ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារ BSP បោះជំហានចូលតំបន់អាស៊ីអាគ្នេយ៍

ចែករំលែក៖

ភ្នំពេញ៖ ធនាគារប៉ាស៊ីហ្វិកខាងត្បូង(BSP)ដែលជាធនាគាឈានមុខក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង បានប្រកាសពីក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីរបស់ខ្លួននៅរាជធានីភ្នំពេញគឺBSP Finance (Cambodia) Plcនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ។

លោក រ៉ូប៊ីនហ្វ្លេមីង (Robin Fleming) អគ្គនាយកក្រុមហ៊ុន BSP គ្រុបបានបញ្ជាក់ថា ក្រុមហ៊ុន BSPបានបញ្ចប់ជាស្ថានពរនូវការចូលភាគហ៊ុនក្នុងក្រុមហ៊ុនអ អឹម អេ គ្រុប(RMA Group) កាលពីខែឧសភាឆ្នាំ២០១៧ហើយក្រុមហ៊ុននេះត្រូវបានផ្លាស់ប្តូរឈ្មោះទៅជាBSP Finance (កម្ពុជា)ម.ក វិញ។ លោកបញ្ជាក់ដែរថា វត្ថុបំណងរបស់ក្រុមហ៊ុនBSP និងដៃគូគឺបង្កើន និងអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជាដោយផ្តោតទិសដៅលើផ្នែកចំណេញ និងចំណែកទីផ្សារ។ BSP Finance (កម្ពុជា)ម.ក នឹងផ្តល់នូវសេវាកម្មហិរញ្ញវត្ថុនានា ដូចជាជូលដើម្បីទិញ ភតិសន្យា ដើម្បីក្លាយជាកម្មសិទ្ធិ និងភតិសន្យាហិរញ្ញវត្ថុ។ លោកសង្ឃឹមថាបទពិសោធន៍របស់ក្រុមហ៊ុននៅកម្ពុជានឹងជួយឲ្យក្រុមហ៊ុនកាន់តែរឹងមាំ ស្របពេលដែលការសម្លឹងមើលអាជីវកម្មបន្ថែមក្នុងតំបន់ទន្លេមេគង្គ ដោយមិនត្រឹមតែផ្តល់ហិរញ្ញបទានទ្រព្យសកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចផ្តល់នូវសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀតផងដែរ។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខាងលើ គឺលោក កូស្តាស កុងស្តង់ទីនូ(Sir Kostas Constantinou)មានប្រសាសន៍ថា ការវិនិយោគនេះនឹងរួមចំណែកចែករំលែកបទពិសោធន៍នៅក្នុងប្រទេសក៏ដូចជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍អាជីវកម្មរួមគ្នាជាមួយដៃគូ។ លោកបញ្ជាក់ថា BSPគឺជាស្ថាប័នហិរញ្ញវត្ថដែលមានទុនរឹងមាំ មានការគោរព និងទទួលផលចំណេញក្នុងប្រទេសប៉ាពូញូវហ្គីនា និងតំបន់ប៉ាស៊ីហ្វិក។ ប្រាក់ចំណេញក្រោយការកាត់ពន្ធរបស់ក្រុមហ៊ុនេះមានចំនួន១៧៥លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៦ ហើយគណនីតុល្យការមានចំនួន៣៦០០លានដុល្លារអាមេរិក គ្រាដែលមូលធនទីផ្សារមានចំនួនដល់ ១២៣០លានដុល្លារអាមេរិក។ លោក និងថ្នាក់គ្រប់គ្រងក្រុមហ៊ុនរំពឹងដែរថានឹងទទួលបានផលចំណេញសម្រាប់ឆ្នាំ២០១៨ ហើយការបង្កើតក្រុមហ៊ុនBSP Finance (កម្ពុជា)ម.ក នឹងផ្តល់លទ្ធភាពដល់ក្រុមហ៊ុន BSPអាចពង្រីកសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួនទៅក្នុងវិស័យនេះកាន់តែច្រើនថែមទៀតនៃសេដ្ឋកិច្ចរបស់កម្ពុជា និងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕ វឌ្ឍនា


ចែករំលែក៖