ព័ត៌មានទាន់ហេតុការណ៍៖

ទំនិញខូចគុណភាពជិត៦០គីឡូក្រាមត្រូវសមត្ថកិច្ចកាំកុងត្រូលចាប់យកបាននៅផ្សាររមាស ស្រុកទឹកផុស

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ទំនិញខូគុណភាពចំនួន៥ប្រភេទត្រូវបាន សមត្ថកិច្ចកាំកុងត្រូលខេត្តកំពង់ឆ្នាំងធ្វើការដកហូតពីម្ចាស់អាជីវករ ដែលបានដាក់តាំងលក់នៅផ្សារមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ កិច្ចប្រតិបត្តិការចុះដកទំនិញខូចគុណភាពនេះ គឺធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ដឹកនាំដោយលោកយីវ ណារិន ប្រធានសាខាកាំកុងត្រូលខេត្ត សហការជាមួយនិងមន្ទីរពាណិជ្ជកម្មខេត្ត និង អាជ្ញាធរស្រុកទឺកផុស ។

លោកយីវ ណារិនប្រធានសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ដើម្បីធានានូវសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ចកាំកុងត្រូលខេត្តកំពង់ឆ្នាំង តែងតែបានចុះជាប្រចាំនៅតាមទីផ្សារនានាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យគុណភាពទំនិញ ដែលអាជីវករកំពុងដាក់លក់ ។ ការពិនិត្យគុណភាពទំនិញនេះ សមត្ថកិច្ចពិនិត្យទៅលើ កម្រិតកាលបរិច្ឆេទរបស់ទំនិញ ប្រភពទំនិញ ទំនិញកំប៉ុងកំពិត មានច្រេះនៅលើសំបកកំប៉ុង ហើយប្រសិនបើការពិនិត្យរកឃើញថា ទំនិញដែលអាជីវកដាក់លក់ ហួសកំណត់នៃការប្រើប្រាស់ កំប៉ុងមានច្រេះ និង កំពិត គ្មានប្រភពច្បាស់លាស់ នោះសមត្ថកិច្ចនឹងធ្វើការដកហូតយកទៅកំទេចចោល និងធ្វើកិច្ចសន្យាអោយជីវកបញ្ឈប់សកម្មភាពលក់ដូរទំនិញដែលខូចគុណភាពទាំងនេះអោយទៅប្រជាពលរដ្ឋ ព្រោះវាធ្វើអោយប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ។

លោកប្រធានសាខាបានអោយដឹងទៀតថា ក្រៅពីពិនិត្យទំនិញដែលខូចគុណភាព នោះសមត្ថកិច្ចជំនាញរបស់កាំកុងត្រូលបានធ្វើការ ផ្សព្វផ្សាយ អោយអាជីវក រៀបចំទំនិញដាក់លក់អោយត្រូវទៅតាមប្រភេទនៃទំនិញ និង ណែនាំអោយអាជីវករចេះមើលការបរិច្ឆេទទំនិញផងដែរ ។

លោកយីវ ណារិន បានអោយដឹងថា ការចុះត្រួតពិនិត្យទំនិញនាពេលនេះ គឺអាជីវក សមត្ថកិច្ចបានរកឃើញទំនិញដែលខូចគុណភាពចំនួន៦មុខ មានដូចជាទឹកផ្លែឈើ និង គ្រឿងទេស ដូចជាទឹកប៉េងប៉ោះ ទឹកម្ទេស ទឹកដោះគោខាប់ ។ ទំនិញដែលប្រមូលបានទាំង៥ប្រភេទមានចំនួន៨៩ដប ស្មើនឹង៥៧,៦គីឡូក្រាម ទំនិញទាំងនេះត្រូវបានសមត្ថកិច្ចធ្វើការដកហូតយកទៅកំទេចចោល ៕ ចន្ថា


ចែករំលែក៖