ព័ត៌មានទាន់ហេតុការណ៍៖

ទ្រី តារាវុធ បានការសរសើរខ្លាំងលើវេទិកាប្រកួតបវរកញ្ញា Miss Universe Cambodia 2019

ចែករំលែក៖

ភ្នំពេញ ៖ តារាសម្តែង និងពិធីករវ័យក្មេង លោកទ្រី តារាវុធស្រាប់តែបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងព្រឹត្តិការណ៍ប្រកួតកញ្ញាឯក Miss Universe Cambodia 2019 កាលពីថ្មីៗនេះ ។ តារារូបនេះ ទទួលបានការកោតសរសើរខ្លាំងពីសំណាក់ទស្សនិកជន ហើយក៏ត្រូវបានគេហទំព័រល្បីល្បាញមួយលើកយកមកបង្ហាញដល់មហាជនផងដែរ ។

ក្រោយពីបញ្ចប់ការប្រកួត Freshie Boy ដោយទទួលបានចំណាត់ថ្នាក់លេខ១​រួចមក ទ្រី តារាវុធ កាន់តែក្តាប់បានឱកាសសិល្បៈយ៉ាងណែនដៃ ទាំងតំណែងជាតួឯកក្នុងភាពយន្តភាគ ភាពយន្តខ្នាតធំ និងការងារជាពិធីករក្នុងកម្មវិធីនានាជាច្រើនផងដែរ ។ ចុងខែមីនាកន្លងទៅតារាប្រុសរូបនេះត្រូវបានអ្នកផលិតកម្មវិធី Miss Universe Cambodia 2019 ជ្រើសរើសជាពិធីកររួមជាមួយពិធីការិនីជើងចាស់កញ្ញា ខៀវ សានសាណា ។

តារាប្រុសរូបនេះបញ្ជាក់ថា លោកពិតជាសប្បាយរីករាយ ដែលទទួលបានឱកាសដ៏ធំមួយនេះ ហើយក៏ជាអ្វីដែលលោកនឹកស្រមៃជាយូរមកហើយ ហើយលោកក៏សប្បាយចិត្តខណៈដែលគេហទំព័រស្រីស្រស់ ប្រុសស្អាត ASEAN Beauty Pageant បានបង្ហាញរូបលោកជាធារណៈជាផ្លូវការផងដែរ ។

លោកបញ្ជាក់ដែរថា ក្រោយពីទទួលបានឱកាសនេះអ្វីដែលលោករំភើបផងដែរនោះគឺការរួមការងារជាពិធីការិនីរាមច្បងអ្នកនាងខៀវ សានសាណា ។ ទោះបីជា រវល់ខ្លាំង និងការងារថតកុនក៏លោកនៅតែប្រឹងប្រែងឆ្លៀត និងព្យាយាមបំពេញការងារមួយនេះឲ្យទទួលបានជោគជ័យ ព្រោះនៅថ្ងៃប្រារព្វកម្មវិធីលោកត្រូវថតភាពយន្តរយៈពេលស្ទើរពេញមួយយប់ និងត្រូវបន្តធ្វើដំណើរមកពីខេត្តបាត់ដំបង ដែលជាទីតាំងថតមកសមឆាក និងប្រារព្វកម្មវិធីផ្សាយបន្តផ្ទាល់ដ៏ធំមួយនេះ ។

ក្រោយប្រឡូកនឹងការងារជាពិធីករក្នុងកម្មវិធីដ៏សម្បើមមួយនេះ លោកកាន់តែមានភាពជឿជាក់ខ្លាំង និងការងារជាពិធីករ ហើយលោក ក៏រំពឹងដែរថា វាក៏ជាឱកាសឈោងចាប់ការងារសិល្បៈថ្មីបន្តបន្ទាប់ក្នុងពេលខាងមុខនេះផងដែរ៕ វឌ្ឍនា


ចែករំលែក៖