ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់ដីធ្លីរ៉ាំរ៉ៃជិត១០ឆ្នាំរវាងប្រជាពលរដ្ឋ២៥៧គ្រួសារ នឹងយោធាបញ្ជាការដ្ឋានរថក្រោះប្រចាំស្រុកព្រះនេត្រព្រះត្រូវបានដោះស្រាយ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃជិត១០ឆ្នាំមកហើយ ដែលមានការចម្រូងចម្រាស់រវាងប្រជាពលរដ្ឋ២៥៧គ្រួសារ និងយោធាបញ្ជាការដ្ឋានរថក្រោះ នៃអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទនូវទំហំផ្ទៃដីជាង៥០ហិកតា ស្ថិតនៅ ទីតាំងឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យសម្របសម្រួល និងដោះស្រាយបញ្ហាទំនាស់នោះបានចប់រួចរាល់នោះហើយ ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យមានការកាត់ក្បាលដីដែលមានទំនាស់ប្រគល់ឱ្យប្រជាពលរដ្ឋ ដែលធ្លាប់បានធ្វើអាស្រ័យផលលើផ្ទៃដីដែលពួកគាត់ធ្លាប់កាត់កាប់។

IMG_9885

ប្រជាពលរដ្ឋ២៥៧គ្រួសារត្រូវបានបែងចែក និងប្រគល់ជាប្រភេទដីឡូត៍ក្នុងមួយគ្រួសារទទួលបានទំហំ៣០ម៉ែត្រគុណ៣០ម៉ែត្រ។ ប្រជាពលរដ្ឋទទួលបានការដោះស្រាយ២៥៧គ្រួសារ ពួកគាត់មកពីចំនួន៦ភូមិ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

IMG_9887

នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ក៏បានធ្វើពិធីប្រគល់លិខិតកាន់កាប់ដីស្របច្បាប់ ជូនដល់ប្រជាពលរដ្ឋខាងលើ នៅបញ្ជាការដ្ឋានកងរថក្រោះ នៃស្រុកព្រះនេត្រព្រះនោះតែម្តង ។

IMG_9894

លោសួន បវរ អភិបាលបន្ទាយមានជ័យបានមានប្រសាសន៍ឱ្យដឹងថា នេះជាការដោះស្រាយប្រកបដោយភាពជោគជ័យរបស់អាជ្ញាធរ ខេត្តបន្ទាយមានជ័យដែលបានព្យាយាមសម្របសម្រួលរវាងភាគីប្រជាពលរដ្ឋ នឹងខាងយោធា ធ្វើយ៉ាងណាឱ្យភាគីទាំងពីរមានការយោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក ទើបធ្វើឱ្យការដោះស្រាយនោះសម្រេចបានលទ្ធផលជាផ្លែផ្កា ។

IMG_9889

លោកភិបាលខេត្តបញ្ជាក់ឱ្យដឹងទៀតថា វាជាការពិតនោះហើយការដោះស្រាយបញ្ហាទំនាស់ដីធ្លីនៅខេត្តបន្ទាយមានជ័យសំខាន់លើភាគីទំនាស់ត្រូវមានឆន្ទៈដោះស្រាយ និងទទួលស្គាល់នូវអ្វីដែលជាភាពពិតប្រាកដ និងគ្មានអ្នកញុះញង់នៅពីក្រោយខ្នង។ បើសិនភាគីទំនាស់គ្មានឆន្ទៈ ដោះស្រាយ និងមិនទទួលស្គាល់នូវភាពពិតប្រាកដនៃរឿងទំនាស់នោះ គឺអាជ្ញាធរខេត្តមិនអាចដោះស្រាយបញ្ហាទំនាស់ដីធ្លីនោះបានទេ ពីព្រោះបញ្ហាទំនាស់ដីធ្លីវាជារឿងស្មុគស្មាញ។

IMG_9890

សូមបញ្ជាក់ថា បញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋខាងលើ នឹងយោធាបញ្ជាការដ្ឋានកងរថក្រោះនៅស្រុកព្រះនេត្រព្រះ ជាចំណុចរសើបដែលគណបក្សប្រឆាំងធ្លាប់យកបញ្ហាទំនាស់ដីធ្លីនៅតំបន់នោះឃោសនាដើម្បីរកសម្លេងឆ្នោតក្នុងសកម្មភាពកេងចំណេញផ្នែកនយោបាយ ក្នុងដំណាក់កាលនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៣កន្លងទៅនោះ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ នៅស្រុកព្រះនេត្រព្រះ ការបោះឆ្នោតក្នុងដំណាក់កាលនោះ ត្រូវបានប្រជាជនបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះផងដែរ ៕ សំ វិច្ឆិកា

IMG_9895


ចែករំលែក៖