ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនមនុស្ស៥នាក់ករណីប្រើប្រាស់គ្រឿងញៀននិងជាមុខសញ្ញាកាច់សោកម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនសង្ស័យ៥នាក់ ជាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាកាច់សោកម៉ូតូយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ បានជាបន្តបន្ទាប់កាលពីម៉ោង ២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្លូវបេតុងភូមិអរគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យទាំង៥នាក់ ដែលឃាត់ខ្លួន៖

១ ឈ្មោះ គង់ សារី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ (ឃាត់នៅផ្លូវ១០១៩ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដកហូតឧបករណ៍ឆ្កឹះសោម៉ូតូមួយឈុតជាប់ខ្លួនជិះម៉ូតូឌុប)។

២ ឈ្មោះ យស់ វុទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល លេខ៤ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

៣ ឈ្មោះ នី សីហា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ៦ ផ្លូវលំ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

៤ ឈ្មោះ ពេជ្រ មករា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

៥ ឈ្មោះ ធី ចំរើន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ទាំង៤នាក់ឃាត់នៅផ្លូវបេតុងក្នុងសង្កាត់អូរបែកក្អមខណ្ឌសែនសុខ ដកហូតឧបករណ៍កាច់ក និងឆ្កឹះសោម៉ូតូចំនួន២ឈុត ម៉ូតូ២គ្រឿង ម៉ាកឌ្រឹមសង់សេ១២៥ ពណ៌ខ្មៅ សេរី២០១៥មួយគ្រឿង និងម៉ាកវ៉េវអាល់ហ្វាពណ៌ក្រហមមួយគ្រឿង)។

សមត្ថកិច្ចឲ្យដឹងថា មុនឃាត់ខ្លួនក្រុមខាងលើ ខណៈដែលកម្លាំងប៉ុស្តិ៍ល្បាតក្នុងមូលដ្ឋានបានឃើញក្រុមសង្ស័យខាងលើជិះម៉ូតូឌុបគ្នាតាមផ្លូវបេតុងដោយសង្ស័យក៍ឃាត់ធ្វើការត្រួតពិនិត្យក៍ឃើញដែកកែឆ្នៃដែលជាឧបករណ៍សំរាប់កាច់កនិងឆ្កឹះសោរម៉ូតូនៅជាប់ខ្លួនជនខាងលើក៍ឃាត់យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួរ និងបានធ្វើតេស្តទឹកនោមដើម្បីរកសារធាតុញៀនក្រោយពិនិត្យទៅលើទឹកនោមឃើញថា ជនសង្ស័យទាំង៥នាក់នេះ មានផ្ទុកនូវសារធាតុញៀនក្នុងទឹកនោមទាំងអស់សមត្ថកិច្ច ក៏ឃាត់ខ្លួនដោយចោទពីបទជាមុខសញ្ញាកាច់សោកម៉ូតូ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

តាមការឃាត់ខ្លួន វុត្ថុតាង និងធ្វើតេស្តទឹកនោមរកសារធាតុញៀនជនសង្ស័យបានសារភាពថា ឧបករណ៍កែច្នៃសម្រាប់កាច់ក និងឆ្កឹះសោរម៉ូតូជារបស់ពួកខ្លួនមែននិងមុនចេញធ្វើសកម្មភាព តែងតែប្រើប្រាស់គឿងញៀន ហើយបានចេញលួច ប៉ុន្តែខណៈជិះម៉ូតូដើរមើលមិនទាន់បានលួចផង ក៏ជួបសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ កំពុងឃាត់ខ្លួនសាកសួរបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕ តុង សីហា


ចែករំលែក៖