ព័ត៌មានទាន់ហេតុការណ៍៖

ធ្វើសកម្មភាពឆក់កាបូបលុយប្តីប្រពន្ធ២នាក់កំពុងជិះម៉ូតូពុំបានសម្រេចត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាលៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូនបាននគរបាលចាប់ខ្លួន បន្ទាប់ពីក្រុមជនសង្ស័យខាងលើបានធ្វើសកម្មភាពឆម់កាបូបលុយប្ដីប្រពន្ធ២នាក់កំពុងជិះម៉ូត តែពុំបានសម្រេចនោះទេ ។ ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង៩និង៣៧នាទី ថ្ងៃព្រហស្សតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ២៧-២៨ ស្ថិតក្នុងភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ ឡេង ចាន់វិរះបុត្រ ភេទប្រុសអាយុ១៥ឆ្នាំ ជនជាតិខ្មែរ រីឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនមានឈ្មោះ សឿង នេត ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ ។ ជនសង្ស័យទាំង២នាក់មានទីលំនៅភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ សេន ម៉ាត់ ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរឥស្លាម និងម្នាក់ទៀតឈ្មោះ លី ហាទីនី ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិអុីស្លាម មុខរបរ លក់សាំង ។ ជនរងគ្រោះទាំង២នាក់ត្រូវជាប្តីប្រពន្ធនឹងគ្នាមានទីលំនៅភូមិ៣ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធបានជិះម៉ូតូឌុបគ្នា ចេញពីស្ថានីយ៍លក់ប្រេងរបស់ខ្លួននៅក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ដោយស្ត្រីរងគ្រោះជាប្រពន្ធបានកាន់កាបូបដាក់លុយចំនួន៥០០០ដុល្លារសហរដ្ឋអាមេរិកដើម្បីយកទៅទូទាត់ថ្លៃទិញប្រេងសាំងរបស់ក្រុមហ៊ុននៅម្តុំផ្សារព្រែកព្នៅ ។ លុះធ្វើដំណើរដល់ចំនុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យគ្នា២នាក់ជិះម៉ូតូឌុបគ្នា បានជិះតាមម៉ូតូជនរងគ្រោះពីក្រោយ រួចបានធ្វើសកម្មភាពគៀម៉ូតូជនរងគ្រោះ បន្ទាប់មកជនសង្ស័យឈ្មោះ ឡេង ចាន់វិរៈបុត្របានយកជើងស្តាំរបស់ខ្លួនធាក់ម៉ូតូរបស់ជនរងគ្រោះបំណងឲ្យដួល ភ្លាមនោះក៏លូកដៃឆក់កាបូបពីជនរងគ្រោះតែមិនដល់ រួចក៏ទាញអាវជនរងគ្រោះដែលជាប្រពន្ធបណ្តាលឲ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូមកលើថ្នល់ជាតិ ទទួលរងរបួសយ៉ាងដំណំ ខណៈនោះជនសង្ស័យឈ្មោះឡេង ចាន់វិរៈបុត្រ បានលោតចុះពីលើម៉ូតូស្ទុះទៅទាញកាបូបលុយពីជនរងគ្រោះ ដោយមានការប្រទាញប្រទង់គ្នាទៅវិញទៅមក ភ្លាមនោះជនសង្ស័យបានដាល់ទៅលើជនរងគ្រោះជាប្តីមួយដៃចំភ្នែកខាងឆ្វេង រួចក៏បបួលគ្នាជិះម៉ូតូគេចខ្លួន ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំង២នាក់បានដាក់ពាក្យបណ្ដឹងទៅកាន់ប៉ុស្តិ៍រដ្ឋបាលពញាឮដើម្បីជួយអន្តរាគមន៍ចាប់ខ្លួន។ ក្រោយពីនគរបាលបានទទួលពាក្យបណ្ដឹងជនរងគ្រោះ ភ្លាមនោះក៏ស្រាវជ្រាវមុខសញ្ញារហូតចាប់ខ្លួនជនសង្ស័យម្នាក់យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖