ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារពិភពលោកផ្តល់ប្រាក់ ២០០ពាន់លានដុល្លារសម្រាប់សកម្មភាពទប់ទល់បម្រែបម្រួលអាកាសធាតុសកល

ចែករំលែក៖

ធនាគារពិភពលោក កាលពីថ្ងៃទី៣ ខែធ្នូនេះ ទើបតែបានប្រកាសគម្រោងផ្តល់ទឹកប្រាក់រហូតដល់២០០ពាន់លានដុល្លារ សម្រាប់សកម្មភាពទប់ទល់បម្រែបម្រួលអាកាសធាតុ រយៈពេលពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ។ ធនាគារពិភពលោក និយាយថា នេះជាចំនួនទឹកប្រាក់កើនឡើងទ្វេដង ពីចំនួនទឹកប្រាក់រយៈពេល៥ឆ្នាំរបស់ខ្លួននាពេលកន្លងមក ហើយថា សកម្មភាពរបស់ខ្លួនស្របតាមគោលដៅអង្គការសហប្រជាជាតិ ដែលកំពុងជំនួបប្រជុំរវាងប្រទេសប្រមាណ២០០ ជុំវិញពិភពលោក នៅក្នុងប្រទេសប៉ូឡូញ ដែលសម្រេចផ្តោតគោលដៅសំខាន់ប្រឆាំងបម្រែបម្រូលអាកាសធាតុ ហើយក៏ជាសញ្ញាណដ៏សំខាន់ ផ្ញើទៅកាន់សហគមន៍ពិភពលោក ដែលត្រូវតែចូលរួមសកម្មភាពដូចគ្នា ។

តាមតួលេខថ្មីបំផុតរបស់ OECD បានឲ្យដឹងថា បណ្តាប្រទេសរីកចម្រើនក្នុងពិភពលោក និងបណ្តាក្រុមហ៊ុនធំៗ បានសន្យាបង្កើនការចំណាយរហូតដល់១០០ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០១០ ដើម្បីប្រឆាំងបម្រែបម្រួលអាកាសធាតុ ។ ប្រាក់ចំណាយនេះបានកើនឡើង ដោយក្នុងឆ្នាំ២០១៦ មានតែ៤៨.៥ពាន់លានដុល្លារ ហើយនៅឆ្នាំ២០១៧ មាន៥៦.៧ពាន់លានដុល្លារ ។

សេចក្តីប្រកាសរបស់ ធនាគារពិភពលោក បញ្ជាក់ថា ក្នុងចំនួនទឹកប្រាក់២០០ពាន់លានដុល្លារ ដែលចំណាយលើសកម្មភាពទប់ទល់បម្រែបម្រួលអាកាសធាតុ ក្នុងនោះ មាន១០០ពាន់លានដុល្លារ ជាថវិការបស់ធនាគារពិភពលោក ហើយថា មូលនិធិ ចំនួនមួយភាគបីបន្ថែមទៀត នៅតែផ្តល់ជូនដោយទីភ្នាក់ងារធនាគារពិភពលោក ដែលជាមូលនិធិឯកជនសេសសល់ ហើយត្រូវបានគៀងគរដោយក្រុមធនាគារពិភពលោក ។

ប្រធានធនាគារពិភពលោក John Roome បានព្រមានថា ប្រសិនបើយើងមិនកាត់បន្ថាយ ការសាយភាយ និងបង្កើតភាពបន្សាំនៅពេលឥឡូវនេះទេ យើងប្រហែលមានប្រជាជននៅលើពិភពលោក១០០លាននាក់ទៀតរស់នៅក្នុងភាពក្រីក្រ ។

លោក Roome បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា យើងបានដឹងដែរថា រហូតមកដល់ពេលនេះ មិនទាន់បានដោះស្រាយបញ្ហាអាកាសធាតុនេះបានបានដិតដល់នៅឡើយទេ នៅលើតំបន់ចំនួនបី គឺអាហ្វ្រិក, អាស៊ីខាងត្បូង និងអាមេរិក-ឡាទីន ដែលមានជនភៀសខ្លួនដោយសារតែអាកាសធាតុប្រែប្រួល មានរហូតដល់១៣៣លាននាក់នៅក្នុងតំបន់ទាំងនោះ ៕ ម៉ែវ សាធី


ចែករំលែក៖