ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាយរឿងមន្ត្រីនគរបាលនាយកដ្ឋានទេសចរណ៍ក្រសួងមហាផ្ទៃ និងអង្គភាពនគរបាលទេសចរណ៍ខេត្តសៀមរាបផ្តិតមេដៃប្តឹងប្រធាននាយកដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ មន្ត្រីនគរបាលនាយកដ្ឋានក្រសួងមហាផ្ទៃជាង៦០នាក់ និងមន្ត្រីនគរបាលអង្គភាពទេសចរណ៍ប្រចាំខេត្តសៀមរាបបាននាំគ្នាតវ៉ាផ្តិតមេដៃប្តឹង

ប្រធាននាយកដ្ឋានក្នុងភាពមិនប្រក្រតី។ នេះបើយោងតាមប្រភពព័ត៌មានក្រៅផ្លូវការក្នុងលក្ខខណ្ឌមិនបញ្ចេញ ឈ្មោះកាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៧ ។

ប្រភពដដែលបន្តថា លោក សំ ស៊ីយ៉ាន ជាប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ក្រសួងមហាផ្ទៃទើបបានមកកាន់តំណែងជាប្រធាននាយកដ្ឋាននេះជាង១ឆ្នាំ។ ក្រោយពីលោកបានមកកាន់តំណែងនេះភ្លាមបញ្ហាជាមួយមន្ត្រីថ្នាក់ក្រោមបានកើតមានឡើងជាហូរហែ ជាពិសេសបញ្ហាមិនប្រក្រតីរឿងលុយអបហារដែលកាត់មកពីក្រសួងទេសចរណ៍ដែលខាងក្រសួងធ្លាប់បានសន្យាថាផ្តល់អបហារជូន១ដុល្លារឲ្យមកនាយកដ្ឋាននគរបាលទេសចរណ៍ក្នុងភ្ញៀវទេសចរម្នាក់ ហើយលុយអប្បហារនេះមិនដឹងជាទើរនៅត្រឹមណាទេ ។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា អ្វីដែលមន្ត្រីទាំងនោះទ្រាំលែងបានហើយនាំគ្នាសម្រេចចិត្តប្តឹងនេះដោយសារសកម្ម ភាពមិនប្រក្រតីក្នុងការដឹកនាំរបស់ប្រធាននាយកដ្ឋានប្រកាន់បក្ខពួកគាបសង្កត់ ថវិការបស់មន្ត្រីអសកម្មមិនបានមកបំពេញ ការងារជាប្រចាំនៅអង្គភាពការិយាល័យគឺគេបានកាត់ទុកបម្រើផលប្រយោជន៍ខ្លួនឯង ថែមទាំងជំរុញឲ្យមន្ត្រីមកបម្រើការងារទាំងតក់ក្រហល់រួមទាំងការដាក់វិន័យមកលើមន្ត្រីដោយមិនសមហេតុផលជាដើម។ ជាក់ស្តែងលោកនាយរងការិយាល័យម្នាក់ក៏ត្រូវបានបញ្ជូនឲ្យទៅដាក់វិន័យនៅឯ ក្រុមប្រឹក្សាវិន័យក្រសួងមហាផ្ទៃផងដែរ ដោយសារតែលោកនាយរងរូបនេះមិនសូវចេះរណេបរណបមេនាយកដ្ឋាន ។

ប្រភពដដែលក៏បានសង្កាត់ធ្ងន់ថា តាំង ពីនាយកដ្ឋាននគរបាលទេសចរណ៍បាន បង្កើតមកនៅក្នុងអំឡុងឆ្នាំ២០០២ មាន ប្រធាននាយកដ្ឋាន៣រូបហើយមិនដែល មានបញ្ហាណាមួយជាមួយមន្ត្រីក្រោមឱវាទនោះទេដែលកាលណោះលោកសំ ស៊ីយ៉ាន ជាប្រធានអង្គភាពនគរបាលទេសចរណ៍ខេត្តសៀមរាប។ បច្ចុប្បន្នលោក សំ ស៊ីយ៉ាន បានកាន់តំណែងជាប្រធាននាយកដ្ឋាន ទេសចរណ៍ក្រសួងមហាផ្ទៃភ្លាមបញ្ហាកាន់តែកើតមានឡើងជាហូរហែ ។

ប្រភពព័ត៌មានសូមមិនបញ្ចេញឈ្មោះបានបង្ហើបថា បញ្ហាលុយអប្បហារនេះខាង រដ្ឋមន្ត្រីក៏បានជំរុញឲ្យអគ្គស្នងការនគរ បាលជាតិដោះស្រាយតាមសម្រួលបើមិនដូច្នេះទេនោះបញ្ហានេះនិងដាក់ជូននាយករដ្ឋមន្ត្រី។ ជាមួយគ្នាផងដែរប្រភពពីមន្ត្រី ម្នាក់បាននិយាយថា ជុំវិញបញ្ហាខាងលើ នេះបានដល់ដៃលោក ហ៊ឹម យ៉ាន អគ្គស្នង ការរងរួចហើយ។ តែលោកហ៊ឹម យ៉ាន សន្យាថានឹងដោះស្រាយជូនដល់មន្ត្រីរងគ្រោះក្នុងជំហានទី២។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះលោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិបានទទួលទូរស័ព្ទកាលពីថ្ងៃទី២៤ ខែមេសា តែលោកពុំបានឆ្លើយតបនោះទេ។ លោកបានបិទទូរស័ព្ទភ្លាមៗនៅពេលឮសំណួរជុំវិញបញ្ហានេះ។ ចំណែកលោក សំ ស៊ីយ៉ាន ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ក៏ពុំបានទទួលទូរស័ព្ទផងដែរ ព្រោះទូរស័ព្ទ របស់លោកជាប់រវល់។

ដោយឡែកលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបាន បញ្ជាក់ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំក២០១៧ថា បញ្ហានេះ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានប្រគល់ភារកិច្ចទៅឲ្យអគ្គស្នងការរងទទួលបន្ទុកផែនគឺលោក ហ៊ឹម យ៉ាន ដើម្បីកោះហៅប្រជុំ ដោះស្រាយតែមិនដឹងថា គាត់បានប្រជុំ ដោះស្រាយហើយឬនៅទេ?

ជុំវិញបញ្ហាប្តឹងផ្តល់នេះលោកនាយ ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទិ្ធ បានបន្តថា លោកពុំដឹងច្បាស់នោះទេ តែលោកគ្រាន់តែដឹងថាបងប្អូនថ្នាំងថ្នាក់មិនគោរពសិទ្ធិការងារគាត់ និងរបៀបរបបការងារដូចជាការដោះស្រាយការងារអ្វីគឺមិនធ្វើតាមឋានានុក្រមមិនមានរឿងអ្វីធំដុំនោះទេ។ ពោលគឺបញ្ហាផ្ទៃក្នុងរបស់នាយកដ្ឋាន ៕ តាឡឹម

 


ចែករំលែក៖