ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ក្រោយពីជនរងគ្រោះប្តឹងចោទពីបទលួចអំបោះក្នុងរោងចក្រ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វេីសកម្មភាពលួចយកអំបោះក្នុងរោងចក្រ​ ដែលមានយីហោ​ ហ្គោលឌិនបេស ស្ថិតក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ហេីយត្រូវបានរដ្ឋបាលរោងចក្រដឹងអំពីសកម្មភាពពួកគេទេីបប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនកាលពីវេលាម៉ោង២រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះនៅក្នុងរោងចក្រតែម្តង។

ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ តន រស្មី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងទី២ឈ្មោះ ប៊ុន សុភ័ក្រ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនឯកជន យាមនៅរោងចក្រហ្គោលឌិនបេស ស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ។ ចំណែកដើមបណ្តឹងឈ្មោះ សេង សំរេចវិសាល ភេទប្រុស អាយុ៣០ឆ្នាំ ជារដ្ឋបាលរោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

តាមមន្ត្រីនគរបាលបានឲ្យដឹងថា យោងតាមបណ្តឹងជនរងគ្រោះ ជារដ្ឋបាលរោងចក្រ ចោទប្រកាន់ទៅលើជនសង្ស័យទាំង២នាក់សហការរួមគ្នាធ្វើសកម្មភាពលួចអំបោះចំនួន២លើក សរុប៧០កាតុង គិតជាទឹកប្រាក់ជាង៥០០០ដុល្លារ ទើបកម្លាំងនគរបាលចុះទៅឃាត់ខ្លួននៅរសៀលថ្ងៃទី១០ ខែកញ្ញានេះតែម្តង។

ជនសង្ស័យត្រូវបានឃាត់ខ្លួននាំទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលចោមចៅទី១ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌអនុវត្តបន្តតាមនីតិវិធី ៕

ដោយ​៖ សុខាសែនជ័យ​


ចែករំលែក៖