ព័ត៌មានទាន់ហេតុការណ៍៖

ទំនាក់ទំនងអាមេរិក-កូរ៉េខាងជើង « អាមេរិកចង់បានបែបណាកូរ៉េខាងជើងអាចកំដរបានគ្រប់ពេល»

ចែករំលែក៖

ក្រោយពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា ជំនួបពិភាក្សា ជាន់ខ្ពស់ជាមួយកូរ៉េខាងជើង នៅថ្ងៃទី១២ ខែមិថុនា ក្នុងប្រទេសសិង្ហបុរីអាចនឹងត្រូវ លើកទៅពេលក្រោយនោះកូរ៉េខាងជើង បានប្រកាសថាខ្លួននឹងបំពេញទៅតាមការ ចង់បានរបស់ទីក្រុងវ៉ាស៊ីនតោន ។

ប្រតិកម្មទៅនឹងសកម្មភាពខាងលើ ​ របស់អាមេរិកកូរ៉េខាងជើងបានបញ្ជាក់ទៅ កាន់អាមេរិកថា វាអាស្រ័យទៅលើអាមេរិក តែប៉ុណ្ណោះ បើអាមេរិកចង់ចរចាគ្នាកូរ៉េ ខាងជើងនឹងស្វាគមន៍ ហើយបើអាមេរិកចង់ ធ្វើសង្គ្រាមដោយបរមាណូមួយទល់មួយក៏ កូរ៉េខាងជើងទទួលស្វាគមន៍ជានិច្ចដែរ។

សកម្មភាពរបស់មេដឹកនាំអាមេរិកនិង កូរ៉េខាងជើងបានបង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ពលរដ្ឋនៅក្នុងតំបន់ និងពិភពលោក ទាំងមូលព្រោះខ្លាចប្រទេសទាំងពីរប្រឈម មុខតានតឹងដាក់គ្នាសាជាថ្មី។ តាំងពីដើម មកកូរ៉េខាងជើងមិនដែលខ្លាចអាមេរិក ម្តងណាឡើយ ទើបប្រឆាំងនឹងច្បាប់អន្តរ ជាតិ និងការដាក់ទណ្ឌកម្មដោយបន្តកម្មវិធី បរមាណូយ៉ាងលំបាករហូតដល់បាន សម្រេច។ ទាំងនោះហើយបានជាកូរ៉េខាង ជើងតបតវិញថាបើអាមេរិកចង់ផ្ទុះសង្គ្រាម បរមាណូនឹងគ្នាកូរ៉េខាងជើងស្វាគមន៍ ជានិច្ច ។

សារព័ត៌មានស៊ីនហួបានដកស្រង់សម្តី អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី ចូ សុនហ៊ុយ (Choe Son Hui) ដែលបាននិយាយថា ការចរចា ឬការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែរ គឺអាស្រ័យទាំងស្រុងលើការសម្រេចចិត្ត និងអាកប្បកិរិយារបស់សហរដ្ឋអាមេរិក។

លោកស្រី Choe ធ្វើការកត់សម្គាល់ បែបនេះនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយដោយសារព័ត៌មានរដ្ឋកូរ៉េខាង ជើង KCNA ហើយមិនតែប៉ុណ្ណោះលោក ស្រីបានព្រមានទៀតថានឹងបញ្ជូនសំណើ មួយទៅកាន់លោក គីម ជុងអ៊ុន ដើម្បីឱ្យ លោកពិចារណាជាថ្មីពីជំនួបជាមួយលោក ដូណាល់ ត្រាំ នៅថ្ងៃទី១២ ខែមិថុនា ខាង មុខនេះក្នុងប្រទេសសិង្ហបុរី។

លោកស្រី Choe បានលើកឡើងយ៉ាង ដូច្នេះថា «មិនថាសហរដ្ឋអាមេរិកចង់ជួប យើងនៅក្នុងបន្ទប់ ឬក៏ចង់ប្រឈមមុខជាមួយ យើងដោយអាវុធនុយក្លេអ៊ែរមួយទល់នឹង មួយនោះទេ ពោលគឺវាអាស្រ័យទាំងស្រុង លើការសម្រេចចិត្ត និងអាកប្បកិរិយារបស់ ទីក្រុងវ៉ាស៊ីនតោន»។

គួរបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍ ដដែល លោកស្រីរដ្ឋមន្ត្រីការបរទេសក៏ បានសម្ដែងការភ្ញាក់ផ្អើល និងខឹងសម្បា ផងដែរចំពោះការលើកឡើងរបស់អនុ ប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) ដែលថា កូរ៉េខាងជើងអាច នឹងបញ្ចប់វាសនាដូចប្រទេសលីប៊ី បើសិន ជាមិនព្រមចរចារឿងនុយក្លេអ៊ែរជាមួយ សហរដ្ឋអាមេរិក។

កាលពីសប្ដាហ៍មុនមានការជជែកគ្នា មួយចំនួនពីគំរូប្រទេសលីប៊ី ហើយអ្នកដឹង ហើយថា លោកប្រធានាធិបតីមានភាព ប្រាកដប្រជាថានេះនឹងក្លាយជាគំរូបញ្ចប់ តែមួយគត់ដូចលីប៊ី បើសិនជាលោក គីម ជុងអ៊ុន មិនព្រមធ្វើកិច្ចព្រមព្រៀងទេនោះ។

ការលើកឡើងរបស់អាមេរិកស្តីពីការ លើកពេលជំនួបពិភាក្សាមិនទាន់ប្រាកដ នៅឡើយ ហើយនៅក្នុងពេលដ៏ខ្លីខាងមុខ លោកត្រាំ នឹងមានការសម្រេចថា តើត្រូវ ជួបជាមួយលោកគីមជុងអ៊ុន ដូចកាល បរិច្ឆេតកំណត់ឬ ត្រូវលើកពេល។ ប្រធានា ធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន និយាយថា លោកនឹងប្រាប់ឱ្យដឹងនៅសប្ដាហ៍ ក្រោយនេះថា តើជំនួបកំពូលជាមួយមេ ដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងត្រូវប្រព្រឹត្តទៅតាមការគ្រោងទុក ឬក៏យ៉ាង ណា។

ជំនួបកំពូលរវាងលោក ត្រាំ នឹងលោក គីម បានធ្លាក់ចូលក្នុងភាពស្រពេចស្រពឹល កាលពីសប្ដាហ៍មុន ក្រោយកូរ៉េខាងជើង ព្រមានលុបចោលជំនួបនេះដោយសារតែ ការធ្វើសមយុទ្ធយោធារវាងទីក្រុងសេអ៊ូល នឹងទីក្រុងវ៉ាស៊ីនតោន និងការអំពាវនាវ ឯកតោភាគីឱ្យទីក្រុងព្យុងយ៉ាងបោះបង់ ចោលអាវុធនុយក្លេអ៊ែរទាំងបង្ខំ។ ដោយ ឡែកថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯ សេតវិមាន នៅថ្ងៃពុធសប្ដាហ៍នេះ លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «នៅសប្ដាហ៍ក្រោយ យើងគ្រប់គ្នានឹងបាន ដឹងថា ជំនួបកំពូលក្នុងប្រទេសសិង្ហបុរី អាចកើតមានឡើង ឬក៏យ៉ាងណា… ប៉ុន្តែវា នឹងក្លាយជារឿងល្អសម្រាប់កូរ៉េខាងជើង បើសិនជាជំនួបនេះកើតឡើងពិតមែន»។

គួររំលឹកថា កាលពីឆ្នាំ២០១៧ បើចាំ មិនភ្លេចទេ លោក ដូណាល់ ត្រាំ ធ្លាប់បាន ព្រមានកម្ទេចកូរ៉េខាងជើងឱ្យក្លាយទៅជា ផេះ។ ដូច្នេះហើយទើបក្រុមអ្នកជំនាញខ្លះ ព្រួយបារម្ភថា ក្នុងករណីជំនួបកំពូល អាមេរិក-កូរ៉េខាងជើងត្រូវបានលុបចោល មែន នោះភាពតានតឹងអាចនឹងផ្ទុះឡើង ខ្លាំងលើសពីពេលមុនៗទៅទៀត រហូតបង្ក ជាជម្លោះប្រដាប់អាវុធក៏ថាបាន ៕ ម៉ែវ សាធី

 


ចែករំលែក៖