ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបង្ក្រាបឡានដឹកឈើក្បែរច្រមុះបរិស្ថានបាន២គ្រឿង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបង្ក្រាបឡានដឹកឈើខុសច្បាប់ចំនួន២គ្រឿង បន្ទាប់ពីស្រាវជ្រាវដឹងថា ជាការដឹកដោយគ្មានច្បាប់អនុញ្ញាត ។ ក្រោយពីដឹងថា ត្រូវសមត្ថកិចឃាត់តៃកុងឡានបានចុះរត់គេចខ្លួនបាត់ បន្សល់តែវត្ថុតាងឡាន និងឈើនៅនឹងកន្លែងត្រូវបានសមត្ថកិច្ចរៀបចំឯកសារប្រគល់ឲ្យមន្ទីរបរិស្ថានគ្រប់គ្រងតាមនីតិវិធី ។

ការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង១និង៣៩នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

បើតាមមន្ត្រីនគរបាលមួយរូបបានឲ្យដឹងថា ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកម្លាំង ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជាមួយកម្លាំងការិយាល័យប្រឆាំង ភេវរកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដឹកនាំដោយលោកវរសេនីយ៍ឯក ពីង ពៅ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះស្រាវជ្រាវការដឹកជញ្ជូនឈើដោយខុសច្បាប់របស់ក្រុមឈ្មួញនៅចំណុចខាងលើ។

បន្ទាប់ពីចុះស្រាវជ្រាវ សមត្ថកិច្ចបានប្រទះឃើញឡាន២គ្រឿង ដឹកឈើចេញពីដែនគ្រប់គ្រងដោយមន្ត្រីបរិស្ថាននៅជិតស្នាក់ការតែម្តង ។ ដោយដឹងថា តៃកុងឡានបានចុះរត់គេចខ្លួនបាត់បន្សល់តែវត្ថុតាងនៅកន្លែង ។

លោកវរសេនីយ៍ឯក ​ពីង ពៅ នាយការិយាល័យបានឲ្យដឹងដែរថា នៅព្រឹកថ្ងៃដដែល រថយន្ត២គ្រឿង ដែលដឹកផលអនុផលព្រៃឈើត្រូវបានរកឃើញថា ការដឹកគឺគ្មានលិខិតអនុញ្ញាត ពីសមត្ថកិច្ច និងមន្ត្រីជំនាញឡើយ ។ ឈើទាំងអស់ជាប្រភេទឈើខ្វាវ ជាក្តារប្រវែង៦ម៉ែត្រចំនួន២៥២សន្លឹក និងក្តារប្រវែង៨ម៉ែត្រ ចំនួន៤៤សន្លឹក ជាខ្នៀប ប្រវែង៨ម៉ែត្រ ចំនួន២០ដើម ខ្នៀប ប្រវែង៦ម៉ែត្រ ចំនួន៩៩ដើម។

ក្រោយពិនិត្យ និងបំពេញឯកសារសមត្ថកិច្ចរបស់លោកបានសហការប្រគល់ជូនកម្លាំងឧទ្យានុរក្សឧទ្យានជាតិគីរីរម្យ បន្តនីតិវិធី ។

មានការលើកឡើង ក៏ដូចជារិះគន់យ៉ាងខ្លាំងទៅលើមន្ត្រីឧទ្យានុរ័ក្សដែលប្រចាំការនៅចំណុចខាងលើថា អសមត្ថភាពក្នុងការរបង្ការ ទប់ស្កាត់បទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង ជាពិសេសគឺប្រធានមន្ទីរបរិស្ថានតែម្តង ។ លើសពីនេះ ទៅទៀតគេមិនដែលឃើញអស់លោកមន្ត្រីឧទ្យានុរ័ក្សទាំងនោះ បង្ក្រាបបទល្មើសព្រៃឈើក្នុងដែនសម្ថកិច្ចគ្រប់គ្រងរបស់ខ្កួនម្តងណាឡើយ ។ សង្ស័យតែអស់លោកទាំងនោះ បានទទួលលាភសក្ការពីក្រុមឈ្មួញឈើប្រចាំតំនប់នោះហើយមើលទៅ ទើបបានជាមិនដែលមានសកម្មភាពបង្ក្រាបម្តងណាសោះ ។ មានការលើកឡើងទៀតថា ថ្នាក់លើគួរតែបង្កើតក្រុមការងារស៊ើបអង្កេតលើមន្ត្រីឧទ្យានុរ័ក្ស នៅតំបន់ខាងលើម្តង ហើយបើបណ្តែតបណ្តោយតទៅទៀតព្រៃឈើ នៅតំបន់គិរីរម្យច្បាស់ជារលាយហិនហោចជាក់ជាមិនខានឡើយ ៕ សេនាស័ក្តិ


ចែករំលែក៖