ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាក់ភ្លៀងមួយមេលាយឡំជាមួយខ្យល់កន្ត្រាក់បណ្តាលផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នងរងការប៉ើងដំបូល និងដួលរលំ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្សសត្វ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ភ្លៀងធ្លាក់មួយមេដើមខែពិសាខជារដូវវស្សាផងនោះលាយឡំជាមួយខ្យល់កន្ត្រាក់ផងដែរ បណ្តាលឲ្យផ្ទះរបស់ប្រជាពលរដ្ឋចំនួន៤ខ្នង រងការខូចខាតប៉ើងដំបូល និងដួលរំលំ សំណាងល្អមិនមានបង្កគ្រោះថ្នាក់អាយុជីវិតមនុស្សណាម្នាក់ឡើយ។

ហេតុការណ៍ភ្ញាក់ផ្អើលប៉ើងដំបូលផ្ទះ និងដួលរលំផ្ទះពលរដ្ឋ កាលពីវេលាម៉ោង០៦ និង៤៥នាទីល្ងាច ថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្នុងភូមិក្រាំងត្រឡាច និងភូមិក្រាំងក្រូច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រជាពលរដ្ឋឈ្មោះគង់សំណាង ហៅត្រេនមុខរបរលក់បន្លែរស់នៅក្នុងភូមិក្រាំងត្រឡាច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺបាននិយាយប្រាប់ក្រុមអ្នកព័ត៌មានឲ្យដឹងថា នៅពេលម៉ោងប្រហែល៤រសៀល មានសភាពខ្មៅស្រអាប់ខ្លាំង ហើយមួយសន្ទុះក្រោយមក ក៏ស្រាប់តែធ្លាក់ភ្លៀងខ្លាំងលាយឡំជាមួយខ្យល់កន្ត្រាក់ផងដែរនោះធ្វើឲ្យផ្ទះបាយរបស់គាត់(ផ្ទះនៅខាងក្រោយ)ដួលរលំរាបដល់ដី ហើយផ្ទះតៀមរបស់គាត់បានរំកិលទៅក្រោយជាង១ម៉ែត្រទៀតផង បណ្តាលឲ្យបែកពាងទឹកអស់ចំនួន០៣ និងខូចខាតសម្ភារមួយចំនួនទៀតផងដែរ។

មន្ត្រីនគរបាលស្រុកសំរោងទងបាននិយាយឲ្យដឹងថានៅល្ងាចថ្ងៃទី០៨ ខែមេសា កន្លងទៅមានភ្លៀងធ្លាក់ខ្លាំង និង ខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន០២ភូមិ គឺភូមិក្រាំងត្រឡាច និងភូមិក្រាំងក្រូច ខួចខាតផ្ទះមានចំនួន ០៤ ខ្នង ។

មន្ត្រីនគរបាលដដែលបានបន្តថា នៅក្នុងភូមិភូមិក្រាំងត្រឡាចផ្ទះរងការខូចខាតអស់ចំនួន ០៣ ខ្នងដែលទី០១ ផ្ទះតៀមធ្វើអំពីឈើ មានទំហំ ៥ម៉ែត្រគុណ និង៦ ម៉ែត្រ ជញ្ជាំងបាំងស្លឹក ដំបូលប្រក់ស័ង្កសី (របើកដំបូលទាំងស្រុង) ម្ចាស់ផ្ទះឈ្មោះ បា រីម ភេទស្រី អាយុ៦២ឆ្នាំ ទី០២

ផ្ទះតៀមធ្វើអំពីឈើ មានទំហំ ៤ម៉ែត្រគុណ៥ម៉ែត្រ ជញ្ជាំងបាំងស័ង្កសី ដំបូលប្រក់ស័ង្កសី (របើកដំបូលទាំងស្រុង) ម្ចាស់ផ្ទះឈ្មោះ គង់ សំណាងហៅត្រេន ភេទប្រុស អាយុ៣៨ឆ្នាំទី០៣

ផ្ទះតៀម មានទំហំ ៥ម៉ែត្រគុណ៨ម៉ែត្រជញ្ជាំងថ្ម ដំបូលប្រក់ក្បឿង (របើកដំបូលពាក់ កណ្តាល) ម្ចាស់ផ្ទះឈ្មោះ ខាប អឿន ភេទប្រុស អាយុ៥១ឆ្នាំ និងផ្ទះដែលរងការខួចខាតទី០៤ស្ថិតនៅក្នុង ភូមិក្រាំងក្រូច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺចំនួន ០១ ខ្នងទៀតនោះផ្ទះខ្ពស់ មានទំហំ ៦ម៉ែត្រគុណ និង៦ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងបាំងក្តា ដំបូលប្រក់ស័ង្កសី (របើកដំបូលទាំងស្រុង) ម្ចាស់ផ្ទះឈ្មោះ គុយ ថុន ភេទប្រុស អាយុ៥៩ឆ្នាំរស់នៅក្នុងភូមិ ឃុំខាងលើ ប៉ុន្តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតសត្វឡើយ ។ បន្ទាប់ពីមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ផងដែរនោះ ប្រជាពលរដ្ឋបានរាយការណ៍ទៅមេភូមិ មេឃុំ និងឃើញលោកអភិបាលស្រុកចុះទៅពិនិត្យមើលដែរ ប៉ុន្តែមិនទាន់ឃើញមាននាំយកសម្ភារឬថវិការផ្តល់ដល់ពលរដ្ឋរងគ្រោះនោះឡើយ៕ សេនា សក្តិ


ចែករំលែក៖