ព័ត៌មានទាន់ហេតុការណ៍៖

ទំនិញគេចពន្ធនិងចំណីអាហារខូចគុណភាពហូរចូលតាមច្រកព្រំដែនចាំយាមកាន់តែច្រើនសង្ស័យឃុបឃិតគ្នាជាមួយសមត្ថកិច្ច

ចែករំលែក៖

ខេត្តកោះកុង ៖ ប្រភពព័ត៌មានបែកធ្លាយបានឲ្យដឹងថា បច្ចុប្បន្នច្រកព្រំដែនជាច្រើនកន្លែងក្នុងខេត្តកោះកុង សំខាន់ច្រកចាំយាម នៅតែត្រូវក្រុមឈ្មួញប្រើប្រាស់សម្រាប់នាំចូលទំនិញគេចពន្ធ និងចំណីអាហារខូចគុណភាពយ៉ាងពេញបន្ទុកគ្មានញញើតអ្វីទាំងអស់ ព្រោះតែពួកគេបានចរចាត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចប្រចាំច្រកមួយនេះ ។

ប្រជាពលរដ្ឋបានរិះគន់ មន្ត្រីកាំកុងត្រូល និងប្រធានច្រកប្រចាំច្រកទ្វារអន្តរជាតិចាំយាមថា នៅតែឃុបឃិតឲ្យឈ្មួញនាំចូលសាច់មាន់ សាច់ជ្រូក ស្លាបមាន់ ជង្គង់មាន់ និងប្រហិតជាច្រើនប្រភេទដោយគ្មានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវនោះទេ ខណដែលមុខទំនិញនាំចូលទាំងនោះភាគច្រើនខូចគុណភាព និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកបរិភោគ ។

ចំណែកប្រភពពីមន្ត្រីបម្រើការងារនៅច្រកចាំយាម បានឲ្យដឹងថា មន្ត្រីកាំកុងត្រូលប្រចាំច្រកចាំយាម ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតគឺជាអ្នកឃុបឃិតគ្នាឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ក៏ដូចជាចំណីអាហារខូចគុណភាពនិងមានផ្ទុកសារធាតុគីមីយ៉ាងពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន ។ប៉ុន្តែប់តាមការឲ្យដឹងមន្ត្រីកាំកុងត្រូលនិងសមត្ថកិច្ចប្រចាំច្រកចាំយាមគឺ មិនចាត់វិធានការត្រួតពិនិត្យគុណភាពទំនិញមុនពេលអនុញ្ញាតឲ្យឈ្មួញនាំចូលនោះទេ គឺពួកគេតម្រូវឲ្យឈ្មួញបង់លុយតាមការកំណត់។ ដូច្នេះហើយទើបឈ្មួញច្រើននាក់នៅតែបន្តសកម្មភាពនាំចូលទំនិញគេចពន្ធ និងចំណីអាហារខូចគុណភាពមានលាយសារធាតុគីមីមកលក់ចែកចាយពេញទីផ្សារស្រុកខ្មែរ បំផ្លាញសុខភាពពលរដ្ឋខ្មែរយ៉ាងកំរោល។

ទន្ទឹមនោះនៅច្រកប៉ាក់ខ្លង និងច្រកដទៃទៀតក៏ឈ្មួញអាចនាំចូលទំនិញគេចពន្ធ និងចំណីអាហារមានលាយសារធាតុគីមីយ៉ាងពេញបន្ទុកដែរ ដោយសារមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីគយនិងមន្ត្រីកាំកុងត្រូល។

ដោយឡែក លោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង បានរងការចោទថា គាត់ជាមន្ត្រីទី១ ដែលបានឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងគឃ្លើនដោយគ្មានញញើតអ្វីទាំងអស់ ៕ សហការី


ចែករំលែក៖