ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តបន្ទាយមានជ័យបង្រ្កាបរថយន្តស្លាកលេខ (ខ.ម) ចង្កូតស្តាំម៉ាកហ្វត១គ្រឿងខុសច្បាប់ នាំពីប្រទេសថៃចូលប្រទេសកម្ពុជា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលស្រុកថ្ម ពួកអនុវត្តតាមបទបញ្ជាផ្ទាល់ ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបង្រ្កាបរថយន្តស្លាកលេខ (ខ.ម) ចង្កូតស្តាំម៉ាកហ្វត១គ្រឿងខុសច្បាប់ នាំពីប្រទេសថៃចូលប្រទេសកម្ពុជា គ្រាដែលរថយន្តនោះ បើកចេញពីច្រករបៀងព្រំដែនបើករត់គេចពីកម្លាំងសមត្ថកិច្ចពួមស្ទាក់ជ្រុលធ្លាក់ចូលប្រឡាយទឹកទៅមុខលែងរួច ចំណែកម្ចាស់រថយន្តនោះវិញ បានរត់គេចខ្លួនបាត់។

ការបង្រ្កាបបានធ្វើឡើងកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥៦A នៅភូមិភ្នំថ្មី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ រថយន្តម៉ាកហ្វតស៊េរីឆ្នាំ២០១៦ ស្លាកលេខខេមរភូមិន្ទ ២-៩១១០ បានរងការបង្រ្កាបក្នុងវិធានការបង្ការទប់ស្កាត់នៃការនាំចូលរថយន្តចង្កូតស្តាំគេចពន្ធខុសច្បាប់ គ្រាដែលសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមានការទប់់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ហើយសម្តេច ក៏បាបញ្ជាឲ្យបិតច្រករបៀងខុសច្បាប់ទាំងអស់នោះផងដែរ ពីព្រោះថាច្រករបៀងជាប្រភពនៃការប្រព្រឹត្តបទល្មើសខុសច្បាប់។

រថយន្តចង្កូតស្តាំត្រូវបានច្បាប់ប្រទេសកម្ពុជាហាមឃាត់មិនឲ្យប្រើប្រាស់នោះឡើយ វាជាផ្នែកមួយបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នោះផងដែរ ពីព្រោះប្រទេសកម្ពុជាក្នុងច្បាប់ចរាចរណ៍ត្រូវប្រើប្រាស់រថយន្តចង្កូតឆ្វេងហើយត្រូវប្រកាន់ស្តាំ។

បើតាមការបញ្ជាក់ឲ្យដឹងពីនគរបាលកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រថយន្តខាងលើត្រូវបានក្រុមជនខិលខូចនាំពីប្រទេសថៃ ចូលប្រទេសកម្ពុជាតាមច្រករបៀងនៅក្នុងស្រុកស្វាយចេកឬស្រុកថ្មពួក កម្លាំងនគរបាលកំពុងតាមដានស្រាវជ្រាវស៊ើបអង្កេតដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យដែលលួចនាំចូលរថយន្តចង្កូតស្តាំខុសច្បាប់។ រថយន្តខាងលើត្រូវបានយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការយកទៅចាត់ការតាមនីតិវិធី៕ សំ វិច្ឆិកា


ចែករំលែក៖