ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងប៉ោយប៉ែតបញ្ជូនជនសង្ស័យប្រុសស្រី៣នាក់ទៅស្នងការខេត្តបន្ទាយមានជ័យពីបទ ចែកចាយថ្នាំញៀន

ចែករំលែក៖

ប៉ោយប៉ែតៈ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បញ្ជូនជនសង្ស័យប្រុស ស្រី៣នាក់ចែក ចាយថ្នាំញៀនទៅស្នងការខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧។

លោកវរៈសេនីយ៍ទោធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថាៈ ជនសង្ស័យពាក់ពន្ធចែកចាយថ្នាំញៀន ដែលកម្លាំងចុះប្រតិបត្តិការនោះមានឈ្មោះ ហ៊ុន វ៉ាន់ ភេទស្រី អាយុ២៧ឆ្នាំ(អ្នកចែកចាយ) ឃាត់ខ្លួននៅចំណុចចំការស្វាយ ឋិតក្នុងសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង៥និង២៥នាទីល្ងាច ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ រកឃើញវត្ថុតាងថ្នាំញៀនចំនួន២កូនថង់តូច។

លោកបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចជំនាញសាកសួរស្រ្តីខាងលើ បានចម្លើយ កម្លាំងនគរបាលបានឈានទៅឃាត់ខ្លួនជនសង្ស័យប្រុស ស្រី២នាក់ទៀត មានឈ្មោះ សេង ជា ភេទប្រុស អាយុ៤៤ឆ្នាំ និងឈ្មោះ តាំង ចន្ធូ ភេទស្រី អាយុ៣៧ឆ្នាំ នៅចំណុច ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រឹបអូសវត្ថុតាងរួមមានថ្នាំញៀនប្រភេទ(WY)ចំនួន៦១៥គ្រាប់ និងម្សៅក្រាមពណ៌ សមានទម្ងន់ប្រហែល១ខាំ ទូរសព្ទ័ដៃម៉ាកណូគា៣គ្រឿង ទូរស័ព្ទម៉ាកសាំសុង១គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង ម៉ូតូឌ្រីមសង់១គ្រឿង ពាក់ស្លាកលេខ 1P-1062។

ជនសង្ស័យក្រោយពីកសាងសំណុំរឿងរួចរាល់ ពួកគេទាំងបីនាក់បានឆ្លើយសារភាពថា ពិតជាបានប្រព្រឹត្តចែកចាយដូចសមត្ថកិច្ចចោទសួរមែន។

លោកអធិការក្រុងប៉ោយប៉ែតបញ្ជាក់បន្ថែមថា ជនសង្ស័យចែកចាយថ្នាំញៀនប្រុស ស្រីទាំងបីនាក់ ក្រោយពីកម្លាំងជម្នាញបានសាកសួរកសាងសំណុំរឿងរួចរាល់ បញ្ជូនទៅស្នងការខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ដើម្បីចាត់ការតាមផ្លួវច្បាប់៕ វណ្ណា


ចែករំលែក៖