ្លះទៀតប្រមាថគំរាមកំហែងវាយប្រតាយប្រតប់មកលើសមត្ថកិច្ច រហូតបណ្ដាលឲ្យមានរបួសស្នាមទៅវិញទៅ មក ដែលចេតនាបង្កការអុកឡុករាំងស្ទះទៅលើការអនុវត្តដីកាដីកាខាងលើ ។

មន្ត្រីនគរបាលបានបញ្ជាក់ថា សាច់ញាតិដែលនាំគ្នាមកអុលឡុកទាំង៥នាក់ ត្រូវនគរបាលចាប់ខ្លួនជាក់ស្តែង មានឈ្មោះ ទឹម សុផល ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិព្រៃទទឹងឃុំជ្រៃវៀនស្រុកព្រៃឈរ ,ឈ្មោះទឹមកុសល ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិព្រៃទទឹងឃុំជ្រៃវៀនស្រុកព្រៃឈរ ,ឈ្មោះឆេងលី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិអូរស្វាយឃុំអូរស្វាយស្រុកកំពង់សៀម , ឈ្មោះវ៉េត ដាវុធ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិសំយ៉ាបសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ , ឈ្មោះហ៊ុំ បូរ៉ាភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិខែលជ័យឃុំអូរស្វាយ ស្រុកកំពង់សៀម ។ ជនទាំង៥នាក់ខាងលើនេះប្រើមធ្យោបាយរថយន្តមួយគ្រឿង ម៉ាកហាយប្រីដ ពាក់ស្លាក លេខភ្នំពេញ2AF-0526 បើកបរដោយឈ្មោះ ទឹម សុផល ។

សមត្ថកិច្ចបានបញ្ជាក់មូលហេតុថា ការចាប់ឃាត់ខ្លួនជនល្មើសទាំង៥នាក់ គឺអនុវត្តតាមបញ្ជាលោកអភិបាល ខេត្ត និងលោក ហួត ហួតវុទ្ធី ព្រះរាជអាជ្ញាខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ វណ្ណៈ


ចែករំលែក៖